ខេត្តបាត់ដំបង : រដ្ឋបាលខេត្តបាត់ដំបងមានកិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបថា៖ ថ្មីៗនេះមានការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គមជាគណនីហ្វេសប៊ុកផេកឈ្មោះ មាតាធម្មជាតិកម្ពុជា Mother Nature Cambodia (ស្ទឹងសង្កែដែលជាស្ទឹងប្រវត្តិសាស្ត្រមួយរបស់ប្រទេសកម្ពុជាកំពុងត្រូវបានរំលោភបំពានដោយអ្នក មានលុយ មានអំណាចចាក់ដីរំលោភចូលស្ទឹងសង្កែ និងការសាងសង់សំណង់រឹងនៅលើដីនោះ ហើយមន្ត្រីមូលដ្ឋាន ហាក់មិនអើពើនឹងការរំលោភបំពានទាល់តែសោះ) ដែលបានចុះផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះ និងគណនី ហ្វេសប៊ុកឈ្មោះ លោក មេភូមិ (ដីមាត់ស្ទឹងសង្កែ ខេត្តបាត់ដំបង ដែលចាក់ដីលុបចូលស្ទឹងសង្កែជិតដល់កណ្ដាលស្ទឹង ដើម្បីធ្វើជាកម្មសិទ្ធិឯកជនគឺជារបស់កូនលោកប្រាជ្ញ ចន្ទ ដែលជាប្រធានគ.ជ.ប សព្វថ្ងៃ ។
ករណីចោទប្រកាន់របស់គណនីហ្វេសប៊ុកផេកឈ្មោះ មាតាធម្មជាតិកម្ពុជា Mother Nature Cambodia និងគណនីហ្វេសប៊ុកឈ្មោះ លោកមេភូមិ នេះគឺជាព័ត៌មានបែបញុះញង់ បំភាន់ បំភ្លៃការពិតក្នុងគោលបំណងមាន ចេតនាទុច្ចរិតវាយប្រហារមកលើអាជ្ញាធរក្នុងផ្លូវនយោបាយ ដែលព្រះរាជាណាចក្រកម្ពុជាកាន់តែកៀកឈានឆ្ពោះទៅរក ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ខាងមុខ ។ ហេតុនេះរដ្ឋបាលខេត្តបាត់ដំបងសូមធ្វើការបំភ្លឺដូចតទៅ៖
ក្រុមការងាររដ្ឋបាលខេត្ត រដ្ឋបាលស្រុកសង្កែ និងមន្ទីរ អង្គភាពជំនាញបានចុះទៅត្រួតពិនិត្យ ដោយផ្ទាល់ជាក់ស្ដែងនៅនឹងទីតាំងការដ្ឋានដោយពិនិត្យឃើញថាម្ចាស់ដីឈ្មោះ ចៅ ម៉ា ដូនេត្រ នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានសាងសង់អគារនៅលើដី របស់ខ្លួនស្របតាមប្លង់កម្មសិទ្ធិ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) មិនប៉ះពាល់ដីចំណីស្ទឹងសង្កទ និងបានចាក់បេតុងសាងសង់ច្រាំងស្ទឹងទៅតាមលំនាំច្រាំងចាស់ មិនមានការរំលោភយកស្ទឹងដូច ការចោទប្រកាន់នោះទេ ។ ចំពោះបច្ចេកទេសនៃការសាងសង់គឺលើកដីទប់សិនបន្ទាប់ពីសាងសង់ រួចរាល់បានកាយដីចេញវិញអស់ហើយមិនមានការរាំងស្ទះមុខទឹក ហើយថែមទាំងបានចាក់បេតុង សាងសង់ច្រាំងស្ទឹងនៅខាងមុខសាលាឃុំអូរដំបង១ប្រវែង១០០០ម៉ែត្រ ដើម្បីការពារការបាក់ដី ដែលកន្លងមកនៅចំណុចទីតាំងនេះ គឺចំមុខទឹកបុកខ្លាំងនៅរដូវវស្សាធ្វើឱ្យបាក់ច្រាំងស្ទឹងជាបន្ត បន្ទាប់ ស្ទើរតែធ្វើចរាចរណ៍ទៅមកលែងបាននៅលើដងផ្លូវមុខសាលាឃុំអូរដំបង១ ។
បច្ចុប្បន្នបានធ្វើការសាងសង់ផ្លូវបេតុងប្រវែង២០០០ម៉ែត្ររួចរាល់ ធ្វើចរាចរណ៍ទៅមកងាយស្រួល បងប្អូនប្រជាពលរដ្ឋសាទរ ។ ដូចនេះសកម្មភាពចាក់ដីធ្វើច្រាំងស្ទឹង មិនមានផលប៉ះពាល់ដល់លំហូរ ទឹកស្ទឹងសង្កែទេ ប៉ុន្តែថែមទាំងបានការពារយ៉ាងរឹងមាំការបាក់ច្រាំងស្ទឹងសង្កែទៀតផង ។ ចំពោះ ការចោទប្រកាន់ថាបុគ្គលនេះឬបុគ្គលនោះជាម្ចាស់កម្មសិទ្ធិលើដីដូចការចុះផ្សាយលើបណ្ដាញសង្គម របស់គណនីហ្វេសប៊ុកផេកឈ្មោះ មាតាធម្មជាតិកម្ពុជា Mother Nature Cambodia និងគណនី ហ្វេសប៊ុកឈ្មោះ លោក មេភូមិ រដ្ឋបាលខេត្តបាត់ដំបងសូមច្រានចោលទាំងស្រុងនៅព័ត៌មាន មិនពិតទាំងអស់នេះ ។
អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបជាព័ត៌មាន ៕
ដោយ : សិលា