ខេត្តកំពង់ធំ ៖ យ៉ាងហោចណាស់ក៏មាន រោងម៉ាស៊ីនកិនស្រូវធំៗចំនួន ៦ និងសហគមន៍ចំនួន ៤៦ ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានចុះកិច្ចសន្យាផលិតកម្មកសិកម្ម ដែលអនុវត្តន៍ដោយកសិករចំនួន ២ ២៣៦ គ្រួសារនៅក្នុងស្រុកទាំង៧ គ្រប់ដណ្តប់លើប្រភេទពូជស្រូវ និងទទួលទិញស្រូវចំណីចំនួន ១៧ ៦៦៣តោន។
សូមបញ្ជាក់ថា : កិច្ចសន្យាកសិកម្មដែលត្រូវចុះ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ មានចំនួន៤៦កិច្ចសន្សា ដែលអនុវត្តន៍ដោយសហគមន៍ចំនួន ៤០ និងក្រុមផលិតចំនួន ៦ រួមទាំងអនុស្សរណៈយោគយល់ចំនួន១ ជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងការធានាការទូទាត់នៅពេលប្រមូលផល ដែលកិច្ចសន្យាទាំង៤៦ នោះរួមមាន៖
១-ក្រុមហ៊ុន AMRU Rice (Cambodia) Co.,Ltd មានចំនួន ២២ កិច្ចសន្យា ស្មើនឹង ៣ ០០០ តោនស្រូវ និងបន្លែ
២- ក្រុមហ៊ុន Signatures of Asia Co.,Ltd ចំនួន ៨ កិច្ចសន្យា ស្មើនឹង ៦ ៦៩០ តោន
៣- ក្រុមហ៊ុន Kompong Thom Rice Mill 1688 ចំនួន ៤ កិច្ចសន្យា ស្មើនឹង ២ ០២០ តោន
ក្រុមហ៊ុន B.R.M Agro Co.,Ltd ចំនួន ២ កិច្ចសន្យា ស្មើនឹង ២ ៩២៨ តោន
៤-ក្រុមហ៊ុន Daily Fresh Food/ រោងម៉ាស៊ីនកិនស្រូវ ជូ ផេង ចំនួន២ កិច្ចសន្យា ស្មើនឹង ១ ១៨០ តោន
៥- រោងម៉ាស៊ីនកិនស្រូវ ងួន ហុង ចំនួន ៣ កិច្ចសន្យា ស្មើនឹង ១ ៨៤៥ តោន
៦- អនុស្សរណៈយោគយល់រវាងក្រុមហ៊ុន Signatures of Asia Co.,Ltd និងស្ថាប័នមីក្រូហិរញ្ញវត្ថុ AMK
កិច្ចសន្យាគ្រប់ដណ្តប់លើប្រភេទពូជស្រូវ និងទទួលទិញស្រូវចំណីចំនួន ១៧ ៦៦៣ តោន ដែលមានប្រភេទស្រូវដូចខាងក្រោម៖
-កិច្ចសន្យាលើការទទួលទិញស្រូវ ប្រភេទផ្ការំដួលមានចំនួន ៦ ២៣៣ តោន
-កិច្ចសន្យាលើការទទួលទិញស្រូវសែនក្រអូប មានចំនួន ២ ៨៩០ តោន
-កិច្ចសន្យាលើការទទួលទិញស្រូវប្រភេទអូអ៊ឹមមានចំនួន ១ ៨៥០ តោន
-កិច្ចសន្យាលើការទទួលទិញប្រភេទស្រូវគ្រាប់ខ្លី ចំនួន ៦ ៦៩០ តោន
-កិច្ចសន្យាលើបន្លែតាមបរិមាណជាក់ស្តែង
ឧកញ៉ា ចាន់ សុឃាំង បានលើកឡើងថា ការរីកចម្រើនវឌ្ឍនាការរបស់វិស័យស្រូវអង្ករ គឺកើតចេញពីគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយចក្ខុវិស័យច្បាស់លាស់ របស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើការជំរុញផលិតកម្ម និងការនាំចេញអង្ករ បានធ្វើឲ្យផលិតកម្មស្រូវកម្ពុជា មានអតិរេករហូតដល់ជិត ៦លានតោន ដែលផ្តល់លទ្ធភាពឲ្យកម្ពុជា អាចធ្វើការកិនកែច្នៃ និងការនាំចេញស្រូវទៅប្រទេសជិតខាង។
ជាក់ស្តែង រយៈពេល៥ខែ ដើមឆ្នាំ២០២៣ កម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួន ២៧៨ ១៨៤ តោន ដែលគិតជាទឹកប្រាក់ បានប្រមាណជាជាង ១៩១ លានដុល្លារសហរដ្ឋអាមេរិក និងនាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានចំនួន ២ ១៤២ ៤៨៣ តោន (ប្រមាណជា ១.៣៧ លានតោនអង្ករ) ដែលគិតជាទឹកប្រាក់មានចំនួនជាង ៥៤៥ លានដុល្លារសហរដ្ឋអាមេរិក។ ជារួមការនាំចេញស្រូវនិងអង្ករនេះ គឺបានចំណូលប្រមាណជាជាង ៧៣៦ លានដុល្លារសហរដ្ឋអាមេរិកចូលក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ឧកញ៉ា សុង សារ៉ន ក៏បានលើកឡើងអំពីការប្រឈម របស់វិស័យស្រូវអង្ករក្នុងការផលិត កែច្នៃនាំចេញ ជាមួយប្រទេសដែលផលិតស្រូវអង្ករដូចយើង គឺការប្រកួតប្រជែងលើថ្លៃដើម គុណភាព ចីរភាព ការច្នៃប្រឌិត និងការធ្វើពិពិធកម្មគោលដៅទីផ្សារ និងផលិតផល ដែលការងារទាំងនេះ គឺចំបាច់ត្រូវរៀបចំយុទ្ធសាស្ត្រ ផែនការសកម្មភាពដោះស្រាយ។
យុទ្ធសាស្ត្រដែលអាចដោះស្រាយ និងឆ្លើយតបមានប្រសិទ្ធភាព និងអាចទាយបានផលលឿននោះ គឺការរៀបចំនូវការធ្វើកិច្ចសន្យាកសិកម្ម ដែលជាទស្សនទានមួយមានភាពរស់ និងត្រូវបានកំណត់ជាគោលនយោបាយអាទិភាព របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានលោក ឌិត ទីណា ជារដ្ឋមន្ត្រី ក្នុងការធ្វើឲ្យកសិករបង្កើនបានប្រាក់ចំណេញ និងកាត់បន្ថយថ្លៃដើម ព្រមទាំងការអនុវត្តស្តង់ដារ ផលិតកម្មត្រឹមត្រូវដែលអាចកាត់បន្ថយ នូវការប្រើប្រាស់ធាតុចូលគីមីកសិកម្ម តាមរយៈការធ្វើកិច្ចសន្យាកសិកម្ម ដោយជួយឲ្យកសិករទទួលបាននូវពូជស្រូវសុទ្ធល្អ ការធ្វើពិពិធកម្មពូជដែលឆ្លើយតប ទៅនឹងតម្រូវការទីផ្សារជាក់ស្តែង និងការធានាបាននូវតម្លៃស្រូវសម្រាប់ប្រជាកសិករ។
យុទ្ធសាស្ត្រដែលអាចដោះស្រាយ និងឆ្លើយតបមានប្រសិទ្ធភាព និងអាចទាយបានផលលឿននោះ គឺការរៀបចំនូវការធ្វើកិច្ចសន្យាកសិកម្ម ដែលជាទស្សនទានមួយមានភាពរស់ និងត្រូវបានកំណត់ជាគោលនយោបាយអាទិភាព របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានលោក ឌិត ទីណា ជារដ្ឋមន្ត្រី ក្នុងការធ្វើឲ្យកសិករបង្កើនបានប្រាក់ចំណេញ និងកាត់បន្ថយថ្លៃដើម ព្រមទាំងការអនុវត្តស្តង់ដារ ផលិតកម្មត្រឹមត្រូវដែលអាចកាត់បន្ថយ នូវការប្រើប្រាស់ធាតុចូលគីមីកសិកម្ម តាមរយៈការធ្វើកិច្ចសន្យាកសិកម្ម ដោយជួយឲ្យកសិករទទួលបាននូវពូជស្រូវសុទ្ធល្អ ការធ្វើពិពិធកម្មពូជដែលឆ្លើយតប ទៅនឹងតម្រូវការទីផ្សារជាក់ស្តែង និងការធានាបាននូវតម្លៃស្រូវសម្រាប់ប្រជាកសិករ។
លោកបណ្ឌិត កៅ ថាច ក៏បានសម្តែងនូវមោទនភាពយ៉ាងខ្លាំងដែលអង្ករកម្ពុជា បានឈ្នះជ័យលាភីជា «អង្ករល្អដាច់គេ» របស់ពីភពលោកប្រចាំឆ្នាំ២០២២ ក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងក្នុងខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកក៏បានលើកឡើងអំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋភិបាល ដោយបានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យស្រូវ-អង្ករ ដោយបានដាក់ចេញនូវវិធានការអន្តរាគមន៍ ជាពិសេសតាមរយៈការផ្តល់ ហិរញ្ញប្បទានពិសេសជាទុនវិនិយោគ និងជាទុនបង្វិលតាមអត្រាការប្រាក់ និងលក្ខខណ្ឌសម្បទាន ហើយបានដោះស្រាយបញ្ហាប្រឈមខ្លះ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ឃ្លាំង និងឡសម្ងួត និងបញ្ហាកង្វះទុនបង្វិលសម្រាប់ប្រមូលទិញស្រូវ ជាជាបន្តបន្ទាប់នាពេលកន្លងមក ដែលបានអនុវត្តន៍ដោយធនាគារ ARDB ចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ពេលបច្ចុប្បន្ន និងជាបន្តទៀត។
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បានធ្វើរបាយការណ៍អំពីវឌ្ឍនភាពរបស់ខេត្តកំពង់ធំ ដែលជាខេត្តមួយសំខាន់ក្នុងការផលិតស្រូវ ហើយបើគិតទាំងស្រូវប្រាំង និងវស្សាមានផ្ទៃដីចំនួនជាង២៩ម៉ឺនហិកតា ដែលអាចផលិតបានស្រូវចំនួនជាង ៨០ម៉ឺនតោន និងមានអតិរេកស្រូវចំនួនជាង ៥០ម៉ឺនតោនក្នុងមួយឆ្នាំ។
លោក ឌិត ទីណា ក៏បានផ្តល់ការសំណេះសំណាល នៅក្នុងពិធីដោយផ្តល់នូវអនុសាសន៍ ឲ្យសហគមន៍ត្រូវប្រើប្រាស់នូវពូជសុទ្ធ ការអនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវ និងបង្ហាញអំពីបំណង នៃការរៀបចំប្រព័ន្ធកសិកម្មថ្មី ដែលជួយកសាងសហគមន៍ឲ្យរឹងមាំ តាមរយៈការដាក់គោលនយោបាយមន្ត្រីបច្ចេកទេសកសិកម្មតាមឃុំ និងការគិតគូរលើការជួយសហគមន៍ ឲ្យរឹងមាំ គឺត្រូវធ្វើការរួមគ្នាប្រកបដោយតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវរបស់សហគមន៍។
សូមបញ្ជាក់ថា : លោករដ្ឋមន្ដ្រី ឌិត ទីណា ចុះពិនិត្យសក្តានុពលសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ ។
៊នៅរសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៣ ដដែលនោះលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណប្រតិភូចុះធ្វើទស្សនកិច្ចស្វែងយល់ពីសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ក្នុងខេត្តកំពង់ធំ ដែលកំពុងគ្រោងពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីដល់៥ពាន់តោននៅឆ្នាំក្រោយ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយតំណាងសិប្បកម្ម បុគ្គលិក និងកម្មករដែលកំពុងបម្រើការងារនៅទីនោះប្រមាណ៥០រូប ព្រមទាំងពិនិត្យមើលខ្សែច្រវាក់កែច្នៃគ្រាប់ស្វាយចន្ទីរបស់សិប្បកម្មចាប់ពីដំណាក់កាលស្ងោរ បកសម្បក សម្អាត និងវិចខ្ចប់។ ខ្សែច្រវាក់ផលិតនេះ បានផ្លាស់ប្តូរពីឧបករណ៍ពាក់កណ្តាលស្វ័យប្រវត្តិខ្នាតតូច ទៅជាម៉ាស៊ីនស្វ័យប្រវត្តិខ្នាតធំ ដែលមានសមត្ថភាពកែច្នៃកាន់តែធំ និងឆាប់រហ័ស។
យ៉ាងនេះក្តី ទន្ទឹមនឹងការដាក់ចេញផែនការបង្កើនការប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ពីប្រជាសហគមន៍ឱ្យបានដល់ ៥ ០០០តោន នៅឆ្នាំ២០២៤ ដើម្បីកែច្នៃ និងចែកចាយលក់លើទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ម្ចាស់សិប្បកម្មកំពុងត្រៀមរៀបចំពង្រីករោងសិប្បកម្មដែលមានសមត្ថភាពកែច្នៃកាន់តែខ្ពស់បន្ថែមទៀត នៅឆ្នាំ២០២៣នេះ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុនដៃគូ។
ពាក់ព័ន្ធនឹងកិច្ចការនេះ លោករដ្ឋមន្រ្តី ណែនាំឱ្យម្ចាស់សិប្បកម្មរិះរកមធ្យោបាយបង្កើនតម្លៃទីផ្សារគ្រាប់ស្វាយចន្ទីដែលខូចខាតទ្រង់ទ្រាយ បន្ទាប់ពីឆ្លងកាត់ម៉ាស៊ីនបក ដែលមានប្រមាណ២០ភាគរយ និងកែខៃម៉ាស៊ីន ឬសាកល្បងប្រើប្រាស់ឧបករណ៍បកណា ដែលអាចកាត់បន្ថយអត្រាខូចនេះ ឱ្យមានកម្រិតមួយទាប ដើម្បីបង្កើនប្រាក់ចំណេញបន្ថែមទៀត។
បន្ថែមពីលើនេះ លោក ឌិត ទីណា ក៏បានពិនិត្យឃើញថា ម្ចាស់សិប្បកម្មក៏បានទទួលបានផលចំណេញមួយផ្នែកពីគោលនយោបាយបញ្ចុះថ្លៃអគ្គិសនីសម្រាប់របរកសិកម្មពី ៧៥០រៀល ក្នុង១គីឡូវ៉ាត់ មកនៅត្រឹមតម្លៃ ៤៨០រៀលក្នុង១គីឡូវ៉ាត់ សម្រាប់ការប្រើប្រាស់ពេលយប់។ ទន្ទឹមគ្នានោះដែរ ឯកឧត្តមក៏បានណែនាំឱ្យមន្រ្តីជំនាញសិក្សាពីការលទ្ធភាពបង្កើតសហគមន៍កសិកម្មដំណាំស្វាយចន្ទី ក៏ដូចជាដំណាំម្រេច និងស្រូវ ដោយការគៀគរទុនវិនិយោគ ការចងក្រងសហគមន៍ផលិត និងស្វែងរកទីផ្សារលក់ផលិតផលដំណាំសក្តានុពលរបស់ប្រទេសកម្ពុជា ទាំងនេះផងដែរ។
គួររំឭកផងដែរថា រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកដើម្បីបម្រើដល់ការនាំចេញទៅក្រៅប្រទេស ដោយសម្ដេចគូសបញ្ជាក់ថា កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីច្រើនជាងគេបំផុតក្នុងពិភពលោក ជាមួយចំនួន១លាន១សែន៨ម៉ឺនតោនក្នុងឆ្នាំ២០២១ ដោយនាំមុខប្រទេសកូតឌឺវ័រ ដែលផលិតបាន១លាន១សែនតោន និងប្រទេសឥណ្ឌាផលិតបានន៨សែនតោន៕
ដោយ : សិលា