ខេត្តរតនគិរី៖ កម្មករសុីឈ្នួលធ្វើចម្ការក្រុមហ៊ុនថាកូបានស្លាប់បន្តបន្ទាប់គ្នានៅពេលបញ្ជូនមកព្យាបាលនៅមណ្ឌលសុខភាពស្រុកកូនមុំសង្ស័យពុលស្រានិងចំណីអាហារដែលលក់នៅក្នុងក្រុមហ៊ុននោះ។
ប្រភពពីកងរាជអាវុធហត្ថស្រុកកូនមុំថាកម្មករដែលមានអាការៈធ្ងន់ធ្ងររហូតដល់ស្លាប់នោះចាប់ពីថ្ងែទី១៦ខែមិថុនាឆ្នាំ២០២៣មករហូតដល់ថ្ងៃទី២៧ខែមិថុនាមានមនុស្សស្លាប់ចំនួន៦នាក់ហើយ។
ប្រភពបន្តថា មនុស្សដែលស្លាប់នោះជាកម្មករមកពីក្រុមហ៊ុនថាកូស្ថិតនៅក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី
សរុបមានចំនួន០៦នាក់ហើយ។ទី១-ឈ្មោះសុខ មេសា ភេទប្រុស អាយុ៦០ឆ្នាំ ស្លាប់នៅថ្ងៃទី១៦ខែមិថុនានៅមណ្ឌលសុខភាព។ ទី២-ឈ្មោះផលផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ ស្លាប់ថ្ងៃទី១៨ខែមិថុនានៅមណ្ឌលសុខភាព។
ទី៣-ឈ្មោះចាន់ ស៊ីនីត ភេទប្រុស អាយុ២៤ឆ្នាំ ស្លាប់នៅថ្ងៃទី១៩ខែមិថុនា
នៅមន្ទីរពេទ្យខេត្ត។ ទី៤-ឈ្មោះគា ណាត ភេទប្រុស អាយុ៣២ឆ្នាំ ស្លាប់នៅថ្ងៃទី២២ខែមិថុនា តាមផ្លូវពេលបញ្ជូនចេញពីមណ្ឌលសុខភាព។ ទី៥-ឈ្មោះថុង ផល ភេទប្រុស អាយុ៤០ឆ្នាំ ស្លាប់នៅថ្ងៃទី២៦ខែមិថុនា នៅមណ្ឌលសុខភាព។
ទី៦-ឈ្មោះតា ថា ភេទប្រុស អាយុ៦០ឆ្នាំ ស្លាប់នៅថ្ងៃទី២៦ខខែមិថុនា នៅក្នុងការដ្ឋានក្រុមហ៊ុនថាកូ។
តាមការសាកសួរព័ត៌មានពីមន្រ្តីមណ្ឌលសុខភាពថា អ្នកជំងឺដែលមកទទួលសេវាទាំងនោះគឺមានសភាពធ្ងន់ធ្ងរដូចជាសន្លប់ ប្រកាច់ សញ្ញាជីវិតខ្សោយជួនកាលស្ទើរគ្មានសញ្ញាជីវិត ។
តាមការសាកសួរប្រវត្តិអ្នកជំងឺមានរោគសញ្ញាចុកពោះ ក្អួត ហត់ អស់កម្លាំង ស្រវាំងភ្នែក ភាគច្រើនពួកគាត់បានទទួលទានស្រាជាប្រចាំ ហើយគឺគ្មានប្រវត្តិជំងឺប្រចាំកាយទេ ជាទូទៅមុនពេលចេញរោគសញ្ញាអ្នកជំងឺមានសុខភាពធម្មតា ក្រោយចេញរោគសញ្ញាចន្លោះពី៤ទៅ៦ម៉ោងបានបណ្តាលឱ្យអ្នកជំងឺស្លាប់តែម្តង។
តាមការសន្និដ្ឋានបឋមអាចបណ្តាលមកពីការពុលចំណីអាហារឬពុលសារធាតុគីមី។
លោកសេក ហៃ អភិបាលស្រុកកូនមុំបានឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៨ ខែមិថូនាឆ្នាំ២០២៣នេះថា កម្មករទាំងនោះដែលស្លាប់អាចបណ្តាលមកពីពុលថ្នាំបាញ់ស្មៅ ព្រោះមុនពេលកើតហេតុអ្នកទាំងនោះបាញ់ថ្នាំស្មៅហើយពេលរួចរាល់ពីការងារពួកគេសម្រាកនាំគ្នាផឹកស្រាដែលស្ថិតក្នងអាការៈអស់កម្លាំងហេវហត់ផងនិងមានសារធាតុពុលចំហាយថ្នាំបាញ់ស្មៅនោះនៅក្នុងខ្លួនផងទើបបណ្តាលឱ្យមានអាការៈធ្ងន់ធ្ងររហូតដល់ស្លាប់បែបនេះ ហើយលោកក៏បានចាត់កម្លាំងជំនាញចុះពិនិត្យនិងកំពុងស្រាវជ្រាវឱ្យបានដឹងច្បាស់អំពីមូលហេតុ។
ប្រជាពលរដ្ឋនៅទីនោះនិយាយថា អាចពុលស្រាដបនិងចំណីអាហារដែលមានស្តង់លក់នៅក្នុងក្រុមហ៊ុននោះមិនមានស្តង់ដារត្រឹមត្រូវហួសដឺឡេហើយក៏បានសំណូមពរដល់អាជ្ញាធរឬមន្រ្តីជំនាញមេត្តាចុះពិនិត្យទំនិញក្នុងស្តង់នោះផងភាគច្រើននាំចូលពីប្រទេសវៀតណាមមិនមានការត្រួតពិនិត្យច្បាស់លាស់៕ ដោយ ជីវ័ន្ត