អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជួបពិភាក្សាទ្វេភាគីជាមួយនាយសេនាធិការ កងទ័ពហ្វីលីពីន

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ អង់ដ្រេ សង់ទីណូ នាយសេនាធិការ កងទ័ពហ្វីលីពីន នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណចំពោះកងទ័ពហ្វីលីពីន ដែលកន្លងមកផ្ដល់ការគាំទ្រដល់កងយោធពលខេមរភូមិន្ទទាំងផ្នែកស្មារតី និងសម្ភារៈជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ។ 

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្តថា កងយោធពលខេមរភូមិន្ទប្ដេជ្ញារក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរក្នុងការផ្លាស់ប្ដូរទស្សនកិច្ចគណៈប្រតិភូយោធា ផ្លាស់ប្ដូរទស្សនកិច្ចហ្វឹកហ្វឺន ផ្លាស់ប្ដូរអ្នកជំនាញ ព័ត៌មាន ឯកសារ សម្ភារៈ និងការចូលរួមសិក្ខាសិលានានាដែលបម្រើដល់ផលប្រយោជន៍រួមជូនប្រទេស ប្រជាជន និងកងទ័ពយើងទាំងពីរ។ 

ក្នុងកិច្ចជំនួបនោះ នាយឧត្ដមសេនីយ៍ នាយសេនាធិការកងទ័ពហ្វីលីពីន បានគូសបញ្ជាក់ថាប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យយោធានៃប្រទេសទាំងពីរឱ្យមានការរីកចំរើនមួយកម្រិតទៀត។ ក្នុងនោះ នាយឧត្ដមសេនីយ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយអគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ដែលបានទទួលបដិសណ្ឋារកិច្ចចំពោះឯកឧត្ដម និងក្រុមគ្រួសារប្រកបដោយភាពកក់ក្ដៅបំផុត ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានកាលពីឆ្នាំទៅមិញ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print