ប្រទេសក្រិក៖ លិចទូកដឹកជនចំណាកស្រុក មនុស្ស ៧៨នាក់បានស្លាប់

ចែករំលែក៖

មនុស្សរាប់សិបនាក់បានលង់ទឹកស្លាប់ បន្ទាប់ពីទូកនេសាទដែលដឹកជនចំណាកស្រុកបានក្រឡាប់នៅឆ្នេរសមុទ្រនៃប្រទេសក្រិក។ មនុស្សរាប់រយនាក់ទៀតត្រូវបានជួយសង្គ្រោះ ប៉ុន្តែមនុស្សជាច្រើននៅតែបាត់ខ្លួន ខណៈដែលប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះទ្រង់ទ្រាយធំនៅតែបន្ត។

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្មាំឆ្នេរសមុទ្រក្រិកបានប្រកាសថា ចំនួនអ្នកស្លាប់ក្នុងការលិចទូកនេសាទដែលដឹកជនចំណាកស្រុកចេញពីភាគខាងត្បូងនៃប្រទេសក្រិកបានកើនឡើងដល់ ៧៨នាក់ហើយ។
ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះទ្រង់ទ្រាយធំមួយត្រូវបានចាប់ផ្តើមនៅព្រឹកថ្ងៃពុធ បន្ទាប់ពីទូកមួយដែលត្រូវបានគេជឿថាបានដឹកមនុស្សរហូតដល់ 400 នាក់ពីប្រទេសលីប៊ីទៅកាន់ប្រទេសអុីតាលីបានក្រឡាប់ពេញមួយយប់ដោយសារតែខ្យល់បក់ខ្លាំងដែលមានចម្ងាយប្រហែល 75 គីឡូម៉ែត្រ (46 ម៉ាយ) ពីភាគនិរតីទីក្រុង Peloponnese (ក្រិក) ។
រហូតមកដល់ពេលនេះ មនុស្សចំនួន 104 នាក់ត្រូវបានជួយសង្គ្រោះ និងនាំយកទៅកាន់ទីក្រុង Kalamata ប្រទេសក្រិក ជាកន្លែងដែលពួកគេទទួលបានការថែទាំសុខភាពនៅតាមជម្រកដែលបង្កើតឡើងដោយទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។ មនុស្ស 4 នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរោគសញ្ញានៃការថយចុះកម្តៅ។
ដំបូងឡើយ អាជ្ញាធរបានដាក់ចំនួនអ្នកស្លាប់ចំនួន៣២នាក់ មុនពេលកើនឡើងដល់៥៩នាក់ និងបន្ទាប់មក៧៨នាក់។ ចំនួននេះអាចកើនឡើងកាន់តែច្រើន។
ការស្វែងរកដែលរួមមានកប៉ាល់ឆ្មាំឆ្នេរសមុទ្រចំនួន៦ នាវាពិឃាតកងទ័ពជើងទឹក យន្តហោះដឹកជញ្ជូនយោធា ឧទ្ធម្ភាគចក្រកងទ័ពអាកាស នាវាឯកជនជាច្រើន និងយន្តហោះគ្មានមនុស្សបើកមកពីទីភ្នាក់ងារការពារព្រំដែនសហភាពអឺរ៉ុប (Frontex) កំពុងបន្ត។
ក្រសួងអន្តោប្រវេសន៍ក្រិកបាននិយាយថា យោងតាមឆ្មាំឆ្នេរសមុទ្រ អាចមានមនុស្សរាប់រយនាក់នៅលើទូក។ ទន្ទឹមនឹងនេះ អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុកបានប៉ាន់ប្រមាណថា មនុស្សរហូតដល់ 400 នាក់ប្រហែលជានៅលើទូកនោះ។ អាជ្ញាធរបាននិយាយថា កប៉ាល់នេះត្រូវបានគេប្រទះឃើញជាលើកដំបូងនៅក្នុងដែនទឹកអន្តរជាតិនៅព្រឹកព្រលឹមនៃយប់ថ្ងៃអង្គារដោយយន្តហោះ Frontex និងកប៉ាល់ពីរនៅក្បែរនោះ៕ ដោយធីរីណា

...

រូប​ថត​ : conly.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print