ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំ ស្ដីពីវិធានការទប់ស្កាត់ជំងឺគ្រុនឈាម នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ២០២៣

ចែករំលែក៖

ភ្នំពេញ : ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងអស់មេត្តាជ្រាបថា៖ ជំងឺគ្រុនឈាមក្នុងអំឡុង ២១សប្តាហ៍ ដើមឆ្នាំ២០២៣ នេះ មានចំនួន ៣.៤៣៩ករណី។ យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិ បានបញ្ជាក់ថា ការចម្លងបានចាប់ផ្ដើមកើនឡើងនៅតាម ភូមិ ឃុំ និងទីប្រជុំជននៃបណ្តាខេត្តមួយចំនួន ជាពិសេស ខេត្តដែលមានការដ្ឋានសំណង់ច្រើន និងមានប្រជាជន រស់នៅច្រើនកុះករ។ កំណើននៃករណីជំងឺគ្រុនឈាមនាពេលនេះ តម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងការចូល- រួមពីបងប្អូនប្រជាពលរដ្ឋគ្រប់រូប ក្នុងការពង្រឹងអនុវត្តវិធានការការពារសុខភាពឱ្យបានល្អ ចៀសផុតពីការឆ្លងជំងឺ គ្រុនឈាម ដោយសារសត្វមូសខ្លាញីខាំ ដែលបានកើតឡើងដោយសារពពួកដង្កូវទឹក។

ក្នុងន័យនេះ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមធំធេងក្នុងសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព នោះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរ ជាប្រជាជនគំរូមួយរូប ស្របនឹងពាក្យស្លោក “ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រូសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មាន ដង្កូវទឹក”តាមរយៈការអនុវត្តន៍នូវវិធានការសាមញ្ញៗហើយអាចធ្វើបានដូចខាងក្រោម ៖

វិធានការទី១ ៖ អាណាព្យាបាល មាតាបិតា កុមារា កុមារី គ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្ម ចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ធុង ពែង ជាដើម ដោយការផ្លាស់ប្ដូរទឹក និងលាងសម្អាតជាប្រចាំឱ្យបានយ៉ាងតិចមួយដងក្នុងមួយសប្តាហ៍ ដាក់ថ្នាំ បាណកឃាដសម្លាប់ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹកជាដើម។ ចំពោះសម្ភារៈដក់ទឹកផ្សេង ទៀត ដែលទុកចោលមិនប្រើប្រាស់ ដូចជាសំបកកង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេ ត្រូវកប់ ឬ ដុត ឬ កំទេចចោល ឬ ទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់។

វិធានការទី២ ៖ សូមឱ្យម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករ និងកម្មការិនីទាំងអស់ ត្រូវធ្វើអនាម័យ បរិស្ថានឱ្យបានស្អាតនៅក្នុងបរិវេណការដ្ឋានសំណង់របស់ខ្លួន ជាពិសេសត្រូវលុបបំបាត់វត្ថុដក់ទឹក និងថ្លុកដក់ទឹក ដើម្បីការពារកុំឱ្យដក់ទឹក លុបបំបាត់ប្រភព និងជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ។

វិធានការទី៣ ៖ អាជីវករ និងម្ចាស់អាជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡាន ម៉ូតូ `សូមធ្វើការគ្រប់គ្រងសំបកកង់ទាំងនោះឱ្យមានសុវត្ថិភាព ចៀសផុតពីការដក់ទឹក” ដោយមិនត្រូវទុកចោលពាសវាលពាសកាល បង្កើតបានជាប្រភពកកើត និងជម្រកមូសខ្លាដ៏គ្រោះថ្នាក់បំផុត។ វិធីសាស្ត្រក្នុងការគ្រប់គ្រងសំបកកង់ ដោយសុវត្ថិភាពគ្មានសត្វមូសកកើត គឺត្រូវ៖ ដាក់គរត្រួតលើគ្នា គ្របដោយបន្ទះក្តាជិត ឬស្បៃមុង ឬចាក់ប្រេង ម៉ាស៊ីនដែលខូចឈប់ប្រើប្រាស់ចូល ឬចាក់ដីបំពេញ ជាពិសេស ដាក់នៅក្រោមដំបូលដើម្បីការពារកុំឱ្យមានដក់ទឹក ដែលបង្កទៅជាប្រភពកកើត និងជាជម្រកមូសខ្លា។

វិធានការទី៤ ៖ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ និងសំលៀកបំពាក់ ទាំងនៅក្នុង និងក្រៅផ្ទះ ឱ្យមានសណ្ដាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូស មកតោងជ្រកទុំជិតខ្លួនយើង ហើយដែលអាចងាយនឹងខាំយើងបាន។

វិធានការទី៥ ៖ ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ លើសពី ៣៨អង្សារសេ ត្រូវប្រញាប់នាំអ្នកជំងឺ ទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិត បំផុត ជាបន្ទាន់ (មិនឱ្យយឺតជាង ៧២ម៉ោង បន្ទាប់ពីក្តៅខ្លួន) ហើយ សូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅ ខ្លាំងភ្លាមៗនេះ ដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺនៅក្នុងសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺ គ្រុនឈាមនេះឱ្យសោះ ។

ក្រសួងសុខាភិបាល សូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ក្រសួង មន្ទីរ ឬអង្គភាពពាក់ព័ន្ធ អង្គការមិនមែន រដ្ឋាភិបាល ដៃគូសុខាភិបាល សហគមន៍ជាតិ និងអន្តរជាតិទាំងអស់ បន្តចូលរួមជួយអន្តរាគមន៍ និងសហការ ពេញលេញ ព្រមទាំងបន្តជួយឧបត្ថម្ភគាំទ្រ ក្នុងការចូលរួមជាមួយកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ និងបញ្ចៀសបានទាន់ពេលវេលានូវហានិភ័យរាតត្បាតទ្រង់ទ្រាយធំជាយថាហេតុនៃជំងឺគ្រុនឈាម។

ក្រសួងសុខាភិបាល : សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធរ មូលដ្ឋាន ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ និងសូមចូលរួមយកចិត្តទុកដាក់អនុវត្តតាមការណែនាំខាងលើ ដើម្បី សុខភាពល្អទាំងអស់គ្នា ចៀសផុតពីការកើតជំងឺគ្រុនឈាមនៅក្នុងសហគមន៍៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print