ឃាត់ខ្លួនកូនតុងទីនម្នាក់តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ស្ថាប័នអយ្យការ ពាក់ព័ន្ធករណីចេញសែកស្អុយចំនួន៣០ ម៉ឺនដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីជាអ្នកជំនួញម្នាក់ និងជាអ្នកលេងតុងទីនវេចលុយរត់ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌក្រសួង មហាផ្ទៃ ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចហាងកាហ្វេក្រោន ពោធិចិនតុង សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ពាក់ព័ន្ធពីបទ​ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺប្រើ ប្រាស់មូលប្បទានប័ត្រគ្មានសាច់ប្រាក់”សែកស្អុយ”ចំនួន៣០ ម៉ឺនដុល្លារអាមេរិក ។

ជនសង្ស័យមានឈ្មោះ សារ៉ាន សុជាតា ភេទស្រី អាយុ៣៦ ឆ្នាំ មុខរបរ អ្នករកស៊ី ស្នាក់នៅផ្ទះលេខB៦០.៦២ ផ្លូវលេខ៧២២A សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ 

តាមសមត្តកិច្ចឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យគឺបានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួន របស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើពាក្យបណ្តឹង របស់ឈ្មោះ គង់ ណាក់នីន ។ អង្គហេតុក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ២០២២ ឈ្មោះ សារ៉ាន សុជាតា បានទំនាក់ទំនងជាមួយដើមបណ្តឹង ដោយនិយាយអង្វរសុំខ្ចីប្រាក់ចំនួន៣០ ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅធ្វើដើមទុនរកស៊ីជាបន្ទាន់ ហើយឈ្មោះ សារ៉ាន សុជាតា បានចេញមូលប្បទានប័ត្រមួយសន្លឹកដែលមានទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លារអាមេរិក ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ។ មូលប្បទានប័ត្រនោះតម្រូវឲ្យដើមបណ្តឹងទៅបើកប្រាក់ នៅធនាគារវឌ្ឍនៈអាស៊ីចំកាត់ ដោយមាន ការជឿទុកចិត្តរាប់អានគ្នា ទើបដើមបណ្តឹងបានប្រគល់ប្រាក់ឲ្យទៅជនសង្ស័យគ្រប់ចំនួន ។ 

លុះដល់ថ្ងៃកំណត់ ដើមបណ្តឹងបានយកមូលប្បទានប័ត្រនោះទៅបើកប្រាក់ ស្រាប់តែខាងធនាគារបញ្ជាក់ថា មូលប្បទានប័ត្រនេះពុំមានសាច់ប្រាក់ទេ ។ ចាប់ពីពេលនោះមកដើមបណ្តឹងបានទំនាក់ទាក់ទៅជនសង្ស័យ តែមិនអាចទាក់ទងបាន ព្រមទាំងគេចខ្លួនមិនចូលដោះស្រាយបំណុល ដែលខ្ចីដើមបណ្តឹងនោះទេ ម្លោះហើយទើបដើមបណ្តឹងដាក់ពាក្យប្តឹងសមត្តកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។ 

លើសពីនេះជនសង្ស័យឈ្មោះ សារ៉ាន សុជាតា ជាកូនតុងទីនម្នាក់ ដែលលេងជាមួយដេីមបណ្តឹង​ និងបានដេញប្រមូលយកប្រាក់អស់ ហើយគេចខ្លួន ដោយមិនបានបង់ឲ្យមេវិញទេ ធ្វើឲ្យមេតុងទីនរកលុយសងជំនួសជា​ ច្រេីន​ រហូតថាមេតុងទីនបោកកូនតុងទីន ប៉ុន្តែដូចឃើញស្រាប់ហើយ ប៉ុន្មានករណីកន្លង មកនេះ កូនតុងទីនទេដែលបោកមេតុងទីន និងបានប្រមូលទឹកលុយច្រើនៗ ដូច្នេះចង់និយាយថា មិនប្រាកដមេតុងទីនទាំងអស់សុទ្ធតែអាក្រក់នោះទេ កូនតុងទីនមួយចំនួនទេ ដែលធ្វើបាបមេតុងទីនឲ្យចេញសងជំនួសក្នុងទឹកប្រាក់ជាច្រេីន រហូតទាល់តែជំពាក់កូនតុងទីនវិញ ហើយត្រូវគេប្តឹងផ្តល់ដាក់គុកថែមទៀតផង ។ 

ជនសង្ស័យខាងលើកំពុងស្ថិតនៅតំណាក់កាលសមត្តកិច្ច ជួបដោះស្រាយបំណុលជាមួយដើមបណ្តឹង តែបើមិនត្រូវគ្នាទេ និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print