រថយន្តកូរ៉ូឡាបើកបុកអ្នកជិះម៉ូតូបណ្តាលឱ្យធ្លាក់ចិញ្ចើមផ្លូវហើយកិនលើជនរងគ្រោះបណ្តាលឱ្យស្លាប់នៅនឹងកន្លែងក្នុងស្រុកអូរជ្រៅ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ រថយន្តកូរូ៉ឡាមួយគ្រឿងបានបើកបុកអ្នកជិះម៉ូតូធ្វើឱ្យធ្លាក់ផ្លូវ ហើយបានទៅកិនលើជនរងគ្រោះបណ្តាលឱ្យស្លាប់នៅថ្ងៃទី០២ ខែកក្កដា​ឆ្នាំ២០២៣ស្ថិតនៅភូមិរ៉ាសូភី ឃុំកូប ស្រុកអូរជ្រៅ ។

   សមត្ថកិច្ចប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងដោយរថយន្តម៉ាកកូរូ៉ឡា សេ៊រីចាស់ បើកបរដោយស្រ្តីចំណាស់ម្នាក់ក្នុងសម្លៀកបំពាក់អាវស សំពត់ខ្មៅនិងមានចានស្រាក់ទំនងមកពីវត្តបានបើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនធ្វើឱ្យជ្រុលទៅបុកអ្នកជិះម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខបន្ទាយមានជ័យ1U-8026 ដែលបើកបរដោយបុរសម្នាក់អាយុជាង៤០ឆ្នាំ បណ្តាលឱ្យធ្លាក់ផ្លូវខាងឆ្វេង ហើយរថយន្តក៏រេចង្កូតទៅកិនពីលើម៉ូតូនិងជនរងគ្រោះជាប់ក្រោមរថយន្តស្លាប់នៅនឹងកន្លែងកើតហេតុ ហើយអ្នកបើកបរគេចខ្លួនបាត់ បន្សល់រថយន្តនៅកន្លែងកើតហេតុ។

    ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញពលរដ្ឋជិតខាងបាននាំគ្នារត់ជួយលើករថយន្តទាញជនរងគ្រោះចេញពីក្រោយរថយន្ត តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

    គ្រានោះគេឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅបានមកដល់ពិនិត្យវាស់វែងដោយបានប្រាប់ថា៖ មូលហេតុគ្រោះចរាចរណ៍នេះកើតឡើងដោយរថយន្តម៉ាកកូរូ៉ឡាបានបើកបរបុកនិងកិនទៅលើជនរងគ្រោះបណ្តាលឱ្យស្លាប់នៅនឹងកន្លែងហើយត្រូវបានប្រជាពលរដ្ឋគាស់យកសពជនរងគ្រោះចេញ។ ក្រោយពីសមត្ថកិច្ចពិនិត្យរួចរាល់បានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

    ដោយឡែករថយន្តបង្កនិងម៉ូតូបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីដោះស្រាយគ្នាតាមច្បាប់៕ ដោយវណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print