ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថាការលះបង់របស់សម្ដេចគឺមិនមែនសម្រាប់តែសម្ដេចប៉ុណ្ណោះទេតែជាការលះបង់ដើម្បីជួយដល់ពលរដ្ឋកម្ពុជាគ្រប់រូប។ សម្ដេចបានលើកឡើងដោយទំនងជាស្រក់ទឹកភ្នែកផងក្នុងការផ្ដល់ បាឋកថាមួយនៅក្រសួងការពារជាតិព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងខួប៤៦ឆ្នាំនៃការចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាសម្ដេចធ្លាប់ឆ្លងកាត់ការបែកបាក់គ្រួសារ និងជួបផលវិបាកនៃសង្គ្រាម ហើយការលំបាកនេះហើយទើបសម្ដេចប្ដេជ្ញាថានឹងមិនឱ្យពលរដ្ឋកម្ពុជាជួបការលំបាកបែបនេះដូចសម្ដេចនោះទេ។
សម្ដេចតេជោថា៖ «ហើយអ្វីជាបទពិសោធន៍នៃការឈឺចាប់ក្រលំបាករបស់យើងមកដល់ពេលនេះយើងត្រូវដោះស្រាយសម្រាប់ជីវិតរបស់អ្នកក្ររបៀបមិច។ ខ្ញុំគិតថាអ្នកដែលទទួលផលក្រោយគឺមានសំណាងប៉ុន្ដែសំណាងនោះយើងក៏ត្រូវមានភារកិច្ចឱ្យពួកគេទទួលបានផលសំណាងពីពលិកម្មរបស់យើង»។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជាខួបគម្រប់ ៤៦ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេងទៀត បានសម្រេចចិត្តលាចាកទឹកដី លាចាកភរិយា និងកូនក្នុងផ្ទៃធ្វើដំណើរទាំងយប់កាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញការដឹកនាំរបស់ខ្មែរក្រហម។
សម្តេចតេជោ ហ៊ុន សែន បានចោទជាសំនួរថា កាលពី៤៦ឆ្នាំមុន បើសមមិត្ត ហ៊ុន សែន មិនសម្រេចចិត្តយកជីវិតធ្វើជាដើមទុនក្នុងការរំដោះជាតិ ក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេ តើអាចនឹងមានអ្វីកើតឡើងសម្រាប់ប្រទេសកម្ពុជាបន្តទៀត? ខណៈដែលជីវិតប្រជាពលរដ្ឋខ្មែរទាំងអស់ស្ថិតនៅក្រោមកណ្តាប់ដៃរបស់ពួកខ្មែរក្រហម។
សម្ដេចតេជោលើកឡើងថាការលះបង់របស់សម្ដេចមិនមែនសម្រាប់តែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់សម្ដេចនោះទេ តែវាជាផលប្រយោជន៍សម្រាប់មនុស្សទាំងអស់ហើយសម្ដេចស្នើសុំឱ្យទទួលយកការពិតមួយនេះ។
សម្ដេចតេជោ ហ៊ុនសែន បន្តថា៖ «ខ្ញុំមិនគិតថាការលះបង់របស់ខ្ញុំវាគ្រាន់តែជាផលប្រយោជន៍របស់ខ្ញុំទេ! តែវាជាផលប្រយោជន៍សម្រាប់មនុស្សទាំងអស់ហើយខ្ញុំអត់មានច្រណែនជាមួយអ្នកណាទេ អ្វីដែលខ្ញុំគួរសុំមិនសុំអ្វីក្រៅតែពីការទទួលយកនូវការពិតមួយប៉ុណ្ណោះ»។
អស់រយៈពេលជាង៣៨ឆ្នាំហើយដែលសម្ដេចតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាបន្ទាប់ពីវាយផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមឱ្យដួរលរលំនៅឆ្នាំ១៩៧៩។ ការកាន់តំណែងរបស់សម្ដេចតេជោបានដឹកនាំកម្ពុជាពីប្រទេសក្រីក្រមួយនៅអាស៊ីឱ្យក្លាយជាប្រទេសមួយដែលមានការរីកចម្រើនលូតលាស់គួរឱ្យកត់សម្គាល់ គោលដៅទៅមុខនៃរដ្ឋាភិបាលសម្ដេចតេជោគឺធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៧ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
អ្វីដែលទទួលបាននេះគឺមិនអាចកាត់ផ្ដាច់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលជាថ្ងៃដែលសម្ដេចសម្រេចចិត្តដ៏ធំធេងមួយចំពោះជាតិមាតុភូមិ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែមិនអស់ចិត្តនឹងសំណួរ១ឃ្លាដែលខ្មែរក្រហមបានសួរទៅកាន់សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍កាលជំនាន់ខ្មែរក្រហម នាអំឡុងឆ្នាំ១៩៧៦ ព្រោះក្រោយពេលសួរប៉ុន្មានថ្ងៃនោះ ពួកខ្មែរក្រហមបែរជានាំភរិយារបស់សម្តេចទៅលុតដំបង្ខំឱ្យធ្វើការជាទម្ងន់ ទាំងមិនដឹងមូលហេតុអ្វីសោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានទម្លាយរឿងអាថ៌កំបាំងក្នុងថ្ងៃរៀបការនៅជំនាន់ខ្មែរក្រហម ដោយអ្នកសាកសួរសម្តេចគឺលោក អ៊ុក ប៊ុនឈឿន ហើយនៅមានជីវិតដល់ពេលបច្ចុប្បន្ន។ សម្ដេចតេជោបានបញ្ជាក់ថា សំណួរដែលខ្មែរក្រហមសួរនោះ «តើសមមិត្តមានលទ្ធភាពកសាងភរិយា ឱ្យក្លាយទៅជាវណ្ណៈអធនបានដែរឬទេ?»។
សម្ដេចតេជោបានបន្តថា អ្នកដែលសួរសំណួរទៅកាន់សម្ដេច និងភរិយានាពេលនោះ គឺជាលោក អ៊ុក ប៊ុនឈឿន ដែលជាប្រធានគណៈកម្មកានីតិកម្មនៃព្រឹទ្ធសភាបច្ចុប្បន្ន ពោលគឺលោកនៅមានជីវិតនៅឡើយ។ ទោះជាយ៉ាងណា សម្ដេចតេជោក៏បានសូមអភ័យទោសពីសំណាក់លោក អ៊ុក ប៊ុនឈឿន ក្នុងការរំឭកអំពីរឿងនេះ ដោយសារនេះជាប្រវត្តិសាស្ត្រពិតជាក់ស្ដែងផង ហើយក៏មានចម្ងល់លើកឡើងទៅកាន់សម្ដេចតេជោផ្ទាល់ ក្នុងពេលខ្សែផលិតភាព យន្តប្រវត្តិសាស្ត្ររឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី» ដែលកំពុងចាក់ផ្សាយរៀងរាល់ថ្ងៃនេះផងដែរ៕
ដោយ : សិលា