ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នេះបានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយបងប្អូនកម្មករ កម្មការិនីនៅខេត្តកំពង់ឆ្នាំងនេះជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបកាលពីឆ្នាំ២០១៨កន្លងទៅ។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំដល់អភិបាលខេត្តកំពង់ឆ្នាំង និងផ្នែកសុខាភិបាលពាក់ព័ន្ធអោយយកចិត្តទុកដាក់ពិនិត្យតាមដានចំពោះសុខភាពស្រ្ដីជាកម្មការិនីម្នាក់ នៅខេត្តកំពង់ឆ្នាំងនេះ ដែលបានសម្រាលកូនភ្លោះកាលពីថ្ងៃទី៨ ខែមិថុនាម្សិលម៉ិញនេះ ខណៈការសម្រាលកូនមិនទាន់គ្រប់ខែហើយបានបញ្ចូនទៅចិញ្ចឹមក្នុងកែវ នៅរាជធានីភ្នំពេញ។ ជាមួយគ្នានោះ សម្ដេចតេជោ ក៏បានប្រកាសឧបត្ថម្ភថវិកាចំនួន ៥លានរៀលដល់ក្រុមគ្រួសារស្រ្ដីសម្រាលកូនភ្លោះនេះផងដែរ ហើយសម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យអាជ្ញាធរខេត្ត និងក្រសួងសុខាភិបាលតាមដានករណីនេះឱ្យបានដិតដល់។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងឪពុកម្ដាយកម្មករ កម្មការិនីទាំងអស់ទូទាំងប្រទេសដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្ដិភាពកម្ពុជា និងចូលរួមទប់ស្កាត់សង្គ្រាមនៅកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា ស្វែងរកសន្តិភាពសម្រាប់កម្ពុជាគឺពិតជាលំបាក ខណៈដែលបច្ចុប្បន្ននេះ ប្រទេសមួយចំនួន កំពុងរងគ្រោះព្រោះសង្គ្រាមបង្ហូឈាម ដែលធ្វើអោយប្រជាពលរដ្ឋស្លាប់ ចំណាកស្រុក កុមារកំព្រាជាច្រើនកំពុងរងទុក្ខ ហើយហេដ្ឋារចនាសម្ព័ន្ធនានាដែលខិតខំកសាងក៏ត្រូវបានបំផ្លាញអស់។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ប្តេជ្ញាថា ទោះបីតម្លៃណាក៏ដោយ សម្ដេចត្រូវតែរក្សាសន្ដិភាពរបស់ប្រទេសកម្ពុជាឱ្យបាន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា គោលនយោបាយសោធននិវត្តន៍សម្រាប់កម្មករនិយោជិត គឺបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ដែលនេះគឺជាគោលនយោបាយរយៈពេលវែងរបស់រាជរដ្ឋាភិបាល សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅពេលមានវ័យចាស់ ធ្វើការងារលែងកើត។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ក្រុមប្រឆាំងដែលចាកចេញពីទណ្ឌិតក្បត់ជាតិ៣ជំនាន់ ទាំងនៅកម្ពុជា និងក្រៅប្រទេស ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើការងារនានាដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងកម្មករនិយោជិត ខណៈកាលពីមុនពួកគេបានចាញ់បោកទណ្ឌិតក្បត់ជាតិ ៣ជំនាន់ទៅធ្វើសកម្មភាពប្រមូលលុយពីកម្មករទៅឱ្យទណ្ឌិតក្បត់ជាតិដោយឥតប្រយោជន៍។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈជំនួបជាមួយ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មអេមីរ៉ាតអារ៉ាប់រួម និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា អេមីរ៉ាតអារ៉ាប់រួមកាលពីម្សិលមិញ នឹងនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ជាពិសេសការវិនិយោគលើវិស័យកសិកម្ម។
នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់បុរីទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ នូវការរឹបអូសផ្ទះពីអតិថិជនបង់រំលស់ប្រាក់យឺតយ៉ាវ ខណៈសម្ដេច ក៏បានណែនាំឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាសហការគ្នារៀបចំឡើងវិញ នូវនីតិវិធីសម្រាប់ការឥណទានបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាអាចឱ្យពលរដ្ឋអាចបន្តបង់រំលស់ផ្ទះទៀតបាន។
សម្ដេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយមួយចំនួន ក៏កំពុងរៀបចំឡើងវិញ លើគណនេយ្យបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋរាប់សែនគណនេយ្យ ដើម្បីពិនិត្យមើលលើនីតិវិធី ឬអូសបន្លាយរយៈពេលសម្រាប់ការបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋផងដែរ។ ក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យជំនួយការផ្ទាល់របស់សម្ដេច ត្រូវរៀបចំបញ្ជីពោះបុរីណាដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋបង់ប្រាក់យឺតយ៉ាវនាពេលកន្លងទៅ ដើម្បីអាចស្វែងរកដំណោះស្រាយលើបញ្ហាជូនប្រជាពលរដ្ឋបាន។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកា
សម្រាប់ស្ត្រីមានផ្ទៃពោះចំនួន៨៥១នាក់ ក្នុងម្នាក់ៗ ២០០ដុល្លារផងដែរ៕ដោយ៖ស តារា