លោក ជុំ សុន្ទរី បានទទួលការចូលជួបជំរាបលារបស់លោកស្រីបណ្ឌិត សារ៉ា ថេយ៍ឡ័រ ដែល​បានបញ្ចប់បេសកកម្មការទូត ក្នុងឋានៈជា​ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ : នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លោក ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការចូលជួបជំរាបលារបស់លោកស្រីបណ្ឌិត សារ៉ា ថេយ៍ឡ័រ ដែល​បានបញ្ចប់បេសកកម្មការទូត ក្នុងឋានៈជា​ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជាដែល​មាននិវេសនដ្ឋាននៅទីក្រុងបាងកក។

នៅក្នុង​ជំនួបនោះ​​ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីបច្ចុប្បន្ន រួមទាំងកំណើនជាបន្តបន្ទាប់​នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ការកើនឡើងជាលំដាប់នៃភ្ញៀវទេសចរកាណាដាដែលមកទស្សនាកម្ពុជា និងទំនាក់ទំនងកម្រិតខ្ពស់ជាវិជ្ជមានរវាងនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រី​ការបរទេសនៃប្រទេសទាំងពីរ។ ប្រការនេះបានបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងកាណាដា ដែលស្តែងពី​​ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងពីរក្នុងការពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត។ ភាគីទាំងពីរ​ក៏បានបញ្ជាក់ពី​បំណង​ក្នុងការបង្កើតកិច្ច​ពិគ្រោះយោបល់ទ្វេភាគី ដើម្បីជាវេទិការស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។

លោក ​រដ្ឋលេខាធិការ ជុំ សុន្ទរី បានឆ្លៀតឱកាសនោះ​សរសើរឯកអគ្គរដ្ឋទូត Taylor ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងអាណត្តិរបស់លោកជំទាវ​។ លោកក៏បានថ្លែងអំណរគុណដល់​រដ្ឋាភិបាលកាណាដាចំពោះការរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិ​ច្ចសង្គមរបស់កម្ពុជា និងចំពោះ​ការ​សន្យាផ្តល់ជំនួយបន្ថែមដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីន ដែលនឹងរួមចំណែកដល់គោលដៅរបស់កម្ពុជាដើម្បី​ក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។

ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុង​វេទិកាពហុភាគី និងបានផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនងអាស៊ាន-កាណាដា។ លោក ​រដ្ឋលេខាធិការបានរំលឹកឡើងវិញនូវការគាំទ្ររបស់កម្ពុជា​ក្នុងការលើកកម្ពស់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កាណាដា ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ ភាគីទាំងពីរក៏បានកត់សម្គាល់ពីសារៈសំខាន់នៃកិច្ច​ចរចាដែលកំពុងបន្ត ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី  អាស៊ាន-កាណាដា ដោយទទួលស្គាល់ពី​អត្ថប្រយោជន៍ដែលអាច​នឹងកើតមាន​នៅ​​​ក្នុង​​កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងសេដ្ឋកិច្ច រវាងតំបន់ទាំងមូល​​ និងកាណាដា ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print