សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា កងទ័ពជើងទឹកនៃប្រទេសឥណ្ឌា បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា នាវាចម្បាំងរបស់ខ្លួន១គ្រឿង ត្រូវបានបញ្ជូនឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីជាអំណោយ ខណៈដែលវាគឺជានាវាចម្បាំងដំបូងបំផុតដែលឥណ្ឌាបានផ្តល់ឱ្យប្រទេសដទៃ។
ឥណ្ឌានិងវៀតណាមបានងាកមកផ្តោតលើការពង្រឹងចំណងទាក់ទងរវាងគ្នាក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសពាក់ព័ន្ធវិស័យការពារជាតិ ស្របពេលដែលប្រទេសទាំងពីរសុទ្ធតែមានក្តីបារម្ភដូចគ្នាជុំវិញការកើនឡើងឥទ្ធិពលរបស់ចិន។ កងទ័ពជើងទឹកឥណ្ឌា បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ការផ្តល់នាវាចម្បាំង INS Kirpan ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញារបស់ឥណ្ឌាដើម្បីជួយដល់បណ្តាដៃគូដែលមានចិត្តគំនិតដូចគ្នា ពង្រឹងសមត្ថភាពយោធារបស់ពួកគេ។ នេះជាឱកាសដំបូងបង្អស់នៃការផ្តល់អំណោយជានាវាចម្បាំងដែលនៅមានសមត្ថភាពធ្វើប្រតិបត្តិការពេញលេញពីសំណាក់ឥណ្ឌា ទៅកាន់ប្រទេសដទៃដែលជាមិត្ត»។
ទីក្រុងញូវដេលី បានប្រកាសពីគម្រោងផ្តល់អំណោយនាវាចម្បាំងដល់វៀតណាមនៅពេលដែលរដ្ឋមន្រ្តីការពារជាតិវៀតណាម លោក ហ្វាន់ វ៉ាន់ហ្សាង (Phan Van Giang) បានមកបំពេញទស្សនកិច្ចកាលពីពេលកន្លងទៅក្នុងខែមិថុនានេះ។ កងទ័ពជើងទឹកឥណ្ឌាបានចាប់ផ្តើមប្រើប្រាស់ នាវាចម្បាំង Kirpan តាំងតែពីឆ្នាំ១៩៩១មក ហើយវាត្រូវបានរចនានិងផលិតនៅក្នុងប្រទេសឥណ្ឌាផ្ទាល់។ នាវាចម្បាំងនេះមានបំពាក់នូវកាំភ្លើងយន្តរយៈចម្ងាយខ្លី ហើយនិងរយៈចម្ងាយមធ្យម រួមជាមួយមីស៉ីលសម្រាប់បាញ់ទៅរកគោលដៅលើផ្ទៃដីឬផ្ទៃទឹក ប៉ុន្តែពុំមានការបញ្ជាក់ច្បាស់ថា ការប្រគល់ឱ្យវៀតណាមមានភ្ជាប់មីស៉ីលទៅជាមួយវាដែរឬក៏អត់នោះទេ។
ពីមុនមក ឥណ្ឌាធ្លាប់់បានផ្តល់នាវាល្បាតខ្នាតតូចៗ ហើយនិងសម្ភារយោធាឱ្យទៅប្រទេសផ្សេងៗ ដូចជាម៉ាល់ឌីវ (Maldives) និងម៉ូរីស (Mauritius) ជាដើម ព្រមទាំងនាវាមុជទឹកមួយគ្រឿងឱ្យទៅមីយ៉ាន់ម៉ា៕ ដោយធីរីណា
រូបថត: Indian navy