កម្លាំងទាហានស៊ីឈ្នួល Wangner ប្រកាសចូលទៅក្នុងទីក្រុង Rostov រុស្ស៊ីបង្កើនការរក្សាសន្តិសុខ

ចែករំលែក៖

រុស្ស៊ីបានរឹតបន្តឹងសន្តិសុខ នៅក្នុងទីក្រុង Rostov និងភាគខាងត្បូង ក៏ដូចជាទីក្រុងមូស្គូ ក្រោយមេដឹកនាំកម្លាំងទាហានស៊ីឈ្នួល លោក Yevgeny Prigozhin អំពាវនាវឱ្យបង្កើនការវាយប្រហារ។

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ទីក្រុងមូស្គូបានចោទថា លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) ដែលជាប្រធានក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី Wagner បាននិងកំពុងញុះញង់ឱ្យមានការប៉ះបោរប្រដាប់អាវុធ បន្ទាប់ពីរូបលោកបានប្រកាសចង់ទម្លាក់និងដាក់ពិន័យថ្នាក់ដឹកនាំយោធារុស្ស៉ី។
នៅថ្ងៃសៅរ៍នេះវិញ លោក ព្រីហ្គោហ្ស៉ីន បាននិយាយថា ក្រុមអ្នកប្រយុទ្ធ Wagner ខ្ទង់២៥,០០០នាក់បានឆ្លងពីអ៊ុយក្រែនចូលក្នុងប្រទេសរុស្ស៉ី នៅឯទីក្រុងរ៉ូស្តូវ (Rostov) ភាគខាងត្បូង ដើម្បីឆ្ពោះទៅស្វែងរកយុត្តិធម៌នៅទីក្រុងមូស្គូ ហើយលោកបានព្រមានកម្ចាត់ប៉ុស្តិ៍ត្រួតពិនិត្យ ឬកងកម្លាំងទ័ពអាកាសរុស្ស៉ីណាមួយ ដែលព្យាយាមមករារាំងការធ្វើដំណើររបស់ក្រុមលោក។ យ៉ាងណាមិញ លោក ព្រីហ្គោហ្ស៉ីន បានអះអាងថា សកម្មភាពរបស់លោកនេះមិនមែនជាការប៉ុនប៉ងធ្វើរដ្ឋប្រហារទេ។
ចំណែកអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា ទីភ្នាក់ងារផ្នែកសន្តិសុខចម្បងៗទាំងអស់របស់រុស្ស៉ីបាននិងកំពុងរាយការណ៍ព័ត៌មានជាប់ ប្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន ពាក់ព័ន្ធជាមួយនឹងសកម្មភាពរបស់ថៅកែក្រុម Wagner ហើយសន្តិសុខត្រូវបានរឹតបន្តឹងខ្លាំងក្នុងរដ្ឋធានីមូស្គូ ជាពិសេសនៅទីតាំងនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់រដ្ឋាភិបាល។
គួរបញ្ជាក់ថា ទីភ្នាក់ងារសន្តិសុខក្នុងស្រុក FSB របស់រុស្ស៉ី ក៏បានចាប់ផ្តើមបើកការស៉ើបអង្កេតព្រហ្មទណ្ឌ ប្រឆាំងនឹងលោក ព្រីហ្គោហ្ស៉ីនផងដែរ សម្រាប់ការអំពាវនាវឱ្យមានការបះបោរប្រដាប់អាវុធនៅក្នុងប្រទេសដែលជាបទល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគារសរុបរហូតដល់២០ឆ្នាំ។ ស្ថានការណ៍វិវត្តន៍ខាងលើ គឺជាការកើនឡើងកម្តៅដ៏ខ្លាំងមួយនៃបញ្ហាវិវាទរវាងមេទាហានស៉ីឈ្នួលរុស្ស៉ីរូបនេះ ហើយនិងក្រសួងការពារជាតិរុស្ស៉ី គិតចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន បានផ្ទុះឡើងមក៕ ដោយធីរីណា

...

រូប​ថត​: CNN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print