ភ្នំពេញ : នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ច នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនបុរសម្នាក់ដែលជាម្ចាស់រថយន្តបើកល្មេីសភ្លេីងសញ្ញាចរាចរណ៍ និងបុកសមត្ថកិច្ចកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្តុបផ្សារដីហុយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់។
នេះជាការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា : យោងតាមសេចក្តីបកស្រាយបំភ្លឺ និងបដិសេធព័ត៌មាន របស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការបង្ហោះវីដេអូចែកចាយតាមបណ្ដាញសង្គមថា មានករណីសមត្ថកិច្ចវាយបំបែកកញ្ចក់រថយន្ត គឺជាការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងអាក្រក់ទម្លាក់កំហុសមកលេីមន្ត្រីអនុវត្តច្បាប់ តាមការពិតជាក់ស្ដែង នៅវេលាម៉ោង ២:៤០នាទីរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ មានរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខ 2BT-0591 បានបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ (ល្មេីសភ្លេីងស្តុបក្រហម) នៅចំណុចស្តុបស្ពានអាកាសផ្សារដីហុយ ពេលនោះសមត្ថកិច្ចបានចេញមកឃាត់ តែអ្នកបេីកបរមិនត្រឹមតែមិនព្រមឈប់ ថែមទាំងបន្ថែមល្បឿនបេីកបុកសមត្ថកិច្ចថែមទៀតផង ដោយឃើញស្ថានភាពបែបនេះសមត្ថកិច្ចបានផ្តេកខ្លួនទៅរថយន្ត ឃេីញដូច្នេះអ្នកបេីកបររថយន្តមិនព្រមឈប់ នៅតែបេីកបរទៅមុខរហូតដល់ចម្ងាយជាង ១ គីឡូ ។ ដោយមាការចេញជួយឃាត់ពីប្រជាពលរដ្ឋនៅម្ដុំនោះទើបរថយន្តបង្កព្រមឈប់ ជាសំណាងល្អដែលមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់សមត្ថកិច្ច ត្រឹមតែរងរបួសតែប៉ុណ្ណោះ ។
ពេលនេះសមត្ថកិច្ចជំនាញកំពុងឃាត់ខ្លួនម្ចាស់រថយន្ត យកមកការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
ដោយ : សហការី