ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីណែនាំ ស្តីពីវិធានការសុខាភិបាលបន្តសម្រាប់ការឆ្លើយតបវិបត្តិកូវីដ-១៩ និងការត្រៀមលក្ខណៈសម្រាប់បង្ការការផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗ ដែលអាចកើតមាននាពេលខាងមុខ!
ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ លើលិខិតរបស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណ ជនទាំងអស់ឱ្យបានជ្រាបថា៖ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចប្រកាសនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ថា “ កូវីដ-១៩ គឺបច្ចុប្បន្ននេះ នៅជាបញ្ហាសុខភាពដែលបានកើតឡើងហើយ និងនៅជាបន្តទៀត តែលែងបង្កើតជាភាព អាសន្នសុខភាពសាធារណៈ ដែលជាកង្វល់អន្តរជាតិទៀតហើយ “ ក្រោយពីកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការនិយ័តកម្ម អន្តរជាតិ ២០០៥ (IHR 2005) គ្រាអាសន្នសម្រាប់ការរាតត្បាតជំងឺកូវីដ-១៩ របស់ខ្លួននៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។ លើសពីនេះ អង្គការសុខភាពពិភពលោក ក៏បានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួនជាបណ្តោះអាសន្ន ជូនដល់បណ្ត ប្រទេសជាសមាជិកទាំងអស់ សម្រាប់ការគ្រប់គ្រងរយៈពេលវែងនៃវិបត្តិរាតត្បាតនៃវីរុសកូវីដ-១៩ នេះផងដែរ ដោយត្រូវគិត គូរពីផែនការយុទ្ធសាស្ត្រត្រៀមលក្ខណៈ និងឆ្លើយតបវិបត្តិកូវីដ-១៩ ឆ្នាំ២០២៣-២០២៥ ដោយនៅក្នុងដំណាក់កាលអន្តរកាល នេះផងដែរ។ ដូច្នេះ ក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់សាធារណជនទាំងអស់ដូចតទៅ៖ ១បន្តវិធានការ “៣ការពារ និង៣កុំ” ៖
ថ្វីត្បិតតែមានការប្រកាសបែបខាងលើនេះពីអង្គការសុខភាពពិភពលោក តែយើងទាំងអស់គ្នាត្រូវដឹងថា វីរុសកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ មិនត្រឹមតែប៉ុណ្ណោះ ការបំប្លែងខ្លួនថ្មីៗរបស់វានៅមានជាបន្តបន្ទាប់ ជាពិសេស ពពួកបំប្លែងថ្មីៗដូចជា BA.2XBBXBB.1.5XBB.1.9.1XBB.1.17.1 ជាដើម ដែលបានបង្ហាញច្បាស់ថា វីរុសកូវីដ-១៩ នៅតែបន្តមានវត្តមាននៅឡើយនៅលើសកលលោក នៅក្នុងតំបន់ និងនៅតាមបណ្តាប្រទេសនានាក្នុងនោះប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលទទួលរងនូវផលប៉ះពាល់ពីការចម្លងនៃវីរុសកូវីដ-១៩ បំប្លែងថ្មីៗនេះដែរ។ ដូច្នេះ សូមបងប្អូនប្រជា ពលរដ្ឋទាំងអស់ កុំភ្លេចខ្លួនឱ្យសោះ ពីលទ្ធភាពដែលអាចមានការបន្តចរាចរនូវពពួកវីរុសកូវីដ-១៩បំប្លែងថ្មីៗ ពីប្រទេសមួយ ទៅប្រទេសមួយ ដែលអាចបង្កលទ្ធភាពឱ្យមានការផ្ទុះឡើងសារជាថ្មីវិញនូវការរាតត្បាតក្នុងសហគមន៍ ប្រសិនបើ បុគ្គល ក្រុមគ្រួសារ និងសហគមន៍ មានការធ្វេសប្រហែស ហើយសូមបន្តអនុវត្តវិធានការការពារខ្លួន “៣ការពារ និង៣កុំដោយការប្រុងប្រយ័ត្ន មានការវាយតម្លៃស្ថានភាពត្រឹមត្រូវសម្រាប់ការអនុវត្តន៍វិធានការការពារខ្លួន។ ២. បន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ៖
ភាពស៊ាំបុគ្គល និងភាពស៊ាំសហគមន៍ អាចនឹងមានការថមថយចុះជាបណ្ដើរៗបន្ទាប់ពីបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនីមួយៗរួចក្នុងគម្លាតពី ៦ ខែឡើង ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ការពារខ្លួន ឱ្យបានហ្មត់ចត់ជាប់ជានិច្ច និងសូមអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៣ ទី៤ ទី៥ និងទី៦) ឱ្យបានត្រឹមត្រូវបើដល់វេនចាក់ ហើយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក-១៩) ក៏ទើបបានចេញផ្សាយជូន សាធារណជនរួចហើយ អំពីសេចក្តីជូនព័ត៌មានក្រើនរំលឹកលេខ ៣២០/២៣ គ.វ.ក-១៩ ចុះនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ និងការចូលរួមបន្តការពារ ថែរក្សាការរស់នៅជាធម្មតានៅក្នុងប្រក្រតីភាពថ្មីបានយូរ អង្វែង ព្រមទាំងដើម្បីសុខភាពផ្ទាល់ខ្លួនរបស់បងប្អូនផងដែរ។ ត្រង់ចំណុចនេះ ខ្ញុំសូមឱ្យរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរ សុខាភិបាលរាជធានី-ខេត្តទាំងអស់ បន្តយកចិត្តទុកដាក់ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជាបន្តបន្ទាប់ទៀត ជាពិសេសនៅតាមតំបន់ដែលមានអត្រាចាក់ដូសជំរុញនៅទាប និងត្រូវយកចិត្តទុកដាក់ផ្តល់វ៉ាក់សាំងនេះ ជូនដល់ក្រុម គ្រូពេទ្យ ក្រុមអ្នកប្រតិបត្តិការជួរមុខ ក្រុមងាយរងគ្រោះ ដូចជាជនវ័យចាស់ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានជំងឺរ៉ាំរ៉ ជាដើមទៅតាមការណែនាំដែលធ្លាប់បានជម្រាបជូនជាហូរហែមកហើយ។ ៣. ពង្រឹងសមត្ថភាពជាតិក្នុងការឆ្លើយតប៖
សម្រាប់ថ្នាក់កណ្តាល អាជ្ញាធរថ្នាក់ក្រោមជាតិ និងផ្នែកពាក់ព័ន្ធ ត្រូវបន្តរក្សាសមត្ថភាពជាតិដែលមាន និងត្រៀម លក្ខណៈ ព្រមទាំងបង្កើនធ្វើឱ្យបានល្អប្រសើរឡើង នូវភាពត្រៀមរួចរាល់សម្រាប់ព្រឹត្តិការណ៍នាពេលអនាគត។ ក្នុងន័យនេះ ការបន្តពង្រឹង និងពង្រីកសមត្ថភាពមន្ទីរពេទ្យទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ (រួមមានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្ភារៈ បរិក្ខារពេទ្យ ធនធានមនុស្ស និងការផ្គត់ផ្គង់ទាន់ពេល) ត្រូវមានផែនការច្បាស់លាស់គិតគូរវាយតម្លៃទៅតាម ស្ថានភាពដែល អាចមានការរាតត្បាតពីមេរោគថ្មីៗ និងពីវីរុសកូវីដ-១៩ បំប្លែងថ្មីៗដែលអាចកើតមានឡើងជាយថាហេតុ នាពេលអនាគត ដោយផ្អែកលើមូលដ្ឋានធនធានដែលមាន និងដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងការកៀរគរ ដៃគូអភិវឌ្ឍនៅក្នុងការត្រៀមលក្ខណៈឱ្យបានសមស្របនេះ។
នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល ត្រូវត្រៀមលក្ខណៈ និង បន្តពង្រឹងយន្តការគ្រប់គ្រង និងការអនុវត្តន៍ច្បាប់លើការចេញអាជ្ញាបណ្ណ ឬការអនុញ្ញាតធ្វើចរាចរឱសថ បរិក្ខារពេទ្យ និង វ៉ាក់សាំងចាំបាច់ៗ ឱ្យបានល្អប្រសើរ តម្រូវតាមស្ថានភាពបន្ទាន់នៃការរាតត្បាតជំងឺ ចូលរួមប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព ដើម្បីសុវត្ថិភាពប្រើប្រាស់ និងមានប្រសិទ្ធភាពនាគ្រាមានការឆ្លងរាតត្បាតជំងឺថ្មីៗដែលអាចមានជាយថាហេតុ រួមទាំងជំងឺកូវីដ-១៩ ផងដែរ។ ៤. កម្មវិធីចាក់ថ្នាំបង្ការកូវីដ-១៩ នៅក្នុងជីវិតមនុស្សជាទូទៅ ៖
ក្រសួងសុខាភិបាលតាមរយៈគ.វ.ក-១៩ កំពុងជំរុញការងារចាក់វ៉ាក់សាំងកូវីដ-១៩នៅទូទាំងប្រទេស ហើយកម្មវិធី ជាតិចាក់ថ្នាំបង្ការ (EPI) នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំដាក់បញ្ចូលកិច្ចការ ចាក់វ៉ាក់សាំងកូវីដ-១៩ នេះ ទៅក្នុងកម្មវិធីចាក់ថ្នាំបង្ការក្នុងជីវិតមនុស្សជាទូទៅ និងរក្សា និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់មនុស្សនៅក្នុងក្រុមអាទិភាពទាំងអស់ ដូចមានការណែនាំនៅក្នុងចំណុចទី២ ខាងលើ និងនៅក្នុងឯកសារ SAGE Roadmap របស់អង្គការសុខភាពពិភពលោក ចេញផ្សាយក្នុងខែមេសា ឆ្នាំ២០២៣ កន្លងទៅ។ ៥. បន្តតាមដានដោយយកចិត្តទុកដាក់នូវស្ថានភាពជំងឺដែលអាចបង្កការរាតត្បាតនាពេលខាងមុខ ៖
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ត្រូវបន្តធ្វើការតាមដានស្ថានភាពជំងឺកូវីដ-១៩ ដោយ សហការជិតស្និទ្ធជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ/មន្ទីរសុខាភិបាលរាជធានី-ខេត្ត និងណែនាំមន្ត្រីសុខាភិបាលឆ្លើយតបបន្ទាន់ និងជំនាញពាក់ព័ន្ធ ត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនូវការឆ្លងរាលដាលក្នុង ទ្រង់ទ្រាយណាមួយជាយថាហេតុ នៅតាមភូមិសាស្ត្រ ឬតំបន់របស់ខ្លួន។ ជាមួយគ្នានេះ ត្រូវបន្តតាមដានជំងឺឆ្លងតាមប្រព័ន្ធ តាមដានជំងឺឆ្លង និងនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងតាមមន្ទីរពេទ្យឯកជន នូវជំងឺឆ្លងដែលសង្ស័យអាចជា ជំងឺថ្មី ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ និងជំងឺផ្តាសាយ ជាប់ជាប្រចាំ ជាពិសេសលើមនុស្សចាស់ និងក្រុមងាយរងគ្រោះ ព្រមទាំង បន្តពង្រឹងផ្នែកសង្គ្រោះបន្ទាន់ផងដែរ។ លើសពីនេះ ត្រូវបន្តតាមដានការវិភាគនៅតាមមន្ទីរពិសោធន៍ជាតិនៃវិទ្យាស្ថានជាតិ ស្រាវជ្រាវសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ត្រូវបន្តធ្វើវិភាគ និងធ្វើ Sequencing វត្ថុសំណាកដែលមានវិជ្ជមានវីរុសកូវីដ-១៩ ឬរកឃើញមេរោគថ្មីៗណាមួយ ដើម្បីជាមូលដ្ឋាននៃការដាក់ចេញវិធានការឆ្លើយតប និងទប់ស្កាត់ បានទាន់ពេលវេលា។
៦. បន្តការធ្វើទំនាក់ទំនងហានិភ័យ (Risk Communication) ៖
មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ត្រូវបន្តការងារអប់រំសុខភាព និងជំរុញការចូលរួមរបស់បុគ្គល ក្រុមគ្រួសារ និងសហគមន៍នៅក្នុងការការពារពីការចម្លងមេរោគ ក្នុងនោះមានវីរុសកូវីដ-១៩ ពួកបំប្លែងថ្មីៗ ជាមួយនឹងការគ្រប់គ្រងប្រឆាំង នឹងព័ត៌មានមិនពិត ប្រឌិត ឬក្លែងបន្លំ ជាដើម ដោយផ្អែកលើស្ថានភាព និងបច្ចុប្បន្នភាពនៃការវិវត្តជំងឺផងដែរ ព្រមទាំង ប្រើប្រាស់សម្ភារៈអប់រំ ចែកចាយ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងឱ្យមានប្រសិទ្ធភាពខ្ពស់។ ធ្វើការសហការជាមួយ ដៃគូសុខាភិបាល បើចាំបាច់។
ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមលើកទឹកចិត្តឲ្យសាធារណជនទូទៅ មន្ត្រីឆ្លើយតបបន្ទាន់ នាយកដ្ឋានពាក់ព័ន្ធ និងស្ថាប័នជំនាញ ព្រមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត អនុវត្តតាមការណែនាំខាងលើ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារសុខភាពបុគ្គល និងក្រុមគ្រួសារ បានចៀសផុតពីជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងជំងឺ ឆ្លងថ្មីៗ ព្រមទាំងសូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋ បុគ្គលិក-មន្ត្រីរាជការទាំងអស់ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួបប្រទះ តែសុខភាពល្អ ចៀសផុតនូវជំងឺកូវីដ-១៩ និងជំងឺដង្កាត់ផ្សេងៗ ព្រមទាំងពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖សហការី