ភ្នំពេញ ៖ ក្រុមចោរប្លន់មាសពេជ្រនៅផ្សារស្ទឹងមានជ័យកាលពីខែឧសភាកន្លងទៅគឺជាមុខសញ្ញាចាស់ដែលពួកគេធ្លាប់ប្រព្រឹត្តបែបនេះម្ដងរួចមកហើយ។ ពួកគេមិនញញើតក្នុងការប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើមមនុស្សទេ។ ពាក់ព័ន្ធនឹងករណីប្លន់មាសនៅផ្សារស្ទឹងមានជ័យចាស់តើពួកគេរៀបផែនការយ៉ាងដូចម្ដេចខ្លះ?
លោក អួង វុទ្ធា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៤ មិថុនា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យចំនួន៨នាក់ដែលជាមុខសញ្ញាប្លន់អាជីវករលក់មាសប្រាក់និងប្តូរប្រាក់នៅផ្សារស្ទឹងមានជ័យ ដាក់ពន្ធនាគារជាបណ្តោះ អាសន្ន ដោយពួកគេបានឆ្លើយសារភាពប្រាប់ពីរឿងរ៉ាវទាំងអស់ ។
ក្នុងនោះជនសង្ស័យ៦នាក់ រួមទាំងមេខ្លោងត្រូវបានចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សាបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ចំណែក២នាក់ទៀត ចោទ ប្រកាន់ពីបទទទួលផលចោរកម្មមានស្ថានទម្ងន់ទោស និងសន្និធិអាវុធគ្រឿងផ្ទុះប្រព្រឹត្តនៅខាងក្រោយផ្សារស្ទឹងមានជ័យចាស់ ភូមិថ្មី សង្កាត់មានជ័យ១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បទល្មើស ព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៨ មាត្រា ៣៥៣ មាត្រា ៣៥៧ និងមាត្រា ៤៩០ និងមាត្រា ៣៩៩មាត្រា៤០១នៃក្រមព្រហ្មទណ្ឌ ។
ជនសង្ស័យទាំង៨នាក់មាន ១-ឈ្មោះ គឹម សុធារ៉ា ហៅ គឹម ចិន្តា ហៅគឹម វាសនា ហៅផល ធារ៉ា ហៅ ផេង ហៅហ្វី និងហៅ៧៧ ភេទប្រុស អាយុ៤៤ឆ្នាំ (ជាមេក្លោង និងធ្លាប់ជាប់ពន្ធនាគារនៅខេត្តកំពតជាង១០ឆ្នាំពីបទ.ប្លន់) មានស្រុកកំណើតនៅភូមិអូរគ្រៀត ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង មុនពេលចាប់ខ្លួនស្នាក់នៅរាជធានីភ្នំពេញ ។
២-ឈ្មោះ សុខ សំណាង ហៅអាង ហៅ៥៥ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាអ្នកលក់ផ្លែឈើ(ជាជនដល់ដៃជិះម៉ូតូឌុបមេក្លោងធ្វើសកម្មភាព) មានស្រុកកំណើតនៅភូមិត្នោតជ្រុំ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ (ធ្លាប់ជាប់ពន្ធនាគារ) ។ ៣-ឈ្មោះ សួង សាន ហៅតាន់ ហៅម៉ៅ ហៅ៣៣ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុប (ជាជនដៃដល់) មានទីលំនៅភូមិជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ធ្លាប់ជាប់ពន្ធនាគារ) ។៤-ឈ្មោះ ចាន់ តាក់ ហៅជា ហៅ៦៨ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាជនដៃដល់) មានស្រុកកំណើតនៅភូមិបុស្សមន ឃុំរំដួល ស្រុករំដួល ខេត្តស្វាយរៀង មុនចាប់ខ្លួនស្នាក់ នៅភូមិ.សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្តាល (ធ្លាប់ជាប់ពន្ធនាគារ) ។
៥-ឈ្មោះយី បូឡី ហៅ៧៤ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូកង់បី (មានភារកិច្ចចាំឃ្លាំមើលជនរងគ្រោះ) មានទីលំនៅភូមិកំបូល ឃុំកំបូល ស្រុកអង្គស្នួល ខេត្តកណ្តាល មុនចាប់ខ្លួនស្នាក់នៅផ្ទះជួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។៦-ឈ្មោះ ម៉ៅ មន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរបោកអ៊ុតខោអាវ (មានភារកិច្ចរក្សាទុកអាវុធសម្រាប់ចេញប្លន់) មានស្រុកកំ ណើតនៅភូមិតាំងរលាំ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ៧-ឈ្មោះ ស៊ឹម ប៊ុនធឿន ហៅសុង ភេទប្រុស អាយុ៤៦ ឆ្នាំ មុខ របរមិនពិតប្រាកដ (មានភារៈកិច្ចចាំមើលផ្លូវជនរងគ្រោះ និងឲ្យជាសញ្ញាទៅបក្ខពួកធ្វើសកម្មភាព) មានស្រុកកំណើតនៅភូមិ-ឃុំ ស្រុកគិរីវង្ស ខេត្តតាកែវ និង៨-ឈ្មោះ កាយ គឹមលីន ហៅលីន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ទូរសព្ទ័ដៃ (ជាអ្នកចាំទទួលទិញផលចោរកម្ម) មានស្រុក កំណើតនៅភូមិ.ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មុនចាប់ ខ្លួនស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ជនសង្ស័យទាំងអស់បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចប្រហាក់ប្រហែលគ្នាថា ពួកគេគឺជាមុខសញ្ញាចាស់ ធ្លាប់ចូលរួមធ្វើសកម្មភាពប្លន់អាជីវករលក់មាស និងប្តូរប្រាក់នៅផ្សារស្ទឹងមានជ័យចាស់នេះម្តងរួចមកហើយ កាលពីជាង១៤-១៥ឆ្នាំមុន ។ ក្រោយពីធ្វើសកម្ម ភាពនោះមក ខ្លួះជាប់ពន្ធនាគារ ខ្លះរួចមកវិញ ប្រកបមុខរបររកស៊ីធម្មតា ប៉ុន្តែមកដល់ពេលថ្មីនេះមេក្លោងឈ្មោះ គឹម សុធារ៉ា ហៅហ្វី ហៅ៧៧ ជាអ្នកផ្តើមគំប្រម៉ែប្រមូលបក្ខពួកជាមុខសញ្ញាចាស់មកវិញ ដើម្បីរៀបផែន ការប្លន់អាជីវករលក់មាស និងប្តូរប្រាក់នៅផ្សារស្ទឹងមានជ័យចាស់ម្តងទៀត ។
តាមចម្លើយបន្តថា ពេលប្រមូលបានបក្ខពួកហើយ មេ ខ្លោងចាប់ផ្តើមដើររកទិញអាវុធខ្លីចំនួន៤ដើម សម្រាប់បំពាក់ឲ្យជនដៃដល់កាន់ពេលចេញធ្វើសកម្មភាពប្លន់ និងបានចាត់តាំងបក្ខពួក២នាក់ ម្នាក់ជាអ្នករត់ម៉ូតូកង់បី និងម្នាក់ជាអ្នករត់ម៉ូតូឌុបឲ្យទៅអង្គុយចាំនៅមុខផ្ទះមើលជនរងគ្រោះចេញចូល និងធ្វើជាសញ្ញា ដើម្បីឲ្យបក្សពួក៤នាក់ដែលជិះម៉ូតូ២គ្រឿង កាន់អាវុធគ្រប់ដៃចូលទៅប្លន់តែម្តង ។
គំរោងការបានរៀបចំរួចរាល់ហើយ ហើយក៏បានចេញទៅធ្វើសកម្មភាពតាមជំនាញរៀងខ្លួនចំនួន៤លើក ប៉ុន្តែមិនបានសម្រេច លុះចុងក្រោយលើកទី៥ គឺបានជោគ ជ័យនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។ នៅក្នុងសកម្មភាពភាពនោះពួកគេចំនួន៤នាក់ បានជិះម៉ូតូ២គ្រឿង និងរ៉ឺម៉កម៉ូតូចំនួន១គ្រឿង ប្រដាប់ដោយអាវុធខ្លីចំនួន៤ ដើមទៅធ្វើសកម្មភាពវាយ និងបាញ់គំរាមចំនួន២ គ្រាប់ប្លន់យកកាបូប ស្ពាយដែលមានមាសចំនួន១២ តម្លឹង ផ្លាកទីនទឹក៣ និងទឹក៧ចំនួន១០០ តម្លឹងប្រាក់ចំនួន១ ជាងលានរៀល ។ ជនរងគ្រោះក្នុងអំពើប្លន់នោះមានឈ្មោះ អ៊ន ហៀក ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅផ្ទះលេខ៧៨ ផ្លូវលំ ភូមិថ្មីសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បានរងរបួសផងដែរ ។
ពេលប្លន់បានសម្រេចហើយ ពួកគេនាំគ្នាជិះគេចខ្លួនទៅតាមបណ្តាខេត្ត ដំបូងចេញទៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដើម្បីយកកាំភ្លើងទៅលាក់ទុកផ្ទះបក្ខនៅទៅនោះ ។ បន្ទាប់មក ពួកគេក៏បានទាក់ទងទៅបក្សពួកដែលរង់ចាំទទួលទិញផលចោរកម្ម ឡើងពីខេត្តកំពង់ចាម មកជួបគ្នានៅភ្នំពេញ ទិញលក់គ្រឿងអលង្ការដែលប្លន់នោះ ។
ករណីខាងលើនេះ លោកវរៈសេនីយ៍ឯក ប៊ុន សត្យា នាយការិល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជន សង្ស័យទាំង៨នាក់ត្រូវបានកម្លាំងជំនាញរបស់លោកបានសហការជាមួយនគរបាលនៃស្នងការនគរបាលខេត្តកណ្តាល ខេត្តកំពង់ចាម និងស្នងការខេត្តកំពង់ស្ពឺស្រាវជ្រាវ និងបង្ក្រាបឈានទៅដល់ឃាត់ខ្លួនជាបន្ត បន្ទាប់ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧រហូតដល់ថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមជនសង្ស័យ បានធ្វើសកម្មភាពប្លន់អាជីវករលក់គ្រឿ ងអលង្ការនៅផ្សារស្ទឹងមានជ័យ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភាឆ្នាំ ២០២៣នោះ ។
យោងតាមចម្លើយ ជនសង្ស័យសុទ្ធសឹងជាមុខសញ្ញាចាស់ ធ្លាប់ធ្វើសកម្មភាព និងធ្លាប់ពន្ធនាគារពីបទប្លន់ ប្រដាប់ដោយអាវុធ ដែលចាត់ថា ពួកគេពិតជាមិនរាង ចាល ដូច្នេះពេលនេះគួតែច្បាប់តម្រូវដាក់ទោសទៅលើជនសង្ស័យទាំង៨នាក់នោះឲ្យបានធ្ងន់ធ្ងរជាទីបំផុត ៕ដោយ៖ សូរិយា