សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថាមនុស្សប្រហែល ៤២,០០០នាក់ត្រូវប្រឈមមុខនឹងហានិភ័យនៃទឹកជំនន់ នៅក្នុងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី និងអ៊ុយក្រែន នៅតាមដងទន្លេ ឌីនីប្រូ (Dnipro) បន្ទាប់ពីទំនប់វារីអគ្គិសនីមួយបានបាក់រលំដោយសារតែការបំផ្ទុះ ខណៈប្រធានទីភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិព្រមានអំពី «ផលវិបាកធ្ងន់ធ្ងរ»។
នៅក្នុងទីក្រុងខឺសុន (Kherson) ដែលមានចម្ងាយប្រហែល ៦០គីឡូម៉ែត្រពីទំនប់វារីអគ្គសនី កម្រិតទឹកបានជន់ឡើង ៣.៥ម៉ែត្រកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយបង្ខំ ឲ្យអ្នកស្រុកត្រូវដើរឆ្លងកាត់ទឹក រហូតដល់ត្រឹមជង្គង់ដើម្បីជម្លៀសចេញ។ ក្រុមមន្ត្រីអ៊ុយក្រែនបានប៉ាន់ប្រមាណថា មនុស្សប្រហែល ៤២,០០០នាក់កំពុងប្រឈមនឹង ហានិភ័យពីទឹកជំនន់ ដែលគេរំពឹងថានឹងកើនឡើងបន្ថែមទៀតនៅថ្ងៃពុធនេះ។
លោក ម៉ាទីន ហ្រ្គីហ្វហ្វីត (Martin Griffiths) ដែលជាប្រធានទីភ្នាក់ងារផ្តល់ជំនួយរបស់ UN បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ការបំផ្លិចបំផ្លាញលើទំនប់វារីអគ្គិសនីនេះ នឹងផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់មនុស្សរាប់ពាន់នាក់នៅឯភាគខាងត្បូងអ៊ុយក្រែន ទាំងនៅផ្នែកទាំងពីរនៃខ្សែត្រៀមជួរមុខ តាមរយៈការបាត់បង់ផ្ទះសម្បែង អាហារ ទឹកស្អាត សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ។
រុស្ស៉ី និងអ៊ុយក្រែនបានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ក្រោយទំនប់វារីអគ្គិសនី ណូវ៉ា កាខូវកា (Nova Kakhovka) ដែលមានកម្ពស់៣០ម៉ែត្រ និងបណ្តោយប្រវែង៣.២គីឡូម៉ែត្រ សាងសង់ឡើងកាលពីឆ្នាំ១៩៥៦ នៅលើទន្លេឌីនីប្រូ (Dnipro) បានរងនូវការបំផ្ទុះកាលពីថ្ងៃអង្គារសប្តាហ៍នេះ។
ទំនប់វារីអគ្គិសនីនេះស្តុកទឹកក្នុងបរិមាណស្មើទៅនឹង បឹង Great Salt Lake នៅឯរដ្ឋយូតា (Utah) របស់សហរដ្ឋអាមេរិក ហើយវាក៏ផ្គត់ផ្គង់ទឹកផងដែរ ទៅកាន់តំបន់គ្រីមៀ ដែលត្រូវបានរុស្ស៉ីក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ និងទៅកាន់ស្ថានីយថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរិចហ្ស៉ីយ៉ា (Zaporizhzhia) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី ដូចគ្នា៕
រូបថត: MAXAR