ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ របួសធ្ងន់ ៨នាក់ និងស្រាល ៥នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៧ ខែមិថុនា បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៨នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ០៩លើក មាន កត្តាល្បឿន ៣លើក មិនគោរពសិទ្ធ ៣លើក មិនប្រកាន់ស្តាំ ១លើក និងបត់គ្រោះថ្នាក់ ៤លើក។
ជាមួយគ្នានេះ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដែរថា ចំនួនគោលដៅសរុប ៦៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៣គ្រឿង ម៉ូតូ ២២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤គ្រឿង មានម៉ូតូចំនួន ៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
គួរជម្រាបដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កាលពីថ្ងៃទី០៦ ខែមិថុនាម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ ០៣នាក់ របួសធ្ងន់ ១១នាក់ និងស្រាល ០២នាក់ ។ហើយករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៦នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ០៩លើក មាន កត្តាល្បឿន ៤លើក មិនគោរពសិទ្ធ ១លើក បត់គ្រោះថ្នាក់ ២លើក ស្រវឹង ១លើក និងកត្តាអាកាសធាតុ ១លើក៕ដោយ៖សហការី