ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋ សភា ព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តអណ្ដូងពោធិ៍ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ស្ថិតក្នុងឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក។
ក្នុងឱកាសនោះលោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានអោយដឹងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានសម្រេចនូវសមិទ្ធផលធំៗថ្មីៗជាច្រើន ជូនជាតិមាតុភូមិ ជាពិសេសការដោះស្រាយប្រកបដោយប្រសិទ្ធភាព ចំពោះវិបត្តិនិងបញ្ហាប្រឈមនានាដែលបង្កឡើងដោយជំងឺកូវីដ-១៩។
លោកបន្តថា ក្នុងនោះក្រោមការជួយ ឧបត្ថម្ភគាំទ្រពីក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្រុមការងារគាំទ្រកម្មវិធីនយោបាយរាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ជាពិសេសក្រោមការចង្អុល ណែនាំពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋ សភាព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀងលោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងាររាជរដ្ឋភិបាលចុះជួយខេត្ត និងជាប្រធានក្រុមការងារគាំទ្រកម្មវិធីនយោបាយរាជរដ្ឋាភិបាលចុះមូលដា្ឋនស្រុករមាសហែក លោក ម៉ែន វិបុល អភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ បន្តនិរន្តរភាពរដ្ឋបាល និងផ្ដល់ការអភិវឌ្ឍមូលដ្ឋាន។
លោកបន្តថា វត្តអណ្តូងពោធិ៍ គឺជាវត្តមួយដែលមានអាយុកាល១៥២ឆ្នាំមកហើយ កាលពីដើមឡើយ វត្តអណ្តូងពោធិ៍នេះមានឈ្មោះថា «វត្តស្រះតាយ៉ង់» ដែលនៅជុំវិញបរិវេណវត្តមានស្រះទឹក១ ជាស្រះទឹករបស់លោកតាយ៉ង់ ពុទ្ធបរិស័ទ្ធចំណុះជើងវត្តបាននាំគ្នាប្រសិទ្ធនាមថា «វត្តស្រះ៣យ៉ង់គ្រប់ៗគ្នា។
តែភ័ព្វសំណាងមិនល្អ ព្រះសង្ឃដែល គង់នៅក្នុងវត្ត និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត តែងតែកើតជំងឺអាសន្នរោគ ជំងឺឆ្លងផ្សេងៗជាហូរហែ ក៏បានមូលមតិ គ្នាផ្លាស់ប្ដូរទីកន្លែងវត្តស្រះតាយ៉ង់ ពីភូមិបុស្សគគីរ មកតាំងនៅកន្លែងថ្មី ស្ថិតនៅភូមិត្រពាំងបុស្ស (ទីតាំងវត្ថុអណ្តូងពោធិ៍បច្ចុប្បន្ន) និងបានផ្លាស់ប្ដូរឈ្មោះ «វត្តស្រះតាយ៉ង់» មកជាវត្តអណ្តូងពោធិ៍» ដោយយកតាមឈ្មោះឃុំ ដែលរាជការបង្កើតឡើង ក្រោយមកក៏មានឈ្មោះ “វត្តអណ្តូងពោធិ៍» រហូតមកដល់បច្ចុប្បន្ន។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា សមិទ្ធផលដែលដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងថ្ងៃនេះគឺជាទឹកចិត្តសទ្ធាជ្រះថ្លារបស់ លោក មាស សារិន និងលោកស្រីសុខ ផល្លី, លោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកស្រី លោក ម៉ែន វិបុល និងលោកស្រី លោក ព្រាប គារ៉ាត់ និងក្រុមការងារដែលបានចំណាយថវិកាសាងសង់អស់ជាង ៦៣០លានរៀល ។
សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា វិស័យព្រះពុទ្ធសាសនាបានចូលរួមចំណែកនិងដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទឱ្យបានយល់ដឹងនូវអំពើល្អនិងអំពើអាក្រក់ជៀសវាងបាននូវការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម និងបានចូលរួមអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំថែរក្សាការពារឱ្យបាននូវសុខសនិ្តភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងក្នុងផ្នែកអាណាចក្រ និងពុទ្ធចក្រ ។
ជាក់ស្តែង សុខសន្តិភាពដែលប្រជាពលរដ្ឋទទួលបានមកដល់សព្វថ្ងៃនេះ ពិតជាមានតម្លៃដែលមិនអាចកាត់ថ្លៃបាននោះទេ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានឆន្ទៈការប្តេជ្ញាចិត្តខ្ពស់ ថែរក្សាការពារបុព្វហេតុរួម គឺការកសាង ការពារ និងអភិវឌ្ឍប្រទេស ដោយនាំមកនូវអនាគតដ៏ត្រចះត្រចង់ជូនប្រជាពលរដ្ឋ។
សម្តេចកិត្តិសង្គហបណ្ឌិតបានអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះទាំងអស់គ្នា ដើម្បីធានានូវសុខសន្តិភាព និងធានានូវការអភិវឌ្ឍ៕
ដោយ៖ សុថាន