ភ្នំពេញ÷ នាព្រឹកថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៨ព្រឹក នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំសម័យ ប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានវត្តមានសមាជិក សមាជិកាព្រឹទ្ធសភាចូលរួមចំនួ៦០រូប។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈ៖
១-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ។
២-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេវាកម្មអាស៊ាន។
តំណាងរាជរដ្ឋាភិបាលដែលបានអញ្ជើញចូលរួមការពារសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ រួមមានលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានអមដោយថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញចំនួន០៩រូប។ តំណាងរាជរដ្ឋាភិបាលដែលបានអញ្ជើញចូលរួមការពារសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ានរួមមានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអមដោយថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញចំនួន០៧រូប។
សេចក្តីព្រាងក្រមនៅក្នុងរបៀបវារៈទី១ ត្រូវបានលោក ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ឡើងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំព្រឹទ្ធសភាបានជ្រាបអំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីពា្រងក្រម។ ចំពោះសេចក្តីព្រាង ច្បាប់នៅក្នុងរបៀបវារៈទី២ ត្រូវបាន លោកគង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភាឡើងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំព្រឹទ្ធសភាបានជ្រាបអំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីពា្រងច្បាប់។
បន្ទាប់ពីសមាជិកព្រឹទ្ធសភាឡើងមានយោបល់ និងលើកជាសំណូមពរ និងសំណួរសុំការបំភ្លឺមកលោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានឡើងបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងអនុម័តយល់ព្រមដោយឥតកែប្រែលើខ្លឹមសារទាំងមូលនៃសេចក្តីព្រាងក្រម និងច្បាប់ខាងលើក្នុងចំនួន៦០សម្លេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕ដោយ៖សុរិយា