តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺបេះដូងខ្សោយ (Heart Failure)?

ចែករំលែក៖

ភ្នំពេញ : តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺបេះដូងខ្សោយ (Heart Failure)?

១) ដូចម្ដេចដែលហៅថាជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ?

ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមិនមានន័យថា បេះដូងរបស់យើងឈប់ដើរនោះទេ។ ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺជាការចុះខ្សោយនូវសមត្ថភាពរបស់បេះដូងក្នុងការច្របាច់បញ្ជូនឈាមអោយបានគ្រប់គ្រាន់ដល់សរីរាង្គផ្សេងៗក្នុងខ្លួនយើង។ ជំងឺនេះអាចកើតមានលើមនុស្សគ្រប់អាយុ គ្រប់វ័យ ប៉ុន្តែជាទូទៅជំងឺនេះច្រើនកើតលើមនុស្សដែលមានវ័យចំណាស់។

២) តើជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានរោគសញ្ញាដូចម្តេចខ្លះ?

ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ មានរោគសញ្ញាចំបងដូចជា៖ 

– ហត់ដង្ហក់ ពិបាកដកដង្ហើមពេលធ្វើចលនា ពេលនៅស្ងៀម ឬពេលគេងផ្ងារ

– អស់កំលាំង ល្ហិតល្ហៃជារឿយៗ

– ហើមជើងទាំងសងខាង 

– ញ័រទ្រូង ឬចង្វាក់បេះដូងលោតញាប់ជាងធម្មតា

– ក្អកជាប្រចាំ ឬដកដង្ហើមលឺសូរ “ងឺៗ” ហើយមានកំហាកពណ៌ស ឬពណ៌ផ្កាឈូក លាយឈាម

រោគសញ្ញាទាំងនេះអាចកើតមានភ្លាមៗយ៉ាងស្រួចស្រាវ ឬកើតមានបន្តិចម្តងៗ អាស្រ័យទៅតាមមូលហេតុ និងស្ថានភាពនៃជំងឺ។ 

៣) តើមូលហេតុអ្វីខ្លះដែលបណ្ដាលអោយកើតជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ?

មូលហេតុដែលបណ្តាលអោយកើតជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានដូចជា៖ 

– ជំងឺស្ទះសរសៃឈាមបេះដូង និងស្លោកសាច់បេះដូង (Ischemic Heart Disease and Heart Attack)

– ជំងឺលើសឈាម ឬលើសសម្ពាធឈាម (Hypertension)

– ជំងឺខូចប្រើសបេះដូង (Valvular Heart Disease)

– ជំងឺវិបត្តិសាច់ដុំបេះដូង (Cardiomyopathy) និងរលាកសាច់ដុំបេះដូង (Myocarditis)

– ជំងឺវិបត្តិចង្វាក់បេះដូង (Arrhythmia) ដូចជា ជំងឺបេះដូងដើរលឿនខុសចង្វាក់ (Atrial Fibrillation)

– ជំងឺបេះដូងពីកំណើត (Congenital Heart Disease) ដូចជា ជំងឺបេះដូងចំហរ ថតខាងលើ (Atrial Septal Defect)

– ជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ជំងឺអេដស៍ ជំងឺពកក។ល។

៤) តើមានវិធានការអ្វីខ្លះដើម្បីបង្ការជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ?

គន្លឹះដ៏សំខាន់ក្នុងការបង្ការកុំអោយកើតមាន ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺត្រូវធ្វើយ៉ាងណាកាត់បន្ថយហានិភ័យផ្សេងៗដែលនាំអោយកើតមានជំងឺនេះ។ ការកាត់បន្ថយហានិភ័យទាំងនេះតំរូវអោយយើងមានទំលាប់រស់នៅ ដែលនាំអោយមានសុខភាពល្អ និងការព្យាបាលបង្ការជំងឺដែលជាដើមហេតុនៃជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ។ ទំលាប់រស់នៅ ដែលនាំអោយមានសុខភាពល្អដើម្បីបង្ការជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានដូចជា៖

– កុំជក់បារី និងពិសារគ្រឿងស្រវឹង

– ព្យាលបាលជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ឬលើស សម្ពាធឈាមអោយបានត្រឹមត្រូវ

– ធ្វើលំហាត់ប្រាណអោយបានខ្ជាប់ខ្ជួន

– បរិភោគអាហារដែលនាំអោយមានសុខភាពល្អ ដូចជា បន្លែ និងត្រី

– រក្សាទំងន់អោយសមស្រប

– កាត់បន្ថយភាពស្ត្រេសតានតឹងអារម្មណ៍

៥) អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើសំរាប់អ្នកជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ

• អ្វីដែលគួរធ្វើមានដូចជា៖

– ត្រូវលេបថ្នាំអោយបានទៀងទាត់ និងត្រឹមត្រូវតាមវេជ្ជបញ្ជា

– ត្រូវរក្សាទំងន់អោយបានសមស្រប

– ត្រូវកាត់បន្ថយការបរិភោគអំបិល ជាតិប្រៃ និងបន្ថយការហូបជាតិទឹក

– ត្រូវស្វែងរកណាត់ជួបគ្រូពេទ្យ បើមានជារោគសញ្ញាមិនធម្មតា ឬធ្ងន់ធ្ងរកើតមានឡើង

• អ្វីដែលមិនគួរធ្វើមានដូចជា៖

– មិនត្រូវភ្លេចលេបថ្នាំឡើយ

– មិនត្រូវជក់បារី និងសេពគ្រឿងស្រវឹងឡើយ

– មិនត្រូវលេបថ្នាំតាមចិត្តខ្លួនឯងឡើយ

«បើលោកអ្នកមានរោគសញ្ញាណាមួយដូចដែលបានរៀបរាប់ខាងលើ សូមលោកអ្នកអញ្ជើញមកជួបពិភាក្សាជាមួយគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការពិគ្រោះជំងឺ និងការព្យាបាលបានល្អប្រសើរ និងប្រកបដោយគុណភាព។» នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print