ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជានឹងប្រារព្ធពិធីមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយមានអ្នកចូលរួមជាង៧ម៉ឺននាក់ ដែលជាចំនួនដ៏ច្រើន របស់គណបក្សកាន់អំណាចមួយនេះ ។
ក្រោយចប់ពិធីមីទ្ទិញ សមាជិក និងសមាជិកានៃគណបក្សប្រជាជនកម្ពុជារាប់ម៉ឺននាក់នឹង ដង្ហែក្បួនឃោសនាគោលនយោបាយដើម្បីរកសំឡេងឆ្នោតពីប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវក្នុងរាជធានីភ្នំពេញ។ ទន្ទឹមនេះក៏នឹងមានក្បួនឃោសនាដង្ហែនៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។
ក្បួនឃោសនានឹងចាប់ផ្តើមដង្ហែចេញពីកោះពេជ្រឆ្ពោះទៅតាមបណ្តាវិថីផ្សេងៗក្នុងរាជធានីភ្នំពេញ ហើយនៅពេលរសៀលគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌទាំង១៤ នឹងធ្វើការហែក្បួន ឃោសនាក្នុងមូលដ្ឋានខណ្ឌរៀងៗខ្លួន។
ជាមួយគ្នានេះដែរគណបក្សនយោបាយផ្សេងៗទៀតក៏នឹងដង្ហែក្បួនឃោសនាគោលនយោបាយរបស់ខ្លួនដើម្បីទាក់ទាញសន្លឹកឆ្នោតពីពលរដ្ឋផងដែរ ដែលការឃោសនានេះនឹងបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។