ខេត្តបាត់ដំបង៖ ជនដៃដល់ម្នាក់ បានប្រេីកាំបិតកាប់លើយុវជនម្នាក់ បណ្តាលឱ្យរងរបួលធ្ងន់ ព្រោះតែរឿងគុំនំកាលពីមុនជនរងគ្រោះធ្លាប់វាយខ្លួន ហើយ ក៏ត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន ដេីម្បីចាត់ការតាមច្បាប់។ នេះបេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងនៅព្រឹកទី២២ ខែមិថុនា ឆ្នាំ២០២៣។
លោកវរសេនីយ៍ទោ សេង លុច បានឱ្យដឹងទៀតថា មានករណីហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស (ប្រើប្រាស់កាំបិត) មួយកើតឡើងកាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ត្រង់ចំណុចក្រុមទី២៥ ភូមិជ្រោយស្ដៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បង្កដោយជនសង្ស័យម្នាក់ឈ្មោះ ឃួន ឃុន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើសកម្មភាព យកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ឡោ សុជាតិ ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្ដាលឲ្យរងរបួសត្រង់ម្រាមដៃខាងឆ្វេង និងដៃខាងស្តាំ (រងរបួសធ្ងន់) ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង។
លោកអធិការស្រុក បន្តថា ក្រោយទទួលព័ត៌មានភ្លាម លោកបានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាពប្រើប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។
លោកអធិការ បានបញ្ជាក់បន្ថែមថា ករណីហិង្សាខាងលើនេះគឺបណ្តាលមកពី ជនសង្ស័យខឹងនឹងជនរងគ្រោះធ្លាប់វ៉ៃខ្លួនពីមុនមកទើបបង្កជាហិង្សាតែម្ដង (ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន)។ សម្ភារៈដកហូតបាន: កាំបិតខ្វែវផ្លែដែកដងដែកប្រវែង ១.៤៥សង់ទីម៉ែត្រ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕ដោយ៖សហការី