សម្តេចតេជោ កម្ពុជារំពឹងទុកថា អត្តពលិកជនមានពិការភាពកម្ពុជាអាចទទួលបានមេដាយមាសត្រឹម៨ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានថ្លែងទៅកាន់អត្តពលិកជនមានពិការភាពកម្ពុជាទាំងអស់បើទោះបីមិនទទួលបានមេដាយ ឬបានមេដាយ ក៏កុំបាក់ទឹកចិត្តឱ្យសោះ។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) សរុបជិត ៦ពាន់នាក់ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ថា៖ «ទោះបីបានឬមិនបាន ប៉ុន្តែក្មួយ កូនៗកុំបាក់ទឹកចិត្ត កីឡាវាមានឈ្នះ មានចាញ់អ៊ីចឹងហើយ ប៉ុន្តែអ្វីដែលសំខាន់ធ្វើឱ្យបានល្អគឺក្នុងនាមជាម្ចាស់ផ្ទះតំណាងឱ្យ ១៧លាននាក់នៅពីក្រោយខ្នងគឺត្រូវធ្វើឱ្យបានល្អ»។

សម្តេចបានណែនាំឱ្យអត្តពលិកជនមានពិការភាពកម្ពុជាត្រូវខិតខំជាបន្តទៀត។ សម្តេចថ្លែងថា៖ «ទោះបីកម្ពុជាឈរចំណាត់ថ្នាក់លេខប៉ុន្មាន អាហ្នឹងរឿងឈ្នះ រឿងចាញ់ រឿងធំរបស់កម្ពុជាគឺធ្វើម៉េចគឺចាត់តាំងការប្រកួតមួយដែលធានាសាមគ្គីភាពសម្រាប់ប្រជាជនអាស៊ាន ៦០០លាននាក់ជាង ត្រូវថែទាំកីឡាករអាស៊ានឱ្យបានល្អ»។

បើតាមសម្តេចតេជោ កម្ពុជារំពឹងទុកថា អត្តពលិកជនមានពិការភាពកម្ពុជាអាចទទួលបានមេដាយមាសត្រឹម៨ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ យ៉ាងណាសម្តេចតេជោបានកោតសរសើរដល់អត្តពលិកបាល់ទាត់ពិការភ្នែកដែលអាចរកបាល់ឃើញ និងស៊ុតចូលទីបានល្អក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

គិតមកថ្ងៃទី០៥ ខែមិថុនា កម្ពុជាឈរលំដាប់លេខរៀងទី៨ ដែលទទួលបានមេដាយសរុបចំនួន៨ គឺមេដាយមាស២ មេដាយប្រាក់២ និងមេដាយសំរឹទ្ធ៤ ខណៈប្រទេសឥណ្ឌូណេស៊ី ឈរលេខរៀងទី១ ដែលទទួលបានមេដាយច្រើនជាងគេ។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ការទទួលធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺយើងបានរួមចំណែកក្នុងការបំពេញតួនាទីជាសមាជិកដែលមានការទទួលខុសត្រូវរបស់អាស៊ាន ទៅលើកិច្ចការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ហើយរួមចំណែកទៅដល់ការពង្រឹងវិស័យកីឡា យើងមិនមែនធ្វើម្ចាស់ផ្ទះត្រឹមតែសម្រាប់ប្រជាជនខ្លួនឯង ទាំង១៧លាននាក់ទេ យើងមានភារកិច្ច និងធ្វើការសម្របសម្រួល ពង្រឹងទំនាក់ទំនងក្នុងចំណោមប្រជាជនជាង៦០០លាននាក់ របស់អាស៊ាន…!»។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ គឺជាកាតព្វកិច្ចរបស់សមាជិកអាស៊ានទាំងអស់។

ចំពោះការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានរំលឹកឱ្យដឹងថា សម្តេចបានស្នើសុំព្យារពេលធ្វើជាម្ចាស់ផ្ទះប្រកួតកីឡានេះ ដោយសារតែគ្រានោះកម្ពុជា​ត្រូវការថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យរួមនឹងសមិទ្ធផលផ្សេងៗទៀត។ ប៉ុន្តែ សម្រាប់ឆ្នាំ២០២៣នេះ គឺដល់ពេលវេលាដែលកម្ពុជា អាចមានលទ្ធភាពរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមបានហើយ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print