ភ្នំពេញ៖ ច្រាច់ – Oval-leafed pondweed, pickerel weed៖ មានឈ្មោះវិទ្យាសាស្ត្រ Pontederia vaginalis Burm.f. ជារុក្ខជាតិ ដុះដោយឯកឯង នៅតាមវាលស្រែក្នុងរដូវវស្សា ដែលប្រជាជនខ្មែរនិយមយកមកធ្វើជាបន្លែ វាមានប្រភពដើម នៅអាស៊ីខាងត្បូង និងផ្នែកអាគ្នេយ៍ អូស្ត្រាលីខាងជើង។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា តាមការដកស្រង់ចេញពីសៀវភៅមគ្គុទេសក៏ស្តីពីបន្លែនៅប្រទេសកម្ពុជា លក្ខណៈរូបសាស្ត្រ៖ តិណជាតិ (herbaceous) ដើមដុះត្រង់ទៅលើ មានកម្ពស់៥-៥០ស.ម មានក្តៀងខ្លីៗក្នុងដី។ ស្លឹកតូចវែង ឬរីកធំប៉ោងនៅផ្នែកគល់ រួមស្រួចនៅផ្នែកលើ។ កញ្ចុំផ្កាជាចង្កោម (raceme) មានផ្កាតិច។ ទងផ្កាមានប្រវែង២-១០ម.ម។ ផ្កាមានបរិបុប្ផា perianth ប្រវែង១០-១៥ម.ម ពណ៌ខៀវរាងស្វាយ កេសរឈ្មោលមាន៦ គឺ១វែង និង៥ខ្លី កេសរញី ៣រួមគ្នា (ovary 3-locular)។ ផ្លែជាកាប់ស៊ុល (capsule) ដល់ ពេលចាស់អាចបែកជា៣ផ្នែក។ គ្រាប់តូចៗ មូលទ្រវែង។
លក្ខណៈជីវសាស្ត្រ៖ រស់ច្រើនឆ្នាំ ដុះរហ័ស អាចរាតត្បាតរុក្ខជាតិឯទៀតក្នុងចម្ការ វាលស្រែ និងកន្លែងដក់ទឹក។
លក្ខណៈអេកូឡូស៊ី៖ ដុះលើដីតាមមាត់ទឹកបឹង ត្រពាំង ថ្លុក និងវាលស្រែនៅតំបន់ក្ដៅ។
ដោយឡែកការប្រើប្រាស់៖ ជាបន្លែ៖ ដើម និងស្លឹកធ្វើជាបន្លែស្ល និងអន្លក់។ ជាឱសថ៖ ស្លឹក និងឫស ច្របាច់យកទឹក សម្រាប់ព្យាបាលឈឺធ្មេញ និងក្អក៕ដោយ៖សហការី