ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃសៅរ៍ទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន៖ ទាក់ទងនឹងករណីបុរសម្នាក់(ជាឳពុកចុង)បានប្រើអំពើហិង្សាទៅលើទារក អាយុជិត០៤ខែបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។
ជាក់ស្ដែងក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២៣ នេះ កម្លាំងសមត្ថកិច្ចការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន រួមជាមួយសមត្ថកិច្ចនគរបាលស្រុកគាស់ក្រឡ ស្រុកបាណន់ និងស្រុករតនមណ្ឌល ធ្វើការសហការស្រាវជ្រាវ រហូតសម្រេចឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ចាវ សុវណ្ណ អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិតាស្តី ឃុំវាល ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកស្នាក់នៅធ្វើចំការឱ្យគេនៅភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលជាប់ពាក់ព័ន្ធក្នុងករណីប្រើអំពើហិង្សាទៅលើទារក អាយុទើបតែបានជិត ០៤ខែបណ្តាលឱ្យរងរបួស ហើយករណីនេះត្រូវបានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Phalla Phornធ្វើការផ្សព្វផ្សាយកាលពីថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២៣និងត្រូវបានអ្នកប្រេីប្រាស់បណ្តាញសង្គមបន្តចែកចាយជាបន្តបន្ទាប់ ។
សូមជម្រាបជូនថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលទទួលព័ត៌មានពីក្នុងបណ្តាញ សង្គមទាក់ទងនឹងករណីបុរសម្នាក់(ជាឳពុកចុង)បានប្រើអំពើហិ-ង្សាទៅលើទា-រ-ក-ភេទប្រុសអាយុទើបតែបានជិត០៤ខែបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ត្រូវបាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ទទួលបានព័ត៌នេះ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ជាស្នងការបានដឹកនាំបញ្ជាឱ្យធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនបុរសខាងលើនាព្រឹកថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៣នេះ។
នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងធ្វើការសាកសួរស្រាវជ្រាវជុំវិញមូលហេតុដែលទាក់ទងនឹងសកម្មភាពរបស់ បុរសរូបនេះហើយចំពោះទា-រ-ករងគ្រោះបច្ចុប្បន្នកំពុងស្ថិតនៅក្នុងការជួយសង្រ្កោះពីគ្រូពេទ្យនៅឯមន្ទីរពេទ្យនារាជធានីភ្នំពេញនៅឡើយ ។ ក្នុងករណីសមត្ថកិច្ចស្រាវជ្រាវរកឃេីញថា បុរសជាឪពុកចុងខាងលេីបានប្រព្រឹត្តិសកម្មភាពល្មេីសច្បាប់ នោះរូបគាត់នឹងទទួលទោសកំហុសទៅតាមផ្លូវច្បាប់ជាធរមាន។
ដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មានអរគុណ៕ ដោយ៖សហការី