មនុស្ស៧នាក់ត្រូវបានផ្តន្ទាទោសពីបទរើសអើងជាតិសាសន៍ទៅលើខ្សែប្រយុទ្ធប្រេស៊ីល Vinicius Jr.
របស់ក្លិបអធិរាជស Real Madrid។ ក្នុងនោះបុរស៤នាក់ត្រូវបានពិន័យជាប្រាក់៦០,០០១អឺរ៉ូ និងត្រូវបានហាមឃាត់ក្នុងកីឡដ្ឋានរយៈពេល២ឆ្នាំសម្រាប់ការព្យួររូបចម្លាក់កីឡាករ Vinicius នៅជិតកន្លែងហ្វឹកហាត់របស់ Real Madrid កាលពីខែមករា។
បុរស ទាំង៤ នាក់ ត្រូវ បាន ចាប់ ខ្លួន កាលពី១១ថ្ងៃ មុន និង បាន ដោះលែង ឱ្យ នៅ ក្រៅ ឃុំ ដោយ តុលាការ ក្រុង Madrid ។មនុស្ស៣នាក់ផ្សេងទៀតត្រូវបានពិន័យជាប្រាក់ចំនួន៥,០០០អឺរ៉ូ និងត្រូវបានហាមឃាត់រយៈពេល១ឆ្នាំសម្រាប់ការធ្វើកាយវិការរើសអើងជាតិសាសន៍អំឡុងពេលការប្រកួតរបស់ Real Madrid នៅ Valencia កាលពីថ្ងៃទី២១ ខែឧសភា។
ប៉ូលិសបាននិយាយថា ពួកគេទាំង៣នាក់នោះមានអាយុចន្លោះពី១៨ទៅ២១ឆ្នាំ ហើយត្រូវបានឃុំខ្លួនពីរថ្ងៃបន្ទាប់ពីការប្រកួត។
គណៈកម្មការកីឡារបស់ប្រទេសអេស្ប៉ាញបានប្រកាសកាលពីថ្ងៃអង្គារថា ការដាក់ទណ្ឌកម្មនេះត្រូវបានផ្តល់ដោយគណៈកម្មាធិការរដ្ឋរបស់ប្រទេសអេស្ប៉ាញប្រឆាំងនឹងអំពើហិង្សា ការរើសអើងជាតិសាសន៍ ការប្រកាន់ពូជសាសន៍ និងការមិនអត់ឱនក្នុងវិស័យកីឡា។
ខ្សែប្រយុទ្ធ Vinicius ដែលទទួលបាន កាត ក្រហម សម្រាប់ ការ ប្រព្រឹត្ត អំពើ ហិង្សា ក្នុង ការ ប្រកួតជាមួយ Valencia ត្រូវ បានដកការពិន័យ ចេញវិញ ក្រោយ មក បាន និយាយ ថា លីគកអេស្ប៉ាញជា កម្មសិទ្ធិ របស់ អ្នក រើសអើង។
ប្រធាន La Liga លោក Javier Tebas និងការគ្រប់គ្រងរបស់លីកចំពោះឧប្បត្តិហេតុនេះត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយបន្ទាប់ពីគាត់បានប្រាប់ Vinicius នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “អ្នកត្រូវប្រាប់ខ្លួនអ្នកឱ្យបានត្រឹមត្រូវ” ។ ក្រោយមក Tebas បានសុំទោស Vinicius ដោយនិយាយថា គាត់មិនមានន័យថា វាយប្រហារកីឡាករអាយុ២២ឆ្នាំនោះទេ។
រដ្ឋាភិបាលប្រេស៊ីលបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវចំពោះការជេរប្រមាថជាតិសាសន៍ ហើយ La Liga បានប្រកាសថា ខ្លួននឹងស្វែងរកអំណាចដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីធានាថាវាអាចដាក់ទណ្ឌកម្មឧប្បត្តិហេតុបែបនេះ។
ប្រេស៊ីលនឹងប្រកួតមិត្តភាពជាមួយហ្គីណេ និងសេណេហ្គាល់ក្នុងទីក្រុង Lisbon នៅថ្ងៃទី១៧ និងថ្ងៃទី២០ ខែមិថុនាខាងមុខ ដែលជាផ្នែកនៃយុទ្ធនាការប្រឆាំងការរើសអើងជាតិសាសន៍ ៕ (រូបភាព ៖ BBC Sport)