ខេត្តព្រះវិហារ៖ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ទីបំផុត! ម្ចាស់ហ្វេសប៊ុក ដែលបានបង្ហោះរូបព្រះខ័នរាជ្យបុរាណ បានប្រគល់ឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរក្សា ដើម្បីយកមករក្សាទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារ ជាបណ្តោះអាសន្នហើយ។
លោកស្នងការនគរបាលខេត្តព្រះវិហារ បានបន្ដថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៨និង៣០នាទី កម្លាំងជំនាញការិយាល័យនគរបាលបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ និងកម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង ចុះស្រាវជ្រាវរកម្ចាស់ហ្វេសប៊ុក ដែលបានបង្ហោះរូបព្រះខ័នរាជ្យបុរាណ ដែលមានប្រវែង ០,៨៦សង់ទីម៉ែត្រ (ក្នុងនោះផ្លែព្រះខ័នមានប្រវែង ០,៦០ សង់ទីម៉ែត្រ, ទទឹងផ្លែព្រះខ័នមានប្រវែង ០,៦០សង់ទីម៉ែត្រ, ដងព្រះខ័នមានប្រវែង ០,២៦សង់ទីម៉ែត្រ និងមានទម្ងន់ ២,៦គីឡូក្រាម) កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ មានឈ្មោះ ណេព្រះវិហារ ។
ហើយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះស្រាវជ្រាវបន្តដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៣ រកឃើញម្ចាស់ដើមដែលរក្សាទុកវត្ថុបុរាណនោះ នៅផ្ទះរបស់ឈ្មោះ ហេង ភីន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិកក់ពោន ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ គាត់បានយកមកប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋាននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរក្សា ដើម្បីយកមករក្សាទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារ ជាបណ្តោះអាសន្ន រងចាំមានគោលការណ៍ថ្មី៕ ដោយ៖សហការី