ខេត្តបន្ទាយមានជ័យៈសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោយពីឃាត់ខ្លួនតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនិតិវិធីពីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឲ្យដឹងថា៖ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ថា នៅចំណុចខ្ទមមាត់អូរព្រំដែន ស្ថិតក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ មានករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ភ្លាមនោះ លោកបានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការដល់កន្លែងនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ សុង ភារុន ហៅ កេះ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសំអាងការ បច្ចុប្បន្ន រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ , ២-ឈ្មោះ ឈឹម សាវឿន ហៅប៊ី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ន រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។ក្នុងកិច្ចប្រតិបត្តិការនេះដកហូតវត្ថុតាងរួមមាន៖គ្រឿងញៀនប្រភេទម្សៅក្រាម ពណ៌សថ្លា (ទឹកកក) ចំនួន០៥កូនថង់កិប ទម្ងន់១៧,៣២ក្រាម, ថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿងចំនួន០១កូនថង់កិប និង០១បំពង់ទុយោ ស្មើនឹង៣៦គ្រាប់ ទម្ងន់៤,៥៣ក្រាម, ទូរស័ព្ទដៃចំនួន០២គ្រឿង, កូនកាបូបពណ៌ខ្មៅចំនួន០១, កូនថង់សម្រាប់ច្រកគ្រឿងញៀន រួមនឹងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ សុង ភារុន បានឆ្លើយថារូបគេបានទិញគ្រឿងញៀនពីឈ្មោះ ស្រឹម ធី ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ចំពោះថ្នាំញៀនគ្រាប់រាងមូលពណ៌ក្រហមក្បឿង ចំនួន ២៦គ្រាប់ នៅក្នុងកូនកាបូបពណ៌ខ្មៅនោះមិនមែនជារបស់ខ្លួនទេ គឺជារបស់ ឈ្មោះ រ៉ា ភេទប្រុស ដែលរត់គេចខ្លួនបាត់។ បន្ទាប់មកកម្លាំងបានបន្តចុះប្រតិបត្តិការស្រាវជ្រាវ និងឆែកឆេរផ្ទះរបស់ជនសង្ស័យឈ្មោះ ស្រឹម ធី (រត់គេចខ្លួន) ជាលទ្ធផលឆែករកឃើញគ្រឿងញៀនម្សៅក្រាមចំនួន០១កូនថង់កិប ទម្ងន់ ០,៤៧ក្រាម, និងកូនថង់សម្រាប់ច្រកគ្រឿងញៀននិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ចំណែកឈ្មោះ ឈឹម សាវឿន ហៅប៊ី គ្រាន់តែប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ មកបញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្តដើម្បីបន្តនីតិវិធី ចំណែកជនសង្ស័យឈ្មោះ រ៉ា និងឈ្មោះ ស្រឹម ធី ភេទស្រី ដែលជាម្ចាស់ផ្ទះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រាវជ្រាវបន្ត ៕វណ្ណា