លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ ការរីកចម្រើនរបស់កម្ពុជា គឺជាសមិទ្ធផល ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់គ្នាបានកសាងឡើងដោយលំបាក

ចែករំលែក៖

ភ្នំពេញ : ការរីកចម្រើនរបស់កម្ពុជា គឺជាសមិទ្ធផល ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់គ្នាបានកសាងឡើងដោយលំបាក។ នេះជាសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតាមរោងចក្រ-សហគ្រាសនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមុិញ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា ការរីកចម្រើនរបស់កម្ពុជា គឺជាសមិទ្ធផល ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់គ្នាបានកសាងឡើងដោយលំបាក ។ ការអភិវឌ្ឍរីកចម្រើនទាំងនេះ បានកើតចេញពីកត្តាចំនួន ៣ សំខាន់ គឺ៖ ទី១. កត្តាសន្តិភាព និងការបង្រួបបង្រួមជាតិ; ទី២. ការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគោលនយោបាយប្រាកដនិយម; និងទី៣. ស្មារតីជឿជាក់ចំពោះកត្តាដឹកនាំ និងការចូលរួមរបស់ប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ នៅក្នុងគ្រប់កិច្ចការរបស់ប្រទេសជាតិលើមូលដ្ឋាននៃគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ ថា : ប្រទេសកម្ពុជាយើង កំពុងដើរនៅលើគន្លងផ្លូវដ៏ត្រឹមត្រូវ ដោយប្រជាពលរដ្ឋកំពុងទទួលនូវផលផ្លែផ្កានៃសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់សង្គមជាតិ ព្រមជាមួយនឹងក្តីសង្ឃឹម និងជំនឿជឿជាក់ចំពោះអនាគតដ៏រុងរឿងនាពេលខាងមុខផងដែរ ជាពិសេសការរីកចម្រើនផ្នែកជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងភាពសុខសាន្ត ។ ជាក់ស្តែង, ប្រទេសកម្ពុជា បានចាកចេញពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបតាំងពីឆ្នាំ២០១៥ និងកំពុងត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នាពេលដ៏ខ្លីខាងមុខនេះ ព្រមជាមួយនឹងចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់ ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា : បន្ថែមពីនេះ អ្វីដែលជាគោលដៅសំខាន់របស់រាជរដ្ឋាភិបាលនៅក្នុងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបនោះ គឺជីវិត ក្រពះ និងកិត្តិយស៖ ទី១. ជីវិត គឺសំដៅដល់ការយកចិត្តទុកដាក់អំពីហានិភ័យផ្នែកសុវត្ថិភាព, សុខភាព និងបញ្ហាប្រឈមនានាដល់អាយុជីវិត ដូចជាជំងឺកូវីដ-១៩, ទី២. ក្រពះ គឺការស្វែងរកទាក់ទាញការវិនិយោគ, ការពង្រីកទីផ្សារ និងអភិវឌ្ឍសមត្ថភាពជំនាញ សំដៅបង្កើនឱកាស និងពង្រឹងគុណភាពផ្នែកការងារ ដើម្បីលើកកម្ពស់កម្រិតជីវភាពឱ្យកាន់តែប្រសើរឡើង, និងទី៣. កិត្តិយស គឺសេចក្តីថ្លៃថ្នូរក្នុងនាមជាប្រជាពលរដ្ឋទាំងជាលក្ខណៈបុគ្គល និងការកសាងស្នាដៃ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានប្តេជ្ញាចិត្តធានានិរន្តរភាពនៃបរិស្ថានអំណោយផលសំខាន់ចំនួន ៤ រួមមាន៖ ១. សន្តិភាព ស្ថិរភាព និងសន្តិសុខ, ២. សិទ្ធិសេរីភាព, ៣. បង្កើតការងារទាំងបរិមាណ និងគុណភាព និង៤. ការផ្តល់ការគាំទ្រ និងនិងពង្រឹងលទ្ធភាពក្នុងការទទួលបាននូវអត្ថប្រយោជន៍នានាសម្រាប់កម្មករ-និយោជិត ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print