ខេត្តកំពង់ឆ្នាំង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យជាគំនិតមួយថាការបង្កើតសង្គ្រាមគឺវាងាយស្រួលណាស់ តែការរំលត់សង្គ្រាមវិញទេទើបជាការលំបាក។
ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោថា ការបង្កើតសង្គ្រាមគឺបង្កើតបានត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុនសែន ថា៖ «លន់ នល់ សម្រេចចិត្តទម្លាក់ព្រះបរមរតនៈកោតតែប៉ុន្មាននាទីប៉ុណ្ណោះក៏ប៉ុន្តែការនាំមុខសន្តិភាពវិញគឺត្រូវការជាច្រើនឆ្នាំ»។
សម្ដេចតេជោ ហ៊ុនសែន បានរំលឹកទៅដល់សម័យខ្មៅងងឹតរបស់កម្ពុជាបន្ទាប់ពី ប៉ុល ពត បានទម្លាក់រដ្ឋាភិបាល លន់ នល់ ចេញពីអំណាច ដល់ពេលនោះប្រជាពលរដ្ឋកម្ពុជាត្រូវរស់ក្នុងគុកឥតជញ្ជាំងចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។
សម្ដេចតេជោបានលើកឡើងថា ដោយសារឃើញមូលហេតុនេះហើយទើបសម្ដេចសុខចិត្តប្រថុយជីវិតដើម្បីទៅសង្គ្រោះប្រជាពលរដ្ឋខ្មែរពីរដ្ឋាភិបាលដ៏សាហាវយង់ឃ្នង ប៉ុល ពត នេះ។
គួរឱ្យដឹងផងដែរ សាធារណរដ្ឋខ្មែរបានដួលរលំនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ស្របពេលដែលកម្ពុជាបានរៀបចំពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ការដួលរលំនៃសាធារណរដ្ឋខ្មែរបានធ្វើឱ្យកម្ពុជាឈានជើងចូលដល់របបខ្មៅងងឺត និងសង្គ្រាមរហូតដល់ឆ្នាំ១៩៩៨ ទើបអាចរកសន្ដិភាពបានឡើងវិញតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថាអ្នកទាំងអស់ដែលបានឃុបឃិតជាមួយនឹងលោក សម រង្ស៊ី នឹងត្រូវមានទោស ព្រោះសកម្មភាពរបស់ពួកគេបានរួមគំនិតជាមួយនឹងទណ្ឌិតដែលមានទោសជាប់ខ្លួន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយមិនចំឈ្មោះតែទំនងសំដៅទៅលើទណ្ឌិត សម រង្ស៊ី ដែលនៅក្រៅប្រទេសថា សម្ដេចនឹងមិនឲ្យទណ្ឌិររូបនេះចូលក្នុងប្រទេសនោះទេ នឹងថាមិនលើកលែងទោសឲ្យជននេះផងដែរ។
សម្ដេចតេជោ ហ៊ុនសែន បានចាត់ទុក្ខសមរង្ស៊ីគឺជាបុគ្គលខូចខ្លាំង និងជិតអស់ល័ក្ខ។
ជាមួយគ្នានេះសម្ដេចបានលើកឡើងថា គ្រប់អ្នកណាទាំងអស់ដែលផ្ដាច់ខ្លួនចេញពី សម រង្ស៊ី នឹងត្រូវបានលើកលែងទោសផងដែរ។
មួយរយៈចុងក្រោយនេះមានចលនាផ្ដាច់ខ្លួនចេញពីសមរង្ស៊ីជាច្រើន។ដែលយើងបានមើលឃើញជាបន្ទ្រមទ្រព្យជាចុងក្រោយគឺមន្ត្រីជាន់ខ្ពស់មួយនៃក្រុមចលនា សម រង្សី គឺលោក អ៊ូ ច័ន្ទឬទ្ធិ បានប្រកាសផ្ដាច់ខ្លួនពី សម រង្ស៊ី និងស្នើសុំចុះចូលជាមួយបក្សប្រជាជន។ ក្រោយផ្ដាច់ខ្លួននិងសុំចុះចូលលោក អ៊ូ ច័ន្ទឬទ្ធិ ត្រូវបានព្រះមហាក្សត្រលើកលែងទោសឲ្យផងដែរ៕
ដោយ : សហការី