ខេត្តបន្ទាយមានជ័យៈ ពេលនេះដូចក្នុងរឿងនាងបដាចា ប្តីបានស្លាប់ចោលទុកឱ្យខ្លួនរស់នៅជាមួយកូនស្រីម្នាក់គ្រាន់បានជាគ្នា មិនហ៊ានទុកកូនស្រីចោលនាំទៅធ្វើការសំណង់ដើម្បីចិញ្ចឹមក្រពះ ពេលទំនេរនាងទៅរាវគ្រំបែរជាលង់ទឹកអាងឈូកស្លាប់ចោលទៀត។
ហេតុការណ៍គួរឱ្យរន្ធត់នេះបានកើតឡើងនៅម៉ោង១១និង៥០នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នៅភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ។
លោកអុឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅបានប្រាប់ថា៖ ជនរងគ្រោះស្លាប់ដោយលង់ទឹកមានឈ្មោះ សួន ស្រីពេជ្រ ភេទស្រី អាយុ៧ឆ្នាំ រស់នៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ។
លោកបានបញ្ជាក់ថា៖ តាមសម្តីស្ត្រីឈ្មោះ សួន ចៃ អាយុ៣៨ឆ្នាំ(ត្រូវជាម្តាយជនរងគ្រោះ)បានអោយដឹងថា ក្មេងស្រីរងគ្រោះត្រូវជាកូនបង្កើតបានទៅធ្វើការសំណង់ជាមួយម្តាយជារៀងរាល់ថ្ងៃ ពេលកើតហេតុនាងទំនេរបានទៅរាវគ្រំជាមួយក្មេងប្រុសស្រី២ទៅ៣នាក់នៅអាងឈូកហើយម្តាយរវល់ធ្វើការសំណង់(ធ្វើផ្ទះ)ក្បែរកន្លែងកើតហេតុ ស្រាប់តែមានក្មេងដែលទៅជាមួយបានរត់មកប្រាប់ថាស្រី ពេជ្រ លង់ទឹកអាងទើបអ្នកស្រុកនិងកម្លាំងនគរបាលប៉ុស្តិ៍ឃុំចង្ហាបាននាំគ្នារត់ទៅជួយចុះរាវរកអស់រយៈពេលជិត១ម៉ោងទើបរកឃើញស្រង់ឡើងគោកតែអកុសលនាងបានដាច់ខ្យល់បាត់បង់ជីវិតទៅហើយ។
លោកបញ្ជាក់ថា៖ តាមការពិនិត្យនិងទទួលព័ត៌មានក្មេងស្រីបានលង់ទឹកអាងនៅអំឡុងម៉ោង១០ៈ១៥នាទី ហើយរកឃើញនៅម៉ោង១១និង៥០នាទីដែលលង់ទឹកអាងកន្លែងជម្រៅប្រមាណជិត២ម៉ែត្រនៅពេលទៅរាវគ្រំរអិលជើងចូលទឹកជ្រៅបណ្តាលឱ្យលង់ស្លាប់រយៈពេលជិត១ម៉ោងទើបបានរាវរកឃើញស្រង់ឡើងគោកពិនិត្យហើយប្រគល់ជូនម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកស្ត្រីត្រូវជាម្តាយក្មេងរងគ្រោះរៀបរាប៎ថាៈគាត់ជាស្ត្រីមេម៉ាយដែលប្តីស្លាប់ចោលកាលនាងនៅតូចហើយរស់នៅជាមួយកូនស្រី ពេជ្រ ពេលនាងទំនេរការសិក្សាបាននាំទៅធ្វើការសំណង់ជាមួយដោយមិនហ៊ានទុកនាងចោលម្នាក់ឯងឡើយ តែអនិច្ចាពេលនេះប្តីក៏ស្លាប់ចោល រីកូនស្រីគ្រាន់ជាពុំនាក់ទៅថ្ងៃមុខក៏ត្រូវស្លាប់ចោលទៀត អយុត្តិធម៌ម្ល៉េះ។
សមត្ថកិច្ចប្រាប់ថា សពបានប្រគល់ជូនម្ដាយនិងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយវណ្ណា