លោក ឯម ច័ន្ទមករា សម្គាល់ឃើញផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពទទួលបានការចាប់អារម្មណ៍ និងចូលរួមអនុវត្តពីបុគ្គលសំខាន់ៗ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកឯម ច័ន្ទមករា បានលើកឡើងថាផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ទទួលបាន ការចាប់អារម្មណ៍និងមានការចូលរួមអនុវត្តពីបុគ្គលសំខាន់ៗនិងអ្នកពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាដែលជនមានពិការភាពបានជួបប្រទះកន្លងមកក៏ដូចជាបច្ចុប្បន្ន។

លោក ឯម ច័ន្ទមករា ថ្លែងដូចនេះក្នុងពិធីបើកសិក្ខា សាលាពិគ្រោះយោបល់ស្តីពីការកសាងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០២៤-២០២៨ នាថ្ងៃទីម១៣ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។

លោក ឯម ច័ន្ទមករា បានកត់សម្គាល់ផងដែរថា វិស័យពិការភាពមានការវិវត្តវិជ្ជមាន ហើយត្រូវបានកំណត់ជាអាទិភាពការងារដោយសមាជិក សមាជិកាក្រុម ការងារសកម្មភាពជនពិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិក្នុងគោលបំណងពន្លឿន និងសម្របសម្រួលនូវកិច្ចខិតខំប្រឹងប្រែងជារួមរបស់យើងទាំងអស់គ្នា ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវរបៀបវារៈ ការកសាងឡើងវិញប្រកបដោយបរិយាបន្ន ភាពប្រកួតប្រជែង និងលើកកម្ពស់ជីវភាពរស់នៅរបស់ជនមានពិការភាព ក្រោយវិបត្តិកូវីដ-១៩។

លោកបានបញ្ជាក់ថា ជិត៥ឆ្នាំមកនេះ វិស័យពិការភាពបើទោះបីជាទទួលរងនូវវិបត្តិកូវីដ-១៩ យ៉ាងណាក្តី ថ្នាក់ ដឹកនាំប្រទេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ រួមជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការគ្រប់លំដាប់ថ្នាក់ បានខិតខំរួមគ្នាក្នុងការដាក់ចេញនូវវិធានគោលនយោបាយ និងគំនិតផ្តួចផ្តើមនានា ដើម្បីដោះស្រាយបញ្ហាជីវភាពរស់នៅរបស់ជនមានពិការភាព កាត់បន្ថយផលប៉ះពាល់មកលើសង្គម-សេដ្ឋកិច្ច សំដៅជំរុញការអភិវឌ្ឍន៍វិស័យពិការភាពស្របតាមអភិក្រម «គ្មាននរណាម្នាក់ត្រូវបានផាត់ចេញ»។

ជាក់ស្តែង ដើម្បីឆ្លើយតបទៅតាមតម្រូវការនិងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩។

តាមរយៈរបាយការណ៍មូលនិធិជាតិជំនួយសង្គម គ្រួសារក្រីក្រនិងងាយរងគ្រោះសរុបចំនួន ៧០៤ ៥៣៥គ្រួសារ ក្នុងនោះជនមានពិការភាពចំនួន ៦០ ៦១៣គ្រួសារ បានទទួលផលពីកម្មវិធីនេះ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ (៣៥លើក)។

...

ក្នុងឱកាសនោះដែរលោកឯម ច័ន្ទមករា បានស្នើសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ បន្តប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការនានាតាមគ្រប់រូបភាពគ្រប់វិស័យក្នុងទិសដៅដាក់បញ្ចូលវិស័យ ពិការភាពទៅក្នុងសកម្មភាពនានារបស់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិដែលមានលក្ខណៈបើកចំហរនិងបរិយាបន្ន៕ ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print