ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ បានបង្ហោះថា៖លោក កែវ សុខឃាង អគ្គនាយករង គយនិងរដ្ឋាករកម្ពុជា បានជេរប្រមាថមន្រ្តីនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍នៅតាមដងផ្លូវ។
ជាក់ស្ដែងហ្វេសប៊ុករបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរស្តុបសាលាសន្ធរម៉ុក បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៩ មិថុនាម្សិលមិញនេះ មានបុរសម្នាក់ បានជិះរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាប្រាដូ ស្លាកលេខរាជការ ហេីយបេីកបរបំពានភ្លេីងស្តុបពណ៌ក្រហម នៅស្តុបសន្ធរម៉ុក តាមបណ្ដោយផ្លូវលេខ១២៨ ស្ថិតនៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ភ្លាមនោះកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តវិធានការរឹតបន្តឹងច្បាប់ បានចេញមកឃាត់រថយន្តមួយគ្រឿងនេះ ក្នុងគោលបំណងអប់រំណែនាំ ស្រាប់តែម្ចាស់រថយន្តបានជេរប្រមាថ និងលេីដៃចង្អុលក្បាលមន្ត្រីចរាចរទាំងនោះតែម្តង។
ប្រភពដដែលបន្តថា បុរសដែលជាម្ចាស់រថយន្តខាងលេីនេះ ក៏ត្រូវបានអ្នកស្គាល់គាត់មានឈ្មោះថា លោក កែវ សុខឃាង ជាអគ្គនាយករងគយ និងរដ្ឋាករកម្ពុជា។
ប្រជាពលរដ្ឋបានបន្តថា ក្នុងហេតុការណ៍នេះដែរ ខណៈដែលកំពុងតែតឹងសសៃកដាក់គ្នានោះ គេឃេីញមានមន្រ្តីនគរបាលស័ក្តិ៥ម្នាក់ បានចេញមកអន្តរាគមន៍ដោយសម្របសម្រួលគ្នាឱ្យលោក កែវ សុខឃាង បេីរថយន្តចេញបាត់ពីកន្លែងបាត់ទៅ។
គួរជម្រាបដែរថា ជុំវិញករណីខាងលេីនេះ អង្គភាពកាសែតនគរវត្ត និងនគរដ្រេហ្គន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ ព្យាយាមទំនាក់ទំនងសុំការបំភ្លឺពីលោក កែវ សុខឃាង ដែរប៉ុន្ដែគ្មានលេខទូរស័ព្ទទំនាក់ទំនង។ ប្រសិនបើលោក កែវ សុខឃាង ចង់ឆ្លេីយបំភ្លឺអង្គភាពយេីងរងចាំជានិច្ច៕ដោយ៖សហការី