ខេត្តត្បូងឃ្មុំ ៖ ក្រុមក្មេងទំនើង១ក្រុមជិះម៉ូតូច្រើនគ្រឿង ប្រដាប់ដោយកាំបិតផ្គាក់ស្ទើរគ្រប់ដៃ មានគ្នាប្រមាណជាង១០នាក់បានមកស្ទាក់កាប់ក្រុមយុវជននៅក្រុងសួងដោយបានកាប់បំផ្លាញម៉ូតូជនរងគ្រោះ បណ្ដាលឱ្យខូច ខាត រួចក៏បាននាំគ្នាជិះគេចខ្លួនតែត្រូវកម្លាំងនគរបាលក្រុងសួងស្ទាក់ចាប់បានពីរនាក់ ដកហូតកាំបិតផ្គាក់១ និងម៉ូតូ១គ្រឿង ហើយនៅព្រឹកថ្ងៃទី១០ មិថុនា ឆ្នាំ ២០២៣ ក្រុមក្មេងទំនើងនេះត្រូវបានបញ្ជូនទៅឲ្យតំណាងអយ្យការអមសាលាដំបូងខេត្តចាត់ការបន្ត ។
លោកវរៈសេនីយ៍ឯកឈន សុធន់ អធិការនគរបាលក្រុងសួងបានប្រាប់ឲ្យដឹងថា ក្រុមយុវជនរងគ្រោះ២នាក់ក្នុង ចំណោម៤នាក់ជិះម៉ូតូ២គ្រឿងត្រឡប់មកពីហូបសាច់ គោអាំងវិញ ក្នុងគោលបំណងត្រឡប់ទៅផ្ទះ តែពុំទាន់ដល់ផង ត្រូវបានក្រុមក្មេង១ក្រុមជិះម៉ូតូជាច្រើនគ្រឿងមកស្ទាក់មុខ ប្រើដុំថ្មគប់ និងកាប់បំផ្លាញម៉ូតូរបស់អ្នក រងគ្រោះ ។ ក្នុងពេលកើតហេតុនោះជនរងគ្រោះ៤នាក់ ផ្ដួលម៉ូតូចោល និងរត់គេចខ្លួនទាំងត្រូវរបួស ដើម្បីកុំឲ្យគ្រោះថ្នាក់ដល់ជីវិត ។
លោកអធិការនគរបាលក្រុងសួង បន្តឱ្យដឹងទៀតថា ចំពោះហេតុការណ៍ដែលកើតឡើងដោយក្រុមក្មេងខាង លើនេះ គឺនៅថ្ងៃទី០៨ មិថុនា ២០២៣ វេលាម៉ោង៩ និង១០នាទីយប់ នៅចំណុចលើផ្លូវជាតិលេខ៧ ស្ថិតនៅភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើ អោយខូចខាតដោយចេតនាមួយកើតឡើងដែលប្រព្រឹត្តដោយជនសង្ស័យចំនួន០១ក្រុម :
១.ឈ្មោះ ឡេង ណាវិត ភេទប្រុស អាយុ១៦ ឃាត់ខ្លួន, ២.ឈ្មោះ អ៊ាន សំណាង ហៅចាស់ ភេទប្រុស អាយុ ១៥ឆ្នាំ ឃាត់ខ្លួន។ ទាំង០២នាក់ មានទីលំនៅភូមិជប់ទី១ ឃុំជប់ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបក្សពួក : ១.ឈ្មោះ ប៊ូ ភេទប្រុស អាយុ១៧ឆ្នាំ,២.ឈ្មោះ ណាង ភេទប្រុស អាយុ១៦ឆ្នាំ,៣.ឈ្មោះ ភា ភេទប្រុសអាយុ ១៧ ឆ្នាំ,៤.ឈ្មោះ ភ័ណ្ឌ ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង០៤នាក់ មានទីលំនៅភូមិជប់ទី១ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ៦.ឈ្មោះ ហេង ប្រុសអាយុ១៦ ឆ្នាំ,៧.ឈ្មោះម៉ាកភេទប្រុស អាយុ១៦ឆ្នាំ អ្នកទាំង២ នាក់ នៅភូមិច្រកចំបក់ឃុំជប់ស្រុកត្បូងឃ្មំ ខេត្តត្បូងឃ្មុំ ។ ៨.ឈ្មោះ លីស ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិ០៤ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ចំណែកបក្សពួក០៥នាក់ទៀតមិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ០៧ គ្រឿង ប្រដាប់ដោយកាំបិតផ្គាក់ និងដុំថ្ម បានធ្វើសកម្មភាពគប់កាប់ម៉ូតូនិងកាប់ជនរងគ្រោះដែលមានគ្នាពីរនាក់ក្នុងនោះរួមមាន ១.ឈ្មោះ ណាត ពិសាល ភេទប្រុសអាយុ១៧ឆ្នាំ មានទីលំនៅភូមិ នាហ្មឺន ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និង ២.ឈ្មោះ ផុន សុភារុន ប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ ព្រែកកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ។
សកម្មភាពនេះបណ្តាលអោយខូចខាតម៉ូតូចំនួន០២ គ្រឿង ម៉ូតូ០១គ្រឿងម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ ២០១៨ ផ្លាកលេខព្រៃវែង ១L-៥៤៩៦ របស់ជនរងគ្រោះឈ្មោះ ផុន សុភារុន បណ្តាលអោយរងការខូចខាតបែកតាបឡូខាងស្តាំ បែកស្តុបខាងមុខផ្នែកខាងស្តាំ បែកបាក់ក្បាំងខាងស្តាំ និងរយះកែបនិង ម៉ូតូ ១គ្រឿងទៀត ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០២០ ផ្លាកលេខត្បូងឃ្មុំ១H ០៥៨១ របស់ជនរង គ្រោះឈ្មោះ ណាត ពិសាល បណ្តាលអោយរងការខូច ខាតបែកតាបឡូខាងស្តាំ បែកស្តុបខាងមុខផ្នែកខាងស្តាំ បាក់ខ្នងកង់ម៉ូតូខាងមុខ និងដាច់រយះផ្លាកលេខ ។
លោកអធិការក្រុងសួងបញ្ជាក់ថា ក្រោយពីទទួលបានពត៌មាន ជំនាញនគរបាលក្រុងសួង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង ក៏ដូចជា ទទួលបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការចុះដល់កន្លែងកើត ហេតុពិនិត្យអង្កេតស្រាវជ្រាវ និងឃាត់បានក្រុមក្មេងទំនើងពីរនាក់ក្នុងចំណោមជាង១០នាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងសួង ដើម្បីសួរនាំ ។
រហូតមកដល់ព្រឹកថ្ងៃទី១០ មិថុនា ២០២៣ ក្រុមក្មេងទំនើងនេះត្រូវបានបញ្ជូនទៅឲ្យតំណាងអយ្យការ ដើម្បីចាត់ការតាមនីតិវិធី និងសុំដីការតាមចាប់បក្សពួកមួយ ចំនួនទៀតមកផ្ដន្ទាទោសតាមច្បាប់ ៕