លោក វ៉ាង យី ចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនធ្វើឱ្យទំនាក់ទំនងអាមេរិក-ចិនកាន់តែអាក្រក់

ចែករំលែក៖

លោក វ៉ាង យី បានបញ្ជាក់ថា «ការគណនាខុស»របស់អាមេរិកស្តីពីចិន ជាមូលហេតុធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែអាក្រក់ទៅ ។

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះបានផ្សាយថា នៅថ្ងៃចន្ទនេះ មន្រ្តីការទូតកំពូលរបស់ចិន លោក វ៉ាង យី (Wang Yi) បានប្រាប់ទៅកាន់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) ថា ចិននិងសហរដ្ឋអាមេរិកចាំបាច់ត្រូវសម្រេចជ្រើសរើសយកមួយរវាងកិច្ចសហប្រតិបត្តិការនិងជម្លោះ ខណៈដែលលោកប្រមុខការទូតអាមេរិក ត្រូវចាកចេញពីប្រទេសចិនវិញក្នុងថ្ងៃដដែលនេះ ក្រោយការបំពេញទស្សនកិច្ចដែលមានគោលដៅស្វែងរកភាពប្រសើរឡើងសម្រាប់ទំនាក់ទំនងទ្វេភាគីដែលបានធ្លាក់ដុនដាបយ៉ាងខ្លាំង។
ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា លោក ប៊្លីនខិន និងលោក វ៉ាង បានជួបពិភាក្សាគ្នារយៈពេល៣ម៉ោងនៅថ្ងៃចន្ទនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV លោក វ៉ាង បានប្រាប់លោក ប៊្លីនខិន ដូច្នេះថា «ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការបរទេសអាមេរិកមកកាន់ទីក្រុងប៉េកាំងលើកនេះ គឺចំពេលវេលាដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងចិន-អាមេរិក។ ហេតុនេះហើយវាជារឿងចាំបាច់ក្នុងការសម្រេចចិត្តជ្រើសរើសរវាងកិច្ចសន្ទនាគ្នានិងការប្រឈមុខដាក់គ្នា, រវាងកិច្ចសហប្រតិបត្តិការនឹងជម្លោះ»។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោកប្រមុខការទូតអាមេរិកក៏បានជួបពិភាក្សាជាច្រើនម៉ោងជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក ឈិន កាង (Qin Gang) ផងដែរ។ លើសពីនេះ បើតាមប្រភពពីមន្រ្តីទីក្រុងវ៉ាស៉ីនតោន លោក ប៊្លីនខិន ក៏នឹងត្រូវជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីចិនលោក ស៉ី ជិនពីង ផងដែរ មុនពេលចាកចេញពីប្រទេសចិនវិញ។
ភាពតានតឹងរវាងប្រទេសកំពូលមហាអំណាចសេដ្ឋកិច្ចទាំង២របស់ពិភពលោកបានកើនឡើងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញបញ្ហាជាច្រើន រាប់ចាប់តាំងពីពាណិជ្ជកម្ម បច្ចេកវិទ្យា រហូតដល់កោះតៃវ៉ាន់ ដែលត្រូវចិនចាត់ទុកជាបញ្ហាដ៏រសើបបំផុត។ ក្រុមមន្រ្តីអាមេរិកបានលើកឡើងរួចស្រេចហើយថា ពួកគេមិនរំពឹងថា ដំណើរទស្សនកិច្ចរបស់លោក ប៊្លីនខិន នឹងអាចសម្រេចបានជោគជ័យធំដុំណាមួយឡើយ ប៉ុន្តែពួកគេសង្ឃឹមថា វានឹងអាចជួយបើកឡើងវិញនូវខ្សែបណ្តាញទំនាក់ទំនង ដើម្បីទប់ស្កាត់ហានិភ័យនៃការផ្ទុះឡើងនូវជម្លោះ៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print