ខេត្តមណ្ឌលគិរី៖ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះថា៖ កម្ពុជា ចម្រាញ់រ៉ែមាសបានចំនួន ៦ ៧២៧គីឡូក្រាម និងរកចំណូលពីសួយសារ បានជាង១០លានដុល្លារ នេះបេីគិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៣នេះ។
សេចក្ដីប្រកាសព័ត៌មាននេះបានបង្ហាញក្នុងពិធីទស្សនកិច្ច ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ។
ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា «បន្ទាប់ពីបានសម្ពោធដាក់ឲ្យដំណើរការការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាសនេះ ជាផ្លូវការនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មកទល់នឹងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត បានចម្រាញ់មាស ដែលមានគុណភាព៩០% បានចំនួនសរុប៦,៧២៧.៧០ គីឡូក្រាម។ ក្រុមហ៊ុនបានបង់សួយសារជូនរដ្ឋសរុបចំនួន១០,២២៨,២៣៩ដុល្លារ»។
នេះគឺជាសមិទ្ធផលដែលកើតចេញ ពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននាំមក នូវសន្តិភាព ស្ថេរភាពនយោបាយ និងការឯកភាពជាតិ ជូនជាតិ និងមាតុភូមិ ដែលជាកត្តាចាំបាច់បំផុត និងមិនអាចខ្វះបានក្នុងការអនុញ្ញាតឲ្យមានការវិនិយោគទ្រង់ទ្រាយធំ នៅក្នុងវិស័យធនធានរ៉ែនេះ។
សមិទ្ធផលនេះ បាននាំមកនូវលំហូរទុនវិនិយោគ ពីក្រៅប្រទេសមកកម្ពុជា ការបង្កើតឱកាសការងារ និងសេដ្ឋកិច្ច ការពង្រីកបាននូវពិពិធកម្មខឿន ឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ចសង្គម ផ្សេងៗទៀតជាច្រើន សម្រាប់ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែម ក្នុងសេចក្ដីប្រកាសព័ត៌មាន។
ទន្ទឹមនឹងការចូលរួមចំណែក ដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម ដំណើរការឧស្សាហកម្មអាជីវកម្មធនធានរ៉ែនេះ ក៏បាននឹងកំពុងបង្កើតបានផងដែរ នូវសមត្ថភាពជាតិ និងគំរូថ្មីសម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែ ប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព។
សមិទ្ធផលនៃដំណើរការឧស្សាហកម្មចម្រាញ់រ៉ែមាស របស់កម្ពុជានេះ គឺជាសក្ខីភាពយ៉ាងជាក់ច្បាស់ នូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នារយៈពេលកន្លងមក ក្នុងការបង្កើតបាននូវបរិស្ថានវិនិយោគ សមប្រកបសម្រាប់ទាក់ទាញវិនិយោគទុនពីក្រៅប្រទេស និងការបង្កើតបាននូវខឿនឧស្សាហកម្មថ្មីមួយ ប្រកបដោយការទទួលខុសត្រូវលើបរិស្ថាន និងសង្គម តាមស្តង់ដារអន្តរជាតិ។
ដែលក្នុងនោះ អនុញ្ញាតឲ្យកម្ពុជា អាចទាញយកបាននូវធនធានរ៉ែ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ខ្លួន ដើម្បីធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម បង្កើតបាននូវផលប្រយោជន៍រយៈពេលវែង សម្រាប់ប្រជាជនកម្ពុជាជាច្រើនជំនាន់ក្នុងពេលអនាគត។
សូមបញ្ជាក់ថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិ ពីរាជរដ្ឋាភិបាលកម្ពុជា លើការរុករករ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី គឺក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុន របស់ប្រទេសអូស្ដ្រាលី។ ក្រុមហ៊ុន Renaissance Minerals គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។
ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលគិតរហូតមកដល់ នាពេលបច្ចុប្បន្ននេះ ប្រតិបត្ដិការបានជិត២ឆ្នាំហើយ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ១២០លានដុល្លារអាមេរិក។
គួរបញ្ជាក់ដែរថា ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសមានគុណភាព ៩០% (Gold Doré Bars) បានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេលប៉ាន់ស្មានដំបូងចំនួន៨ឆ្នាំ។
ដោយឡែកគម្រោងអាជីវកម្មរ៉ែមាសនេះ បានផ្តល់ការងារសរុបចំនួន ៤៣៤ នាក់ ក្នុងនោះជនជាតិខ្មែរមានចំនួន ៣៤៧នាក់ (ក្នុងនោះស្រីចំនួន ៦១នាក់) និងជនជាតិបរទេសចំនួន ៨៧នាក់ (ក្នុងនោះស្រីចំនួន ៣នាក់)៕ដោយ៖សហការី