ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់មានមនុស្ស២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង១នាក់ទៀតរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកែច្នៃ(បុកស័រ) បុកជាមួយម៉ូតូចំនួន ៣គ្រឿងយ៉ាងពេញទំហឹង។
ករណីខាងលើនេះកើតឡើងវេលាម៉ោងប្រមាណ១៩ និង១៥នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិជរ ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
សាក្សីនៅនោះឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តកែច្នៃ(បុកស័រ) ១គ្រឿង និងម៉ូតូ៣គ្រឿងផ្សេងទៀត ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ស្រាប់តែមកដល់ចំណុចកើតហេតុ ទំនងអ្នកបើកបររថយន្តកែច្នៃងងុយដេក បានរេចង្កូតបុករះអ្នកបើកបរម៉ូតូទាំងបីគ្រឿងនោះពេញទំហឹងតែម្តង បណ្ដាលឲ្យមានអ្នករបួស និងស្លាប់នៅកន្លែង។ ឃើញដូចនោះតៃកុងរថយន្តកែច្នៃ បានបើកទ្វារ រត់គេចខ្លួនបាត់ស្រមោល។
ប្រភពពីសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា
– ជនរងគ្រោះទី១/ទទួលរងរបស់ធ្ងន់ មានឈ្មោះ សុក តុត ភេទស្រី អាយុ៤៥ឆ្នាំ(អ្នកបើកបរម៉ូតូ) រស់នៅភូមិ/ឃុំ កើតហេតុខាងលើ បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ។
-ជនរងគ្រោះទី២/ដែលបានស្លាប់នោះមានឈ្មោះ សែន ញ៉ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាអ្នកបើកបរម៉ូតូ ម៉ាកវ៉េវពណ៌ក្រហម គ្មានស្លាកលេខបើកបរ ពីលិចទៅកើត ពុំមានពាក់មួកសុវត្ថិភាពនិងជនរងគ្រោះទី៣/តែបានស្លាប់ដែរនោះមានឈ្មោះឡាំ លម ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិចារពៅ ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ប្រភពដដែលបន្តទៀតថា ចំណែកអ្នកបើកបររថយន្តកែច្នៃ(បុកស័រ) បានរត់គេចខ្លួនបាត់ស្រមោល ពុំទាន់ស្គាល់អត្តសញ្ញាណ ខណៈនេះសមត្ថកិច្ច កំពុងតែ ស្រាវជ្រាវដើម្បីចំណាត់ការតាមនិតិវិធី។ ចំពោះសាកសព ត្រូវបានប្រគល់ឲ្យសាច់ញាតិជនរងគ្រោះ ធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕ដោយ៖សុរិយា