ខេត្តកំពង់ស្ពឺ÷នៅរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហម និងសមាជិក ព្រមទាំងអាជ្ញាធរ ភូមិ ឃុំ ស្រុក បានអញ្ជើញ ចុះសួរសុខទុក្ខនាំយកអំណោយចែកជូន បុរសពិការដៃទាំងពីរ ដែលប្រពន្ធមានផ្ទៃពោះធំជិតគ្រប់ខែ រស់នៅក្នុងភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បុរសពិការដៃទាំងពីនេះមានឈ្មោះ ប៉ុន ពិសី អាយុ៣៣ឆ្នាំ ប្រពន្ធឈ្មោះ សួន ចាន់រី អាយុ២៦ឆ្នាំ មានកូនស្រីម្នាក់នៅក្នុងបន្ទុកអាយុ៧ឆ្នាំ។
សម្ភារៈរួមមានអង្ករ១០០គីឡូក្រាម មី៤កេស ទឹកត្រី២យួរ ទឹកសុីអុីវ២យួរ ត្រីខ៤យួរ ឃីត២កញ្ចប់ សម្ភារៈផ្ទះបាយ១ឈុត និងថវិកា៥លានរៀលផងដែរ។
នៅក្នុងឱកាសនោះដែរ លោកស្រី ម៉ែន នារីសោភ័គ ក៏បានអញ្ជើញសំណេះសំណាលជាមួយចាស់ជរា ចំនួន៦នាក់ ក្នុងភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី។
សម្ភារៈមានអង្ករ២៥គីឡូ មី១កេស ទឹកត្រី១យួរ ទឹកសុីអុី១យួរ ឃីត១ ត្រីខ១យួរ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ។
សូមរំលឹកផងដែរថា,បុរសជាប្តីពិការដៃទាំងសងខាងដោយសារតែឆក់ខ្សែភ្លើងពេលបំពេញការងារជាជាងដែក ចំណែកប្រពន្ធមានផ្ទៃពោះ៧ខែ រស់នៅក្នុងខ្ទមកំសត់ ដង្ហើយរកសប្បុរសជនក្រែងមានចិត្តសប្បុរស ជួយពួកគេគ្រាន់បានព្យាបាលនិងហូបផង។
បុរសជាប្តីពិការដៃទាំងពីរមានឈ្មោះ ប៉ុន ពិសី ៣៣ឆ្នាំ (មុខរបរជាងដែក) រស់នៅភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រពន្ធមានឈ្មោះ សួន ចាន់រី អាយុ២៦ឆ្នាំ មុខរបរកម្មារិនីរោងចក្រយីហោ( វិនធូរ៉ា) ផ្នែកជំនាញបិតកាវ កាបូប បច្ចុប្បន្ននាងមានផ្ទៃពោះ៧ខែទៀតផង។
បុរសពិការដៃទាំងពីរបានរៀបរាប់ទាំងអួលដើមករថា នៅមុនជួបហេតុការណ៍ធ្វើឱ្យលោកពិការដៃទាំងសងខាងនោះ គឺនៅវេលាម៉ោង៩ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣លោកបានបំពេញការងារធ្វើដំបូលផ្ទះឱ្យគេ ដោយលោកបានលើកដែកមួយដើមប្រវែង៦ម៉ែត្រដើម្បីផ្សារភ្ជាប់ ប៉ុន្តែនៅពេលដែលលើ ឡើងទៅលើ ហួសប្រហែល២ម៉ែត្រ នៅក្បែរបង្គោលខ្សែភ្លើងធំ ស្រាប់តែស្រូបលោកឡើងផុតពីដី មួយសន្ទុះទើបធ្លាក់មក ដែកយើងលើកប្រវែង៦ម៉ែត្រ ពេលនឹងវិញ ខ្លោចដៃទាំងពីរខ្លោចពេញខ្លួន បាត់ទៅហើយ ។ពេលធ្លាក់មកវិញដៃរួញនោះ លោកមានអាក្ការៈក្តៅក្នុងខ្លួន និងដៃខ្លាំងណាស់ បានស្រែហៅបងប្អូន ប្រជាពលរដ្ឋលើកលោកដាក់ចូលក្រោមម្លប់ រួចហើយបានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់របស់មណ្ឌលសុខភាពឃុំស្រង់មកយក ប៉ុន្តែដោយអង្គុយចាំយូរពេក ទើបសម្រេចចិត្តដឹកលោកដាក់រម៉ឺក ទៅដល់មណ្ឌលសុខភាពឃុំស្រង់ ក្រុមលោកគ្រូ អ្នកគ្រូពេទ្យបាន ដាក់សេរ៉ូម រួចក៏បញ្ជូនលោកបន្តទៅមន្ទីរពេទ្យព្រះកុសុមៈ(មន្ទីរពេទ្យលោកសង្ឃ) នៅឯរាជធានីភ្នំពេញ។ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានធ្វើការវះកាត់ដៃរបស់លោកទាំងពីរតែម្តង ធ្វើឱ្យរូបលោកពិការអស់មួយជីវិត។
បើតាមការឱ្យដឹងពីស្ត្រីជាប្រពន្ធមានឈ្មោះ សួន ចាន់រី អាយុ២៦ឆ្នាំ មុខរបរកម្មារិនីរោងចក្រ មានផ្ទៃពោះចំនួន៧ខែថែមទៀតផងនោះរៀបរាប់ថា ក្នុងនាមជាប្រពន្ធភ្លាមៗមិនអាចទទួលយកនូវរឿងនេះបានឡើយ។ ប្តីត្រូវឆក់ខ្សែភ្លើងកាត់ដៃទាំងពីរ ពិការអស់មួយជីវិត រូបគាត់មានផ្ទៃពោះចំនួន៧ខែទៀត មានកូនស្រីម្នាក់អាយុទើបតែ៧ឆ្នាំ រស់នៅក្នុងខ្ទម ចាស់មានសភាពទ្រុឌទ្រោម រហែកជញ្ជាំងដែលធ្វើពីស្លឹកត្នោត ពេលភ្លៀងធ្លាក់ត្រូវរត់ទៅជ្រកក្រោមផ្ទះប្អូននៅក្បែរគ្នានោះ។
ស្ត្រីជាប្រពន្ធបុរសពិការដៃទាំងពីរបានបន្តទៀតថា ក្រោយពីប្តីជួបគ្រោះកំណាចនេះ រូបនាងបានសុំច្បាប់ប្រធានកន្លែងការងារក្នុងរោងចក្រចំនួន២ខែដើម្បីមើលថែប្តី មើលថែសព្វគ្រប់ តាំងពីបញ្ចុកបាយ ងូតទឹក ដុសក្អែល ដូរសំលៀកបំពាក់។ល។ ហើយចាប់តាំងពីប្តីរបស់នាងជួបគ្រោះថ្នាក់មកសម្រាកនៅមន្ទីរពេទ្យលោកសង្ឃរយះពេលមួយខែពេញចំណាយលុយជិត១ម៉ឺនដុល្លារអាមេរិក ដោយលក់សម្ភារៈ ដីធ្លី និងម៉ូតូ ដើម្បីព្យាបាលប្តី ហើយរាល់ថ្ងៃនេះមុខរបួសមិនទាន់ជាសះស្បើយនៅឡើយទេ មានគ្រូពេទ្យមកចាក់ថ្នាំជាប្រចាំរាល់ថ្ងៃរហូតដល់ជាសះស្បើយ មុខរបួសទើបលែងចាក់ថ្នាំ។ មិនទាន់ដឹងថាប៉ុន្មានថ្ងៃទៀតជាសះស្បើយនោះទេ ណាមួយប្តីពិការដៃទាំងពីរ រូបនាងសុំច្បាប់សម្រាកការងារ ណាមួយពោះធំជិតគ្រប់ខែទៀត ណាមួយគ្មានលុយ តើអ្នកណាខ្លះយល់អារម្មណ៍មួយនេះ?។
ជាចុងក្រោយរូបនាងលើកម្រាមដៃ១០សំពះអង្វរដល់សប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេស កាកបាទក្រហម ជាពិសេសសម្តេចតេជោហ៊ុន សែន សម្តេច កិត្តិព្រឹត្តបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន មេត្តាជួយក្រុមគ្រួសារនាងកំពុងតែជួបទុក្ខលំបាកមួយនេះផង សម្តេច៕ដោយ÷ចន្ទ លីហ្សា