ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងជំនាញស្រុក បានចុះបង្រ្កាប និងឃាត់ខ្លួនជនដៃដល់ម្នាក់ ក្រោយធ្វើសកម្មភាពប្រើយកកាំបិតប៉័ងតោកាប់លើបុរសម្នាក់រងរបួលធ្ងន់ នៅស្រុកបាណន់។
លោកអធិការស្រុកបាណន់ បានឱ្យដឹងទៀតថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិត) បានកើតឡើងកាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៩និង៣០នាទី នៅចំណុចទួលព្រិច ភូមិ ឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
ជនដៃដល់ឈ្មោះ ឈាន ឆេង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រើប្រាស់កាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះដែលត្រូវជាឪពុកមារបស់ខ្លួនឈ្មោះ តែង រ៉ាន់ អាយុ៤៤ ឆ្នាំ រស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ចំនួន ០២កាំបិត បណ្តាលឱ្យរបួសថ្ងាស០១កន្លែង និងរបួសថ្គាមខាងឆ្វេងរហូតដល់ស្លឹកត្រចៀក ០១កន្លែង។
លោកវរសេនីយ៍ទោ សំ វីរះ បានបន្តថា ក្រោយបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើនេះ មកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ ដើម្បីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាពប្រើប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ លោកបានបញ្ជាក់ឱ្យដឹងទៀតថា ករណីហិង្សាខាងលើនេះគឺបណ្តាលមកពីទំនាស់ពាក្យសម្តីគ្នាក្នុងពេលកំពុងផឹកស្រាជាមួយគ្នា។ សម្ភារៈដកហូតបាន កាំបិតតាំងតោ ចំនួន ០១ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕ដោយ:អារុណរះ