ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញឲ្យមានការយកចិត្តទុកដាក់ជាមួយនឹងស្ថានការណ៍ពិភពលោកនិងជំរុញឲ្យមានការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌនៅក្នុងប្រទេសឲ្យមានភាពរឹងមាំ។
ការជំរុញនេះគឺបន្ទាប់ពីមានចលនាបះបោរមួយនៅក្នុងប្រទេសវៀតណាម និងការងើបឡើងប្រឆាំងនឹងរដ្ឋបាលរបស់លោកពូទីននៅក្នុងប្រទេសរុស្ស៊ីកាលពីប៉ុន្មានថ្ងៃមុននេះ។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាយុត្តិធម្មរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីយុត្តិធម៌ឲ្យពង្រឹងនូវការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌក្នុងប្រទេសឲ្យបានរឹងមាំ ដើម្បីឆ្លើយតបទៅនឹងអំពើជ្រុលនិយមហួសហេតុណាមួយដែលអាចកើតមាននៅក្នុងប្រទេស។
សម្ដេចតេជោ ហ៊ុនសែន បានមានប្រសាសន៍បន្តថា៖ «ចំណុចនេះមិនត្រូវមើលស្រាលទេ ហេតុអីបាននៅប្រទេសជិតខាងយើងសុខៗផ្ទុះអាវុធ។ ហេតុអីបានរុស្ស៊ីមានកម្លាំងប្រដាប់អាវុធបះបោរដែលនេះជាបញ្ហាមួយដែលគួរស្វែងយល់នៅក្នុងតំបន់»។
សម្ដេចតេជោបញ្ជាក់ថា ដើម្បីធានានៅស្ថេរភាពសន្តិភាព និងស្ថេរភាពនយោបាយ ការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌត្រូវតែជាកាតព្វកិច្ចចាំបាច់។
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យពន្លឿនការកាត់ក្ដីជូនពលរដ្ឋ ព្រោះការយឺតយ៉ាវមិនត្រឹមតែមិនបានផ្ដល់យុត្តិធម៌ដល់ពលរដ្ឋប៉ុណ្ណោះទេ តែវាអាចអយុត្តិធម៌សម្រាប់ជនជាប់ចោទផងដែរ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សំណុំរឿងខ្លះបានធ្វើឲ្យគូជម្លោះអស់ទ្រព្យពីខ្លួនទាំងសងខាង ដោយសារតែប្រើរយៈពេលយូរ ដូច្នេះហើយ សម្តេចសូមលើកទឹកចិត្តឲ្យអស់លោក លោកស្រីជាចៅក្រម រួមទាំងអាជ្ញាធរផងនោះដើរតួនាទីធ្វើការផ្សះផ្សារ និងសម្របសម្រួលក្រៅប្រព័ន្ធតុលាការជាពិសេសចំពោះសំណុំរឿងក្នុងក្របខណ្ឌរដ្ឋប្បវេណី។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា តុលាការគឺស្ថិតនៅក្នុងមាត់ដង្កាប់ ដោយអ្នកឈ្នះក្តី គេសរសើរតុលាការថា កាត់ក្តីយុត្តិធម៌ ខណៈអ្នកចាញ់ថានឹងគ្មានយុត្តិធម៌សម្រាប់ពួកគេ ដូច្នេះហើយមានតែដើរតួនាទីជាអ្នកសម្របសម្រួល និងផ្សះផ្សារក្រៅប្រព័ន្ធ តុលាការទេទើបប្រសើរ ខណៈមធ្យោបាយនេះ គឺជាយុទ្ធសាស្រ្តឈ្នះ ឈ្នះទាំងអស់គ្នា៕
ដោយ : សិលា