ខេត្តព្រះវិហារ៖ លោកវរសេនីយ៍ទោ យៀង ប៊ុនយ៉េ អធិការរងនគរបាលស្រុករវៀង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា៖ បុរសម្នាក់ដែលជាជាងជួសជុលរថយន្តបានធ្វើសកម្មភាពដុតម៉ូតូខ្លួនឯងឱ្យឆេះសន្ធោសន្ធៅ រួចលោតចូលក្នុងភ្លើងសម្លាប់ខ្លួនឯង សង្ស័យប្រើគ្រឿងញៀនហួសកម្រិត។
លោកអធិការរងស្រុករវៀងបានឱ្យដឹងទៀតថា ករណីដុតសម្លាប់ខ្លួនឯងនេះ បង្កការភ្ញាក់ផ្អើលនៅតាមផ្លូវលេខ៦២ ត្រង់ថ្នល់កោងស្ថិតក្នុងភូមិដីក្រហម ឃុំរំដោះស្រុករវៀង ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនាម្សិលមិញ។
លោកអធិការរងរូបនេះបន្តថា មុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមពាក់ផ្លាកលេខសៀមរាប1W-3736 ពីជើងទៅត្បូងទំនងមកពីសៀមរាបឆ្ពោះទៅខេត្តព្រះវិហារ លុះជិះមកដល់កន្លែងកេីតហេតុ ម៉ូតូក៏បានរលត់ ស្រាប់តែបុរសនោះបើកគម្របធុងសាំងរួចក៏យកដែកកេះដុតម៉ូតូឱ្យឆេះយ៉ាងសន្ធោសន្ធៅ ហើយក៏លោតចូលទៅក្នុងភ្នក់ភ្លើងបណ្តាលឱ្យឆេះប្រកាច់ស្លាប់មុនពេលសមត្ថកិច្ចចុះជួយអន្តរាគមន៍ផងដែរ។
បុរសដែលធ្វើអត្តឃាតសម្លាប់ខ្លួនឯងនោះមានឈ្មោះ អាន ពន្លឺ អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត នៅភូមិប៉ា
ដាក ឃុំប៉ាដាក ខេត្តសៀមរាប។ ក្រោយកើតហេតុកម្លាំងនគរបាលស្រុក និងនគរបាលប៉ុស្តិ៍រដ្ឋបាលបានចុះពិនិត្យដោយសន្និដ្ឋានថា បុរសរូបនេះពិតជាធ្វើអត្តឃាតដុតសម្លាប់ខ្លួនឯងប្រាកដមែន។
គួរបញ្ជាក់ដែរថា បើតាមការបញ្ជាក់ពីក្រុមគ្រួសារសាច់ញាតិសពបានរៀបរាប់ប្រាប់សមត្ថកិច្ចថា៖ កន្លងមកបុរសខាងលើធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយតែងដើរនិយាយរវើរវាយពីនេះពីនោះមិនដឹងខុសត្រូវឡើយ។ ក្រោយធ្វើកោសល្យវិច័យសមត្ថកិច្ចបានប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សហការី