ជាលើកដំបូង អាស៊ាននឹងធ្វើសមយុទ្ធយោធារួមគ្នា នៅសមុទ្រចិនខាងត្បូង ក្នុងឆ្នាំនេះ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ឥណ្ឌូណេស៉ីនៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា អាស៊ាននឹងរៀបចំធ្វើសមយុទ្ធយោធារួមដំបូងបំផុតរបស់ខ្លួននៅឯតំបន់សមុទ្រចិនខាងត្បូង ខណៈដែលវានឹងជាសមយុទ្ធយោធាពហុភាគីថ្មីចុងក្រោយគេ ក្នុងគ្រាដែលភាពតានតឹងក៏ដូចជាភាពមិនច្បាស់លាស់កំពុងតែកើនឡើងនៅក្នុងតំបន់។

ការសម្រេចចិត្តប្រារព្ធសមយុទ្ធខាងលើ ត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំមួយរវាងមេបញ្ជាការយោធា នៃប្រទេសសមាជិកអាស៊ានទាំង១០ នៅឯប្រទេសឥណ្ឌូណេស៉ី ដែលឆ្នាំនេះមានតួនាទីជាប្រធានប្តូរវេន។ ឥណ្ឌូណេស៉ីនឹងធ្វើម្ចាស់ផ្ទះរៀបចំសមយុទ្ធយោធានោះនៅសមុទ្រណាទូណាខាងជើង (North Natuna Sea) ដែលជាដែនទឹកនៅចុងភាគខាងត្បូងនៃតំបន់សមុទ្រចិនខាងត្បូង។
មេបញ្ជាការយោធាឥណ្ឌូណេស៉ី លោក យូដូ ម៉ាហ្គោណូ (Yudo Margono) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សមយុទ្ធយោធារួមនឹងប្រព្រឹត្តទៅនៅខែកញ្ញាខាងមុខ ហើយនឹងមិនមានរួមបញ្ចូលការហ្វឹកហាត់ណាមួយ ដែលផ្តោតលើប្រតិបត្តិការប្រយុទ្ធឡើយ។ បើយោងតាម លោក ម៉ាហ្គោណូ គោលដៅនៃការធ្វើលំហាត់យោធានេះ គឺដើម្បីពង្រឹងមជ្ឈភាពអាស៊ាន។
សមុទ្រចិនខាងត្បូងគឺជាតំបន់ដែលប្រទេសសមាជិកអាស៊ានមួយចំនួន ដូចជាវៀតណាម ហ្វីលីពីន និងម៉ាឡេស៉ី ជាដើម មានបញ្ហាវិវាទជាមួយប្រទេសចិន ខណៈដែលអាស៊ានបាននិងកំពុងបន្តព្យាយាមជំរុញឱ្យក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងជាមួយទីក្រុងប៉េកាំងដែលមានការរង់ចាំជាយូរមកហើយនោះ អាចឆ្ពោះទៅសម្រេចបានជាស្ថាពរ។ ដោយឡែក សាមគ្គីភាពរបស់អាស៊ានក៏កំពុងប្រឈមនឹងការធ្វើតេស្តសាកល្បងផងដែរ ចំពោះមុខការប្រកួតប្រជែងឥទ្ធិពលគ្នា រវាងសហរដ្ឋអាមេរិកនឹងចិននៅអាស៉ី-ប៉ាស៉ីហ្វិក៕ ដោយធីរីណា

...

រូប​ថត​ : VOV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print