សម្ដេចក្រឡាហោម ស ខេង អញ្ជើញពិនិត្យដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ បន្ទាប់ពីសម្ដេចបានបញ្ចប់ការដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការងារប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា

ចែករំលែក៖

ភ្នំពេញ : នាព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញពិនិត្យដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ បន្ទាប់ពីសម្ដេចបានបញ្ចប់ការដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការងារប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា។

យោងតាមការឱ្យដឹងពីក្រុមហ៊ុនទទួលសាងសង់ រហូតមកដល់ពេលនេះ ដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ សម្រេចបានចំនួន៨៥ភាគរយហើយ។ ដំណើរការសាងសង់អគាររដ្ឋបាលក្រសួងដែលមានទំហំធំជាងគេនៅកម្ពុជាមួយនេះ នឹងបញ្ចប់ការដ្ឋានសាងសង់នាអំឡុងចុងខែមិថុនា ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថាអគារទីស្ដីការក្រសួងមហាផ្ទៃ មានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់៩ជាន់។ ការសាងសង់អគារនេះ គ្រោងចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក។ អគារនេះ ជាស្នាដៃកូនខ្មែរសុទ្ធសាធ ទាំងស្ថាបត្យករ វិស្វិករ និងក្រុមជាង។ សម្ដេចក្រឡាហោម ចាត់ទុកអគារនេះជាផ្នែកមួយនៃមោទកភាពជាតិ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print