នៅថ្ងៃទី២៧ខែមិថុនា បេក្ខភាពនាយករដ្ឋមន្ត្រីថៃដែលទើបតែជាប់ឆ្នោត លោក Pita Limjaroenrat បានប្រកាសថា លោកទទួលបានការគ្រាំទ្រគ្រប់គ្រាន់នៅក្នុងព្រឹទ្ធសភាដើម្បីក្លាយជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសថៃ។ ការលើកឡើងរបស់លោក ក្នុងពេលដែលនៅប៉ុន្មានថ្ងៃទៀតសភាថៃថ្មីនឹងត្រូវបើកសម័យប្រជុំលើកដំបូងរបស់ខ្លួន។
លោក ភីថា ដែលជាប្រធានគណបក្ស Move Forward កំពុងស្ថិតនៅលើផ្លូវមិនច្បាស់លាស់មួយ ក្នុងការឆ្ពោះទៅក្លាយជានាយករដ្ឋមន្រ្តី បើទោះបីជាគណបក្សរបស់លោកទទួលបានជ័យជម្នះដ៏ភ្ញាក់ផ្អើលមួយនៅក្នុងការបោះឆ្នោតសកលកាលពីខែឧសភាកន្លងទៅក៏ដោយ។ ក្រុមចម្រុះរបស់លោក ដែលមានគណបក្សចំនួន៨ចាប់ដៃសហការគ្នា គឺរកបានអាសនៈសរុបត្រឹមតែ៣១២អាសនៈប៉ុណ្ណោះ នៅក្នុងរដ្ឋសភា។
នៅក្រោមរដ្ឋធម្មនុញ្ញនៃប្រទេសថៃ ដើម្បីអាចក្លាយជានាយករដ្ឋមន្រ្តីបាន លោក ភីថា ត្រូវការសំឡេងឆ្នោតគាំទ្រយ៉ាងហោចណាស់ ៣៧៦សំឡេង ពីសំណាក់សមាជិករដ្ឋសភា និងព្រឹទ្ធសភារួមបញ្ចូលគ្នា។ អ្វីដែលជាឧបសគ្គសម្រាប់លោក គឺនៅឯព្រឹទ្ធសភាថៃមានសមាជិកសរុបចំនួន២៥០នាក់ដែលភាគច្រើនត្រូវបានតែងតាំងដោយអតីតរបបយោធា ដែលបានឡើងគ្រប់គ្រងអំណាចកាលពីឆ្នាំ២០១៤។
មន្ទិលសង្ស័យបានកើតមាន ជុំវិញសំណួរថា តើលោក ភីថា នឹងមានការគាំទ្រគ្រប់គ្រាន់ឬអត់ដើម្បីក្លាយជានាយករដ្ឋមន្រ្តី ដោយសារតែសំណើដ៏ចម្រូសចម្រាសមួយរបស់គណបក្សលោក ស្តីពីការចង់ធ្វើវិសោធនកម្មចំពោះច្បាប់ការពារព្រះចេស្តាព្រះមហាក្សត្រថៃ។ គណបក្ស Move Forward បាននិយាយថា ច្បាប់ដ៏តឹងរ៉ឹងខ្លាំងនេះ ភាគច្រើនត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយដើម្បីបង្រ្កាបទៅលើអ្នកដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលសព្វថ្ងៃ។
បើតាមលោក ភីថា គណបក្សរបស់លោក កំពុងស្ថិតក្នុងដំណើរការពន្យល់បកស្រាយពីគោលជំហររបស់ខ្លួនប្រាប់ទៅក្រុមសមាជិកព្រឹទ្ធសភាថៃ។ បន្ទាប់ពីបើកសម័យប្រជុំដំបូងនៅថ្ងៃទី៣ ខែកក្កដា សភាថៃត្រូវគេរំពឹងថា នឹងធ្វើការបោះឆ្នោតសម្រេចជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃទី១៣ ខែដដែល៕ ដោយធីរីណា
រូបថត: Reuters