ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន មានដូចខាងក្រោម៖
សម្តេចតេជោ ហ៊ុន សែន តាមរយៈជំនួបជាមួយ កម្មករកម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្ដេចតេជោ បានបន្តសួរសុខទុក្ខដល់កម្មករនិយោជិតទាំងអស់ ជាពិសេសទាក់ទងនឹងការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
សម្តេចតេជោ ថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនី ដែលមានការស្រឡាញ់ រាក់ទាក់ចំពោះសម្ដេចតេជោ ជាពិសេសអំឡុងពេលជំនួបជាមួយសម្ដេចតេជោ ដោយផ្ទាល់នាពេលនេះ។
សម្ដេចតេជោ ចាត់ទុកថា ទំនាក់ទំនងនេះមិនមែនគ្រាន់តែជាទំនាក់ទំនងរវាងនាយករដ្ឋមន្រ្ដី និងកម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្ដែនេះបានបង្ហាញអំពីទំនាក់ទំនងដូចជា៖ តា និងចៅ ពូ និងក្មួយអ៊ីចឹង។
សម្តេចតេជោ ថ្លែងថា កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយទេ ដូច្នេះមានតែការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នោះទេ ដែលជាអាវក្រោះការពារខ្លួនសម្រាប់ប្រជាពលរដ្ឋទូទៅ ខណៈតាមបណ្ដាប្រទេសជិតខាងកម្ពុជាមួយចំនួនស្ថានភាពកូវីដ-១៩ ក៏ចាប់ផ្ដើមកម្រើកឡើងវិញបន្តិចហើយ។
សម្តេចតេជោ ថ្លែងថា ជំនួបជាមួយកម្មករ-កម្មការិនីនាពេលនេះ គឺសម្ដេចចង់ដឹងថា អ្វីដែលធ្វើពីមុននោះ តើដំណើរការដល់ហើយ។ តើវាសម្រេចបានយ៉ាងម៉េច? ខណៈកាលពីជំនួបកាលពីឆ្នាំ ២០១៧ រាជរដ្ឋាភិបាលបានអញ្ជើញភាគីពាក់ព័ន្ធក្នុងវិស័យរោងចក្រកាត់ដេរនេះ មកជួបដើម្បីឱ្យលើកឡើងពីបញ្ហា និងតម្រូវការជាក់ស្ដែងរបស់បងប្អូនកម្មករ ដើម្បីធ្វើការដោះស្រាយជូនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
សម្តេចតេជោ ថ្លែងថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសចំនួន៩.៣១៤ មានកម្មករនិយោជិតប្រមាណជាង៦៦ ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ ម៉ឺន៨ពាន់នាក់ និងជាតំបន់ដែលមានការអភិវឌ្ឍ រោងចក្រ សហគ្រាស ច្រើនជាងគេ។ ប៉ុន្ដែរាជរដ្ឋាភិបាលក៏បានយុទ្ធសាស្រ្ដក្នុងការពង្រាយរោងចក្របន្ថែមទៀតទៅតាមបណ្ដាខេត្តផងដែរ។
សម្តេចតេជោ ថ្លែងថា វត្តមានរោងចក្រនៅកម្ពុជាទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនៅឆ្នាំ២០២៣នេះ រោងចក្រវិស័យកាត់ដេរបានកើនដល់ចំនួន ១.៣២៦ ដែលមានកម្មករនិយោជិត ចំនួនប្រមាណ ៨៤ ម៉ឺននាក់ (ស្រី ៦៦ ម៉ឺននាក់) ការនាំចេញមានរហូតដល់ប្រមាណ១៣ពាន់លានដុល្លារអាម៉េរិក(ឆ្នាំ២០២២)។
សម្តេចតេជោ ប្រកាសជំរុញអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បន្តពង្រីកវិសាលភាពក្នុងការផ្ដល់ខ្សែរថយន្តក្រុងដល់កម្មករ-កម្មការិនី បន្ថែមទៀតនៅទីតាំងដែលមិនទាន់បានទៅដល់។
សម្តេចតេជោ ប្រកាសមានគ្រោងជំនួបជាមួយអតីតព្រះសង្ឃអន្ទិត សាន សុខជា ក្រោយបានលាចាកសិក្ខាបទកាលពីពេលថ្មីៗនេះ។
សម្តេចតេជោ ប្រកាសបន្តអំពាវនាវដល់កម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើឱ្យរោងចក្រមួយ ក្លាយទៅជាសហគមន៍សុខសាន្តមួយ ដោយធ្វើយ៉ាងណារោងចក្រនីមួយៗកុំឱ្យមានការប្រើប្រាស់គ្រឿងញៀន និងមានបងតូចបងធំនៅក្នុងរោងចក្រ។ ប៉ុន្តែសម្ដេចពិតជាមានសេចក្ដីរីករាយណាស់ដោយបានឃើញរោងចក្រនៅទូទាំងប្រទេសមិនមែនជាកន្លែងប្រើប្រាស់គ្រឿងញៀន និងមានបងតូចបងធំ។
សម្តេចតេជោ ថ្លែងថា យុទ្ធនាការស្រោចវ៉ាក់សាំងបានការការពារ និងសង្គ្រោះជីវិតកម្មករ-កម្មការិនី មិនឱ្យឆ្លងជំងឺដ៏កាចសាហាវនេះរហូតដល់ស្លាប់បានជាច្រើន ខណៈបើសិនជាមិនមានយុទ្ធសាស្រ្ដនេះទេ កម្មករនិយោជិតជាច្រើនអាចនឹងឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងររហូតឈានដល់បាត់បង់ជីវិត។
សម្តេចតេជោ ប្រកាសចង់ឃើញរោងចក្រមួយក្លាយជាតំបន់សុខសាន្តមួយ ហើយប្រសិនបើមានបញ្ហាអ្វីម្ចាស់រោងចក្រ និងកម្មករនិយោជិតត្រូវសហការជាមួយអាជ្ញាធរធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលាមិនត្រូវទុកបញ្ហានោះចោលទេ។
សម្តេចតេជោ ប្រកាសមានគម្រោងបន្តចុះជួបជាមួយកម្មករនិយោជិតបន្ថែមទៀត ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣នេះ បន្ទាប់ពីជំនួបជាមួយកម្មករកម្មការិនីចំនួន១៨លើក ហើយនៅមានកម្មករនិយោជិតមួយចំនួនទៀត មិនទាន់បានជួបនៅឡើយ។
សម្តេចតេជោ ថ្លែងអំពាវនាវដល់កម្មករនិយោជិតទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខ ខណៈកម្មករនិយោជិតនឹងបានឈប់សម្រាក ដោយមានប្រាក់ឈ្មួលរយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី២២ ខែកក្កដារហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។
សម្តេចតេជោ ថ្លែងថា ក្រុមប្រឆាំងនៅក្រៅប្រទេសដែលកំពុងរៀបចំយុទ្ធនាការឃោសនា មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការផ្គើនទៅនឹងការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ។
សម្តេចតេជោ ថ្លែងបន្តអំពាវនាវដល់កម្មករ-និយោជិត រួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជា ពីព្រោះមានសន្ដិភាព គឺមានការអភិវឌ្ឍ។ បើគ្មានសន្ដិភាពរោងចក្រ ក៏គ្មានការងារធ្វើសម្រាប់បងប្អូនកម្មករនិយោជិតក៏គ្មានដូចគ្នាដែរ។
សម្តេចតេជោ ថ្លែងថា ពេលធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនាពេលខាងមុខ ត្រូវធ្វើការកែទម្រង់នៃសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដែលការងារនេះ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម កើត រិទ្ធិ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌កំពុងធ្វើ។
សម្តេចតេជោ ថ្លែងថា ប៉ុន្មានថ្ងៃខាងមុខនេះ សម្ដេចនឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបូមទឹកបាក់ខែង ដើម្បីបម្រើឱ្យមានការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ ខណៈរាជរដ្ឋាភិបាលក៏មានគម្រោងកសាងស្ថានីយបូមទឹកស្អាតនេះបន្ថែមជាច្រើនកន្លែងទៀតផងដែរ។
បេីតាមលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កន្លងទៅសម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតនៅខណ្ឌពោធិ៍សែនជ័យនេះចំនួន ១៤ ដងរួចមកហើយ ក្នុងនោះកាលពីឆ្នាំ២០១៧ ចំនួន ៧ដង ដែ លមានកម្មករ និយោជិត ចូលរួមចំនួន ១០ ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨៨ និងកាលពីឆ្នាំ២០១៨ ចំនួន ៧ដង ដែលមានកម្មករ និយោជិត ចូលរួមចំនួន ១០ម៉ឺន ៧ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០០។ ជំនួបនៅថ្ងៃស្អែកនេះជាលើកទី១៥ ហើយ ដែលសម្តេចតេជោនាយករ ដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត សរុបចំនួន ១៨០៣១នាក់មកពីរោងចក្រ សហគ្រាស ចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ។
រោងចក្រ សហគ្រាស ចំនួន ១១ ជាប្រភេទរោងចក្រកាត់ដេរចំនួន៧, ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៣, ដេរស្បែកជើងចំនួន ១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូ ចជា អឺរ៉ុប អាម៉េរិក កាណាដា និងជប៉ុន ជាដើម។ នៅរាជធានីភ្នំពេញ គិតត្រឹមឆ្នាំ២០២៣ មានរោងច ក្រ សហគ្រាស ចំនួន ៩៣១៤ និងមានកម្មករ និយោជិតជាង ៦៦ម៉ឺននាក់។ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី កម្ពុជាបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ សង្គម និងសេដ្ឋកិច្ចជាតិបន្តមានការរីកចម្រើនគួរជាទីមោទនៈ។ សេដ្ឋកិច្ចកម្ពុជា បានកើនឡើងជាមធ្យមក្នុងអត្រា ៧% ជាងពីរទស្សវត្សរ៍មកហើយ លើកលែងតែក្នុងអំឡុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩។ ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% នៃកម្លាំងពលកម្មសរុបប្រ មាណ ១០,៨លាននាក់។
បច្ចុប្បន្ន សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រ សួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ១៧២៥៦ ដែលមានកម្មករ និយោជិត ចំនួន ១,៥លាននាក់។ ការនាំចេញរបស់កម្ពុជា មានរហូតដល់ប្រមាណ ១៣ពាន់លានដុល្លារអាម៉េរិក តួលេខនេះ គិតក្នុងឆ្នាំ២០២២ ប៉ុណ្ណោះ៕ដោយ៖ស តារា