រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​៖ ស្នើឱ្យក្រសួងទេសចរណ៍រៀបចំបញ្ចប់ដាក់ឆ្លងរាជរដ្ឋាភិបាលនូវសេចក្តីព្រាង «ផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥»

ចែករំលែក៖

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងនូវអនុសាសន៍មួយចំនួនក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤។​ សន្និបាទនេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។​ នេះបេី​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី២៣​ ខែមិថុនា​ ឆ្នាំ​២០២៣។

នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន តំណាងសម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍មួយចំនួនក្នុងស្មារតីបន្តពង្រឹងទេសចរណ៍កម្ពុជា «ឆ្ពោះទៅអនាគតកាន់តែប្រសើរ» ដោយឈរលើទស្សនវិស័យរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលគិតពីទេសចរណ៍ គិតពីសេដ្ឋកិច្ច គិតពីអនាគត៖

ជាមួយគ្នានេះ​ លោករដ្ឋមន្ត្រី​ បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន ត្រូវរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពនូវផែនការសកម្មភាព និងគម្រោងអនុវត្តដែលបានចង្អុលបង្ហាញក្នុងដំណាក់កាលទី៣នៃផែនទីចង្អុលផ្លូវ «ឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍» ក្នុងនោះ៖

* ត្រូវជំរុញនិងលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ ឆ្លើយតបនឹងបរិបទបដិវត្តឧស្សហកម្ម៤.០ ក្នុងនោះតួអង្គពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនត្រូវចាប់យកនូវជំនាញឌីជីថល ដើម្បីចូលរូមដល់ការបំពេញតម្រូវការរបស់ភ្ញៀវទេសចរបានកាន់តែមានភាពងាយស្រួលជាងមុន និងផ្តល់បទពិសោធន៍ទេសចរណ៍បានកាន់តែប្រសើរជាងមុន។

* ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ថ្មីៗប្រកបដោយភាពទាក់ទាញ និងគុណភាព៖ លោករដ្ឋមន្ត្រី​ ស្នើឱ្យក្រសួងទេសចរណ៍ត្រូវជំរុញធ្វើឱ្យប្រសើរនូវផលិតផលទេសចរណ៍ដែលមានស្រាប់ ព្រមទាំងអភិវឌ្ឍន៍សក្តានុពលនៃធនធាន ផ្សារភ្ជាប់ជាមួយនឹងការបង្កើតថ្មីប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត និងភាពជាខ្មែរឱ្យក្លាយទៅជាផលិតផលទេសចរណ៍ថ្មី ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ។ ក្នុងន័យនេះ ត្រូវរួបរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពនូវផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥, ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥, និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣-២០៣៥។

ទន្ទឹមនេះ លោក​ ថោង​ ខុន​ គាំទ្រនូវសំណូមពររបស់អង្គសន្និបាតក្នុងការលើកសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ ព្រមទាំងអាចពិនិត្យលទ្ធភាពសាងសង់ពហុកីឡដ្ឋានមួយនៅទីតាំងក្បែរនោះផងដែរ។

* បន្តការបណ្តុះបណ្តាលមូលធនមនុស្សក្នុងវិស័យទេសចរណ៍ឱ្យស្របតាមទិសដៅផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍។ ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស ជាមូលដ្ឋានយុទ្ធសាស្រ្តនៃការពង្រឹងគុណភាពសេវាកម្ម ការផ្តល់សេវាប្រកបដោយសេចក្តីពេញចិត្តដល់ទេសចរ បង្កើនផលិតភាពការងារ ចូលរួមពង្រឹងឧត្តមភាពប្រកួតប្រជែង ជំរុញការបង្កើតថ្មី និងភាពច្នៃប្រឌិត ទ្រទ្រង់និរន្តរភាពនៃកំណើន ធានាបាននូវការអភិវឌ្ឍទេសចរណ៍កម្ពុជា ព្រមទាំងចូលរួមថែរក្សា ការពារ និងលើកកម្ពស់សម្បត្តិវប្បធម៌ និងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព។

បន្ថែមពីនេះ​ លោករដ្ឋមន្ត្រី​ បានវាយតម្លៃខ្ពស់ចំពោះសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ផ្សេងៗទៀត ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបន្តការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍តាមគ្រប់រូបភាព រួមទាំងការបណ្តុះបណ្តាល ដោយប្រើប្រាស់មូលនិធិអភិវឌ្ឍន៍ជំនាញ។ល។ លើសពីនេះទៀត ត្រូវមានការគិតគូរលើបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយអនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឈរលើទស្សនៈ «ដោយមិនទុកចោលនរណាម្នាក់ស្ថិតនៅក្រៅការអភិវឌ្ឍ» ដោយផ្តោតជាពិសេសទៅដល់ក្រុមជនងាយរងគ្រោះ ជាអាទិ៍៖ ស្ត្រី ជនជាតិដើមភាគតិច ជនមានពិការភាព បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ក្រៅប្រព័ន្ធ ក៏ដូចជាអាជីវកម្មធុនមីក្រូ ធុនតូច ធុនមធ្យម និងធុរកិច្ចថ្មីក្នុងវិស័យទេសចរណ៍ ដែលងាយប្រឈមនឹងហានិភ័យ ស្របតាមទស្សនាទាន «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។ ក្នុងន័យនេះ លោកស្នើឱ្យបន្តបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញដល់បុគ្គលិកបម្រើការងារក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមាន រង្គសាល-ឌីស្កូតែក ខារ៉ាអូខេ បៀរហ្កាឌិន ម៉ាស្សា និងស្ប៉ា ដើម្បីអាចឱ្យបុគ្គលិកទាំងនោះអាចទទួលបានចំណេះដឹង ជំនាញថ្មី និងជំនាញបន្ថែម (reskilling and upskilling) កាន់តែប្រសើរជាងមុន និងមានលទ្ធភាពទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន។

លោក ថោង ខុន បានណែនាំឱ្យបន្តពង្រឹងភាពរឹងមាំនៃទេសចរណ៍ក្នុងស្រុក និងពង្រីកទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ៖ * ទី១.

ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដោយពង្រីកសមត្ថភាពផ្សព្វផ្សាយទេសចរណ៍តាមបែបប្រពៃណី និងឌីជីថល អមជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់អាស៊ាន និងអន្តរជាតិដែលជាយុទ្ធនាការ «ការទូតទេសចរណ៍» ដើម្បីស្វែងរកទីផ្សារទេសចរណ៍ ដោយចំពោះមុខនេះទីផ្សារអាទិភាពសម្រាប់កម្ពុជាគឺទេសចរអន្តរជាតិពីប្រទេសជិតខាងនៅក្នុងតំបន់ ដូចជា ថៃ វៀតណាម, ទីផ្សារចាស់ ដូចជា ចិន ជប៉ុន កូរ៉េ អឺរ៉ុប អាមេរិក អូស្ត្រាលី និងទីផ្សារងើបឡើងថ្មី ឥណ្ឌា អារ៉ាប់ មជ្ឈិមបូព៌ា។ ទន្ទឹមនេះ លោកស្នើឱ្យក្រសួងទេសចរណ៍សហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំអនុព័ន្ធទេសចរណ៍នៅតាមទីផ្សារសំខាន់ៗ ជាអាទិ៍៖ ជប៉ុន និងកូរ៉េ ដូចមានចង្អុលបង្ហាញក្នុងវិធានការគោលនយោបាយអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ រួចហើយ។

* ទី២.បន្តខិតខំរៀបចំព្រឹត្តិការណ៍ទេសចរណ៍ឱ្យកាន់តែសម្បូរបែបថែមទៀតនៅឆ្នាំ២០២៤ ក៏ដូចជាបណ្តាឆ្នាំខាងមុខ។ ក្នុងនាមរាជរដ្ឋាភិបាល លោកស្នើឱ្យក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធបន្តយកភាពជោគជ័យរបស់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ជាទុនបន្ថែមដើម្បីបង្កើនការផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ត្រង់ចំណុចនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពរួសរាយរាក់ទាក់នៃប្រជាជនកម្ពុជា ដែលបង្ហាញពីសក្តានុពលនៃភាពជាខ្មែរ (Cambodianess) ស្របតាមបាវចនា «កម្ពុជា៖ ប្រទេសតូច បេះដូងធំទូលាយ» ដែលពិភពលោកបានស្គាល់ពីភាពជាខ្មែរជាផលិតផលផលទេសចរណ៍ទាក់ទាញមួយដ៏ធំសម្រាប់កម្ពុជា ក្រៅពីផលិតផលទេសចរណ៍បេតិកភណ្ឌវប្បធម៌ ធម្មជាតិ និងសមុទ្រ។ ដូចគ្នានោះដែរ ត្រូវបន្តពង្រឹងចលនាទេសចរណ៍ក្នុងស្រុកឱ្យកាន់តែផុលផុស តាមរយៈការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍ឱ្យស្អាត និងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ក្នុងស្រុកឱ្យកាន់តែសម្បូរបែបថែមទៀត បន្តពីព្រឹត្តិការណ៍ដែលមានកំណត់ក្នុងឆ្នាំទស្សនាកម្ពុជា ២០២៣ ពង្រីកទៅដល់ឆ្នាំ២០២៤ និងបណ្តាឆ្នាំខាងមុខទៀត។

លោករដ្ឋមន្ត្រី​ បានណែនាំឱ្យបន្តពង្រឹងអភិបាលកិច្ចសម្រាប់វិស័យទេសចរណ៍នៅគ្រប់កម្រិត ដោយបន្តនូវយន្តការអភិបាលកិច្ចថ្នាក់ជាតិ ថ្នាក់តំបន់ ថ្នាក់ក្រោមជាតិ និងការគ្រប់គ្រងនៅតាមគោលដៅទេសចរណ៍អាទិភាព (DMOs) ដើម្បីឆ្ពោះទៅអនាគតកាន់តែប្រសើរជាងមុនសម្រាប់វិស័យទេសចរណ៍។ លោកបានគាំទ្រការលើកឡើងរបស់អង្គសន្និបាតដែលថា «យើងពិតជាត្រូវការធនធានមនុស្សដែលមានសមត្ថភាព, យន្តការស្ថាប័នដែលមានប្រសិទ្ធភាព, ធនធានទេសចរណ៍ដែលមានសក្តានុពលសម្បូរបែប និងការផ្តល់អាទិភាពដល់យន្តការហិរញ្ញប្បទាន និងការកៀរគរប្រភពថវិកា បម្រើដល់ការអនុវត្តគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ, ផែនទីចង្អុលផ្លូវ និងផែនការមេនានា សំដៅសម្រេចបានចក្ខុវិស័យនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា»។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី​ បានស្នើឱ្យបន្តពង្រឹងសមត្ថភាពក្នុងការឆ្លើយតបទៅនឹងវិបត្តិផ្សេងៗក្នុងវិស័យទេសចរណ៍ រួមទាំងបន្តពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលជាចំណុចគន្លឹះសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាទាំងលើទិដ្ឋភាពនៃការវិនិយោគលើការអភិវឌ្ឍផលិតផលទេសចរណ៍, ការធ្វើទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, ការបណ្តុះបណ្តាលធនធានមនុស្ស។ល។

លើសពីនេះ លោករដ្ឋមន្ត្រី​ បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជនចូលរួមអនុវត្តនូវក្រមអន្តរជាតិស្ដីពីការការពារទេសចរ (International Code for Protection of Tourists) ដែលបានរៀបចំឡើងដោយ អង្គការទេសចរណ៍ពិភពលោក (UNWTO) ក្រោយការសម្រេចចិត្តរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការទទួលយកនាវាទេសចរណ៍ WESTERDAM ដើម្បីឱ្យប្រទេសជាសមាជិកបង្កើនទំនុកចិត្តចំពោះភ្ញៀវទេសចរ និងជំរុញការធ្វើដំណើររបស់ទេសចរនៅទូទាំងពិភពលោក ក្នុងនោះកម្ពុជាជាប្រទេសទី១ ដែលបានចុះហត្ថលេខាទទួលស្គាល់ និងអនុវត្តក្រមអន្តរជាតិនេះមុនគេ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

...

ដើម្បីបន្តការគាំទ្រដំណើរឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរនៃវិស័យទេសចរណ៍កម្ពុជា និងអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ លោករដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យក្រសួងទេសចរណ៍រៀបចំបញ្ចប់ដាក់ឆ្លងរាជរដ្ឋាភិបាលនូវសេចក្តីព្រាង «ផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥» ដើម្បីក្លាយជាត្រីវិស័យយុទ្ធសាស្រ្តដ៏មានសារៈសំខាន់សម្រាប់តម្រង់ទិសការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានឧត្តមភាពប្រកួតប្រជែងខ្ពស់ ប្រកបដោយនិរន្តរភាព គុណភាព ការទទួលខុសត្រូវ បរិយាបន្ន និងមានភាពធន់កាន់តែខ្លាំងក្លា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print