ភ្នំពេញ ៖ នារីម្នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយធ្វើដំណើរដោយជិះម៉ូតូ តាមបណ្តោយមហាវិថី ម៉ៅសេទុង ខណៈមេឃកំពុងធ្លាក់ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បក់បោកដើមឈេីមួយដើម បាក់រលំសង្កត់ ដោយមែកឈេីមុតចំក្បាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ស្ថិតតាមបណ្តោយមហាវិថី ម៉ៅសេទុង ត្រង់ចំណុចក្បែវត្តទួលទំពូង ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ មិនស្គាល់ឈ្មោះនោះទេ ភេទស្រី តែធ្វើជាប្រុស អាយុប្រមាណ២៦ឆ្នាំ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មេឃកំពុងធ្លាក់ភ្លៀងលាយឡំខ្យល់កន្ត្រាក់ ហើយគេបានឃើញនារីជនរងគ្រោះបានជិះម៉ូតូមួុយគ្រឿង ម៉ាក ហុងដា វ៉េវ មិនចាំស្លាកលេខ បានធ្វើដំណើតាមបណ្តោយមហាវិថី ម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច ខណៈជនរងគ្រោះបានជិះម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់តែខ្យល់បានបក់បោក ដើមឈេី ដែលជាប្រភេទដើម ក្ងោក បាក់សំដៅទៅលើផ្លូវ សង្កត់ និង មុតចំក្បាលជនរងគ្រោះ បណ្តោយឲ្យរងរបួសធ្ងន់ បញ្ជូនទៅ កាន់មន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង បានចុះមកដល់ចំណុចកើតហេតុ រួចយកម៉ាសុីនអារឈឺ កាត់ដើមឈឺនោះ ដើម្បីសម្រួលចរាចរណ៍ដែលកំពុងកកស្ទះនៅត្រង់ចំណុចកើតហេតុ ។ ចំណែកម៉ូតូជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងជាបណ្តោះអាសន្ន៕ ដោយ រ៉ារ៉ា