សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា នាវាផ្ទុកយន្ដហោះចម្បាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់ទីក្រុងដាណាង (Danang) ស្ថិតនៅ ភាគកណ្ដាលនៃប្រទេសវៀតណាមហើយ នៅថ្ងៃអាទិត្យនេះ ប៉ុន្មានសប្ដាហ៍បន្ទាប់ពីទីក្រុងហាណូយ បានប្រឆាំងជំទាស់ទៅនឹងវត្តមាននាវាចិន ក្នុងតំបន់កំពុងមានវិវាទនៅសមុទ្រចិនខាងត្បូង។
ការធ្វើដំណើររបស់នាវាផ្ទុកយន្ដហោះចម្បាំង USS Ronald Reagan មកដល់កំពង់ផែ ក្នុងទីក្រុងដាណាង កើតមានឡើងចំពេលសហរដ្ឋអាមេរិក និងវៀតណាម ប្រារព្ធខួបលើកទី១០ នៃការបង្កើតទំនាក់ទំនងគ្រប់ជ្រុងជ្រោយ ដែលអនុញ្ញាតឱ្យប្រទេសទាំង២ បង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងគ្នាលើវិស័យពាណិជ្ជកម្ម ព្រមទាំងចែករំលែក ក្ដីកង្វល់រួមពាក់ព័ន្ធនឹងការកើនឡើងឥទ្ធិពលចិនក្នុងតំបន់។
ក្រសួងការបរទេសវៀតណាម កាលពីពេលថ្មីៗនេះ បានអំពាវនាវឱ្យនាវាស្រាវជ្រាវ រួមទាំងនាវាឆ្មាំល្បាត និងទូកនេសាទរបស់ចិនចាកចេញ ក្រោយ នាវាទាំងនេះបានស្ថិតនៅក្នុងតំបន់ដែនទឹកដែលទីក្រុងហាណូយ អះអាងថាជាតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន ក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយរហូតដល់ដើមខែមិថុនាកន្លងទៅនេះ ទើបនាវាចិនបានចាកចេញ។
គួរបញ្ជាក់ថា ចិន និងបណ្ដាប្រទេសជាសមាជិកអាស៊ានមួយចំនួនដូចជា វៀតណាម ហ្វីលីពីន និងម៉ាឡេស៊ីជាដើម បាន និងកំពុងទាមទារ អធិបតេយ្យរៀងៗខ្លួន លើដែនទឹកកំពុងមានវិវាទ ក្នុងតំបន់សមុទ្រចិនខាងត្បូង។ បើតាមក្រុមអ្នកជំនាញ ការធ្វើដំណើររបស់នាវាផ្ទុកយន្ដហោះ ចម្បាំង USS Ronald Reagan មកដល់កំពង់ផែ ក្នុងទីក្រុងដាណាង គឺសារមួយដែលវៀតណាមចង់ផ្ញើទៅចិនខ្លួន កំពុងបន្តស្វែងរកតុល្យភាព ទប់ទល់ជាមួយចិន តាមរយៈការធ្វើឱ្យទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក កាន់តែប្រសើរឡើង»៕
រូបថត: laodong