ប្រជាពលរដ្ឋប្រមាណ ៩៦នាក់ បានអះអាងថា ពួកខ្លួនបានចាញ់បោក ឧកញ៉ា នួន អក សរុបទឹកប្រាក់ប្រមាណ ១,២៥៤,៥៩៩ ដុល្លារ

ចែករំលែក៖

ខេត្តកំពត : ប្រជាពលរដ្ឋប្រមាណ ៩៦នាក់ បានអះអាងថា ពួកខ្លួនបានចាញ់បោក ឧកញ៉ា នួន អក សរុបទឹកប្រាក់ប្រមាណ ១,២៥៤,៥៩៩ ដុល្លារ ដែលមានទីតាំងដីឡូត៍ នៅគម្រោងកំពតឋានសួគ៌ ស្ថិតក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ និងនៅគម្រោងកំពតហ្វរែស ក្នុងភូមិមានរិទ្ធ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត លើការទិញលក់ដីឡូត៍ ដែលមានលោកឧកញ៉ា នួន អក ជាម្ចាស់គម្រោង មិនព្រមចេញមុខមកទទួលខុសត្រូវ និងគោរពតាមកិច្ចសន្យា!

យោងតាមលិខិតរបស់ប្រជាពលរដ្ឋ តំណាងអោយ៩៦នាក់ សូមគោរពជូន លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត

កម្មវត្ថុ ៖ សំណើសុំកិច្ចអន្តរាគមន៍ និង ដោះស្រាយលើករណីឧកញ៉ា នួន អក កាន់អត្ត សញ្ញាណប័ណ្ណលេខ ០៣០៩៧៨៧១៦ ដែលមានទីលំនៅបច្ចុប្បន្ន ភូមិញរ សង្កាត់ កណ្ដោលជុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (លេខទូរស័ព្ទ៖ ០៦១ ៨៧៥ ៥៥៥៥) បានលក់ ដីឡូត៍ ឲ្យពួកយើងខ្ញុំ ស្ថិតនៅគម្រោងកំពតឋានសួគ៌ ក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹក ឈូ និងគម្រោងកំពតហ្វូរស ស្ថិតនៅក្នុងភូមិមានរិទ្ធ ឃុំកណ្តាល ស្រុកទឹកឈូ ខេត្ត កំពត ដែលមានឧកញ៉ា នួន អក ជាម្ចាស់គម្រោង មិនព្រមចេញមុខមកទទួលខុសត្រូវ និងគោរពតាមកិច្ចសន្យា។

យោង៖

– លិខិត និងឯកសារទិញ-លក់ រវាងអតិថិជនជាមួយក្រុមហ៊ុន ឧកញ៉ា នួន អក

– ឯកសារផ្ទេរប្រាក់តាមរយ:គណនីធនាគារ និងប្រាក់សុទ្ធ ជាមួយបង្កាន់ដៃទទួលប្រាក់ផ្សេងៗ

– ប្លង់អភិវឌ្ឍន៍នៃគម្រោងនានា, និង រូបភាពមួយចំនួន

– មូលប្បទានប័ត្រ គ្មានប្រាក់ ប្រគល់ឲ្យអ្នកវិនិយោគ

តបតាមកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំសូមគោរពជម្រាបជូន លោក អភិបាល នៃ គណៈអភិបាលខេត្ត មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ នៅឆ្នាំ២០១៨ ក្រុមហ៊ុន ឧកញ៉ា នួន អក បានបង្កើតគម្រោងដីឡូត៍កំពតឋានសួគ៌ ស្ថិតនៅក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ដោយ យើងខ្ញុំទាំងអស់គា្នចំនួន ៩៦ នាក់ បានជឿជាក់លើការផ្សព្វផ្សាយ និង ការឃោសនារបស់ក្រុមហ៊ុន ឧកញ៉ា នួន អក ថានឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នោះ ក៏ដូចជាបង្កើតឲ្យមានផ្លូវខ្វាត់ខ្វែង យើងខ្ញុំក៏បានទិញដីឡូត៍ និងខ្លះទៀតបានដាក់ថវិកាវិនិយោគជាមួយក្រុមហ៊ុន ឧកញ៉ា នួន អក ។ បន្តមកក្រុមហ៊ុន ឧកញ៉ា នួន អក ក៏បានបង្កើតគម្រោងកំពតហូរស ស្ថិតនៅក្នុងភូមិមានរិទ្ធ ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត មួយទៀត យើងខ្ញុំក៏នៅចូលរួមជាមួយក្រុមហ៊ុន ដោយទិញដីឡូត៍ និងដាក់ថវិកាវិនិយោគជាមួយ។

ចាប់តាំងពីក្រុមហ៊ុន ឧកញ៉ា នួន អក បានបង្កើតគម្រោងនេះ រហូតមកទល់បច្ចុប្បន្ន យើង ខ្ញុំពុំឃើញមានការអភិវឌ្ឍន៍អ្វីឡើយ យើងខ្ញុំបានស្នើសុំឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍ ដូចជា ចាក់ដី ធ្វើ ផ្លូវ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ប៉ុន្តែក្រុមហ៊ុនបាន គេចវេស មិនចេញមុខមកទទួលខុសត្រូវ និង គោរពតាមកិច្ចសន្យាឡើយ សូម្បីតែបុគ្គលិកនិងការិយាល័យច្បាស់លាស់របស់ក្រុមហ៊ុន ក៏បានបិទ ជាបន្តបន្ទាប់ និងមិនអាចទំនាក់ទំនងបានដែរ។

ជាក់ស្ដែងអតិថិជនខ្លះបានរងគ្រោះដោយសារក្រុមហ៊ុនដូចជា៖

១. អតិថិជនខ្លះ បានបង់ប្រាក់ហើយទទួលបានតែបង្កាន់ដៃមួយគត់ កិច្ចសន្យាក៏មិនធ្វើឲ្យ ដី ក៏មកដឹងនៅកន្លែងណា ក្រុមហ៊ុនចេះតែចង្អូរប្រាប់។

២. អតិថិជនខ្លះ បង់ប្រាក់ហើយទទួលបានបង្កាន់ដៃ ទទួលបានកិច្ចសន្យាទិញ-លក់ (មិន ទាន់ទទួលបានប្លង់ដី) ហើយមិនដឹងដីនៅកន្លែងណា ក្រុមហ៊ុនចេះតែចង្អុរប្រាប់។

៣. អតិថិជនខ្លះ បង់ប្រាក់ហើយទទួលបានបង្កាន់ដៃ ទទួលបានកិច្ចសន្យាទិញ-លក់ ទទួល បានប្លង់ដី តែមិនដឹងដីនៅកន្លែងណា ក្រុមហ៊ុនចេះតែចង្អូរប្រាប់។

៤. អតិថិជនខ្លះ បង់ប្រាក់ហើយទទួលបានបង្កាន់ដៃ ទទួលបានកិច្ចសន្យាទិញ-លក់ ទទួល បានប្លង់ដី ដឹងទីតាំងដី តែគ្មានការអភិវឌ្ឍន៍។

៥. អតិថិជនខ្លះ ដាក់ថវិកាវិនិយោគជាមួយក្រុមហ៊ុនខាតបង់ទាំងអស់។

៦. អតិថិជនខ្លះ ដាក់ថវិកាវិនិយោគជាមួយក្រុមហ៊ុន បានតែប្រាក់ដើមមកវិញ មិនមានផល ចំណេញ។

៧. អតិថិជនខ្លះ ដាក់ថវិកាវិនិយោគជាមួយក្រុមហ៊ុន ទទួលបានផលចំណេញ តែក្រុមហ៊ុន ឧកញ៉ា នួន អក ចេញមូលប្បទានប័ត្រគ្មានទឹកប្រាក់។

យើងខ្ញុំបានទុកឱកាសជាច្រើនលើកច្រើនសារអស់រយៈពេលពី ៣ ទៅ ៥ឆ្នាំមកហើយ

ក្រុមហ៊ុនឧកញ៉ា នួន អក នៅតែបន្តព្យាយាមគេចវេសកូតភរម្ដងហើយម្ដងទៀត ។ ទង្វើគ្មានការទទួលខុសត្រូវ និងរំលោភលើសេចក្ដីទុកចិត្តពីសំណាក់ក្រុមហ៊ុនឧកញ៉ា នួន អក បានធ្វើឲ្យយើងខ្ញុំជួបនូវវិបត្តិសេដ្ឋកិច្ច ខាតបង់ពេលវេលា បាតបង់សុភមង្គលគួសារ សេចក្តីសុខទាំងកាយនិងចិត្ត…។ល។

សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូមលោក អភិបាល នៃគណៈអភិបាលខេត្ត មេត្តាពិនិត្យ និងជួយអន្តរាគមន៍ កោះហៅ ឧកញ៉ា នួន អក ឲ្យចេញមុខមកទទួលខុសត្រូវ ដោះ ស្រាយជាមួយយើងខ្ញុំទាំងអស់គា្ន និងឲ្យគោរពតាមកិច្ចសន្យាក្រុមហ៊ុនគាត់ ដោយក្តីអនុគ្រោះ ។

យើងខ្ញុំមានមោទនភាព និងមានសេចក្តីសោមនស្សជាអនេកដែលបានលោក មកគ្រប់គ្រង ដឹកនាំនៅមូលដ្ឋានខេត្តកំពតនេះ។ វត្តមានរបស់ លោក អភិបាល នៃគណៈ អភិបាលខេត្ត បាននាំមកនូវ យុត្តិធម៌សង្គម សន្តិសុខ សណ្ដាប់ធ្នាប់ និងការអភិវឌ្ឍន៍ដ៏ប្រសើរ ស្របតាមយុត្តិសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងស្របតាមបំណងប្រាថ្នាដ៏ចាំបាច់របស់ ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា : ឈ្មោះ ឧកញ៉ា នួន អក នេះ ធ្វើនំអត់ម្សៅ គ្រប់ទីកន្លែង បោកប្រាស់ប្រជាពលរដ្ឋ ហើយព័ត៌មានចេញហូរហែ ហេតុអី ប្រជាពលរដ្ឋ នៅបន្តចាញ់បោកបុគ្គលនេះទៀត ៕ 

ដោយ : សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print